បច្ចេកវិទ្យា​នាពេល​អនាគត​នឹង​ផ្លាស់ប្ដូរ​មុខងារ​របស់​មនុស្ស​ និពន្ធដោយ : VOA       June-08-2016, 7:59 am         144

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បច្ចេកវិទ្យា​នាពេល​អនាគត​នឹង​ផ្លាស់ប្ដូរ​មុខងារ​របស់​មនុស្ស​​វ៉ាស៊ីនតោន​៖ លោក Daniel និង​លោក Richard Susskind បាន​សរសេរ​នៅក្នុង​សៀវភៅ​ថ្មី​របស់​ពួកគេ​ដែលមាន​ចំណងជើង​ថា «​ការងារ​នាពេល​អនាគត​» យ៉ាង​ដូច្នេះ​ថា «​នាពេល​អនាគត ម៉ាស៊ីន​នឹង​បញ្ជា​គ្រប់យ៉ាង ដូចជា​ប្រព័ន្ធ​កុំព្យូទ័រ​ដែលមាន​សមត្ថ​ភាព​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​មិន​ត្រូវការ​មនុស្ស​ជាដើម​»​។
អ្នកនិពន្ធ​ទាំង​២​បាន​លើកឡើងថា បច្ចេកវិទ្យា​នឹង​ជំនួស​ការងារ​ជាច្រើន និង​កែប្រែ​មធ្យោបាយ​ក្នុងការ​ទទួលយក​និង​ផ្ទេរ​ចំណេះដឹង​ផងដែរ​។ នៅក្នុង​បទ​សន្ទនា​មួយ​ជាមួយនឹង​អ្នកនិពន្ធ​សៀវភៅ​ទាំង​២​រូបនេះ លោក Jela de Franceschi នៃ VOA បាន​ពិនិត្យមើល​លម្អិត​ទៅលើ​ការអះអាង​របស់​ពួកគេ​នៅក្នុង​សៀវភៅ​នោះ ដែល​បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ពី​ប្រទេស​អង់គ្លេស​និង​សហរដ្ឋអាមេរិក​។

Richard និង Daniel Susskind ថា ការពិត​ដែលថា ចុងឆ្នាំ​២០១៥ មនុស្ស​៣​ពាន់​លាន​នាក់​មាន​អ៊ីនធឺណិត​ប្រើប្រាស់ និង​ត្រឹម​ចុងឆ្នាំ​២០១៨ មនុស្ស​៣​ពាន់​លាន​នាក់​ទៀត​អាច​នឹង​ទាក់ទង​គ្នា​បាន គឺជា​ភស្តុតាង​បង្ហាញថា ការផ្លាស់ប្ដូរ​ពិភពលោក បច្ចេកវិទ្យា និង​សង្គម​ដ៏​ខ្លាំងក្លា​កំពុងតែ​មកដល់​។​

​ខណៈដែល​គេ​ដឹង​រួចហើយ​ថា​ការទាក់ទង​គ្នា​មានការ​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​ក្ដី​ក៏​ល្បឿន​នៃ​ការច្នៃប្រឌិត​ដ៏​អស្ចារ្យ​ជំរុញ​ឲ្យ​មាន​សង្គម​មួយ​ដែល​ធ្វើ​អ្វីៗ​ដោយ​ខ្លួនឯង​នោះ ការងារ​សព្វថ្ងៃ​លែងមានទៀតហើយ​។​

​លោក Daniel Susskind បាន​ពន្យល់ថា​៖ «​វា​ជា​អ្វីដែល​យើង​ហៅថា​ជា​ប្រព័ន្ធ​និង​ម៉ាស៊ីន​ដែល​កាន់​តែមាន​សមត្ថភាព ដែល​មិនមែនជា​មនុស្ស​ទៀត​ទេ នឹងធ្វើ​ការងារ​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ដូចជា វេជ្ជបណ្ឌិត មេធាវី និង​គ្រូបង្រៀន​ជាដើម​។​»

​មនុស្ស​ច្រើន​ទៀត​ចុះឈ្មោះ​រៀន​វគ្គ​សិក្សា​តាម​អ៊ីនធឺណិត​របស់ Harvard ក្នុង​មួយឆ្នាំ​ច្រើនជាង​រៀន​នៅ​សាកលវិទ្យាល័យ​ផ្ទាល់ តាំងពី​៣៧៧​ឆ្នាំមុន​ម្ល៉េះ​។ នៅ​អាមេរិក មាន​ចំនួន​ចូល​មើល WebMD ជា​រៀងរាល់ខែ ច្រើនជាង​អ្នក​ទៅ​ជួប​ពេទ្យ​ដោយផ្ទាល់​។ នៅ​អាមេរិក ជម្លោះ​ផ្នែក​ជំនួញ​ក្នុងចំណោម​អ្នកលក់ដូរ​លើ eBay អាច​ដោះស្រាយបាន​លើ​អ៊ីនធឺណិត​ច្រើនជាង​តាម​ការ​ប្តឹងផ្តល់​៣​ដង​។ ឆ្នាំ​២០១៥ អ្នក​បង់ពន្ធ​អាមេរិកាំង​ជាង​៥០​លាន​នាក់​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ខ្លួនឯង​។​

