​ស្ត្រី​បែប​ណា ដែល​ប្រឈម​នឹង​ជំងឺ​ស្រុត​ស្បូន​ទៅ​?

​ស្ត្រី​បែប​ណា ដែល​ប្រឈម​នឹង​ជំងឺ​ស្រុត​ស្បូន​ទៅ​?

​ជំងឺ​ស្រុត​ស្បូន កើតឡើង​នៅ​ពេល​ដែល សាច់ដុំ​កម្រាល​អាង​ត្រគាក និង​សរសៃ​របស់​វា មាន​ភាពយឺត និង​ចុះខ្សោយ ដែល​ជាហេតុ​នាំ​ឲ្យ​មិន​អាច ទ្រទ្រង់​ស្បូន​របស់​អ្នក​បាន​។ បន្ទាប់មក ស្បូន​នឹង​លយ​ចេញមក​ខាងក្រៅ តាម​ទ្វារមាស​។

​ជំងឺ​នេះ​អាច​កើតឡើង លើ​ស្ត្រី​គ្រប់​វ័យ ប៉ុន្តែ ភាគច្រើន ឃើញ​កើតឡើង​ស្ត្រី ក្រោយ​រាំងរដូវ​រួច ជាពិសេស ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន តាម​ធម្មជាតិ​ម្តង ឬ​ច្រើន​ដង​។ ការចុះ​ខ្សោយ​របស់​សាច់ដុំ​កម្រាល​អាង​ត្រគាក​នេះ អាច​បណ្តាលមកពី ៖

  • ​ខូច​ជាលិកា​ទ្រទ្រង់ ក្នុងពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន​
  • ​ឥទ្ធិពល​នៃ​ទំនាញ​ផែនដី​
  • ​អស់​អ័រម៉ូន​អឺ​ស្ត្រូ​សែន​។​

​បើសិន​ជា​អ្នក មាន​អាការៈ​ស្បូនស្រុត​តិចតួ​ច គឺ​មិនបាច់​ព្យាបាល​នោះ​ទេ​។ ប៉ុន្តែ ករណី​ដែល​វា​ធ្វើឲ្យ​អ្នក រស់​នៅ​មិន​ស្រួល ឬ​រំខាន​ដល់​ជីវិត​រស់នៅ​វិញ វា​គួរតែ​ដល់ពេល ស្វែងរក​ការព្យាបាល​ហើយ​។

​មាន​កត្តា​ច្រើនណាស់ ដែល​ធ្វើឲ្យ​ស្ត្រី​ម្នាក់ ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​ស្បូន​ស្រុត ៖

  • ​មាន​ផ្ទៃពោះ​ម្តង ឬ​ច្រើន និង​សម្រាលកូន តាម​ធម្មជាតិ​ច្រើនដង​
  • ​សម្រាលកូន​ដែល​ថ្លោស​ពេក​
  • ​អាយុ​ច្រើន​
  • ​លើក​របស់របរ​ធ្ងន់ៗ​
  • ​ក្អក​រ៉ាំរ៉ៃ​
  • ​មាន​ការវះកាត់​ក្នុង​អាង​ត្រគាក​
  • ​បន្ទោរ​បង់​ម្តងៗ តែងតែ​ប្រឹង​ជា​ញឹកញាប់​
  • ​ដំណរ​ពូជ ដែល​ធ្វើឲ្យ​ជាលិកាត​ភ្ជាប់​ផ្សេងៗ មាន​លក្ខណៈ​ទន់ខ្សោយ​តែម្តង​
  • ​ជា​មនុស្ស​ស្បែក​ស​

​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​ធាត់​ជ្រុល ទល់លាមក​រ៉ាំរ៉ៃ និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ក៏​អាច​ដាក់​សម្ពាធ​ខ្លាំង ទៅលើ​សាច់ដុំ និង​ជាលិកា​ត​ភ្ជាប់​ក្នុង​អាង​ត្រគាក ហើយ​ក៏​ដើរ​តួនាទី​ដ៏​សំខាន់​មួយ នាំឲ្យ​មាន​ជំងឺ​ស្បូនស្រុត​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។