Richard Susskind ថា នេះ​ជា​គុណសម្បត្តិ​របស់​កុំព្យូទ័រ​ដែល​អាច​វិភាគ​គំរូ​ដែល​លាក់បាំង លាតត្រដាង​របាំង និង​ព្យាករណ៍​និន្នាការ​បាន​។​

​លោក​បន្តថា​៖ «​នៅ​អាមេរិក មាន​ប្រព័ន្ធ​មួយ​ដែល​អាច​ព្យាករណ៍​លទ្ធផល​នៃ​ជម្លោះ​ជាក់ស្ដែង​បាន​សុក្រឹត​ជាង​មនុស្ស​ទៅទៀត​។ ប៉ុន្តែ​ប្រព័ន្ធ​នេះ​មិនចេះ​ច្បាប់​ទាល់តែសោះ​។ អ្វីដែល​វា​មាន​គឺ​ព័ត៌មាន​អំពី​ករណី​ចំនួន​១​សែន​កាលពីមុន ដូចជា នរណា​ជា​ចៅក្រម នរណា​ជា​ភាគី​ដើមចោទ​និង​ចុងចោទ នរណា​ជា​មេធាវី អង្គហេតុ និង​សារៈសំខាន់​នៃ​ជម្លោះ​នេះ​។​»

Susskind ថា ភាព​ឆ្លាត​វៃ​សិប្បនិម្មិត​មិន​ដូច​ចិត្ត​មនុស្ស​ទេ​។ លោក​ថា​៖ «​អ្វីដែល​យើង​កំពុង​ឃើញ​គឺជា​ប្រព័ន្ធ​ថ្មី​មួយ​ដែល​ដំណើរការ​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង ប៉ុន្តែ​មិនមែន​ធ្វើតាម​វិធី​ដែល​អ្នកជំនាញការ​ជា​មនុស្ស​ធ្វើ​នោះទេ​។​»

​ដំបូង កម្មវិធី​លេងអុក Deep Blue អាច​យកឈ្នះ​លើ​ស្ដេច​អុក Garry Kasparov ដែល​មនុស្ស​ជាច្រើន​ចាត់ទុកថា​ស្មើនឹង​កម្រិត​ឆ្លាត​វៃ​របស់​មនុស្ស​។​

៤​ឆ្នាំ​ក្រោយមក​កម្មវិធី Watson បង្ហាញខ្លួន​ក្នុង​កម្មវិធី Jeopardy និង​បាន​យកឈ្នះ​លើ​ជើងឯក​កម្មវិធី​នេះ​២​នាក់​។​

Daniel Susskind ថា លោក​មិន​បានដឹង​ទេ ហើយ​ថ្លែង​បន្តទៀតថា​៖ «​កម្មវិធី​នោះ​មិនចេះ​បង្ហាញ​ក្តីរំភើប​ទេ​។ វា​មិនបាន​ទូរស័ព្ទ​ទៅ​មិត្ត​ភ័ក្ដិ​របស់​វា​ដើម្បី​ប្រាប់​ពី​ជ័យជំនះ​នោះទេ​។ វា​មិន​ទៅ​ផឹកស្រា​នៅ​ក្លឹង​រាត្រី​ទេ​។ វា​មិន​គិត​ដូច​មនុស្ស​យើង​ទេ ប៉ុន្តែ​វា​ពូកែ​ជាង​យើង​។​»

​អ្នកវិទ្យាសាស្ត្រ​ចង់​ផលិត​កុំព្យូទ័រ​មួយគ្រឿង​ដូច​ខួរក្បាល​មនុស្ស​។ វា​ពិសេស​ណាស់​។ វា​អាច​រៀន​និង​សម្រប​ខ្លួន​ដោយ​មិនត្រូវ​ការបញ្ចូល​កម្មវិធី​ឬ​ធ្វើ​បច្ចុប្បន្នភាព​ទេ​។ វា​មាន​អង្គ​ចងចាំ​គ្មាន​ដែន​កំណត់​ហើយ​មិន​ងាយ​គាំង​ទេ​។​

​ឪពុក​កូន Susskind ទស្សន៍ទាយ​ថា ឆាប់ៗ​នេះ​កុំព្យូទ័រ​យួរដៃ​ធម្មតា​មួយគ្រឿង នឹងមាន​ថាមពល​ដំណើរការ​ខ្លាំង​ជាង​មនុស្ស​ទាំងអស់​បូក​បញ្ចូល​គ្នា​។ សម័យ​បច្ចេកវិទ្យា​ដែល​នឹង​មកដល់​នេះ នឹង​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​ធ្វើការ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​និង​ក្នុង​វិជ្ជាជីវៈ​របស់​យើង​៕

​ប្រែ​សម្រួល​ដោយ ហុង ចិន្តា​