ប្រពន្ធ​ចាក់​ប្តី បាញ់​ឈាម​ដូច​អារ​.​ក​មាន់

រាជធានី​ភ្នំពេញ ៖ ប្តី​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​ចង់​មើល​ទូរទស្សន៍​រឿង​ឥណ្ឌា ចំណែក​ប្រពន្ធ​ចង់​មើល​រឿង​ផ្សេង ធ្វើ​ឲ្យ​ឈ្លោះប្រកែក​គ្នា​រហូត​ប្តី​ទះ​ប្រពន្ធ​៣​ដៃ ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង​យក​កូនកាំបិត​ចាក់​ប្តី​ចំ​ដើមទ្រូង​បាញ់​ឈាម​ដូច​អារ​.​ក​មាន់​ហូរ​ជោគ​ខ្លួន ហើយ​នាំ​កូន​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​ឈ្មោះ ជ្រែង សុភា អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​លេខ​៥ កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​មុខរបរ​នៅផ្ទះ រត់​ទៅ​ជាមួយ​កូនប្រុស​តូច​អាយុ​៥​ឆ្នាំ​បាត់​ស្រមោល​បន្ទាប់​ពី​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ទៅ​រត់​ម៉ូតូឌុប​តាំងពី​ព្រលឹម​ទល់​ព្រលប់ ដល់​ពេល​មក​ផ្ទះ​វិញ​ហូប​បាយ​ល្ងាច​រួច ប្រពន្ធ​គាត់​មើល​ទូរទស្សន៍ ហើយ​គាត់​សុំ​មើល​ប៉ុស្តិ៍​ដែល​មាន​លេង​រឿង​ភាគ​ឥណ្ឌា តែ​ប្រពន្ធ​មិន​ព្រម​ដូរ​ប៉ុស្តិ៍​ឲ្យ​មើល​ទេ ដោយ​ចង់​មើល​រឿង​ផ្សេង ហើយ​ប្រពន្ធ​បាន​និយាយ​ថា​ម៉េច​រឿង​នឹង​សំខាន់​ណាស់​អី បុរស​ជា​ប្តី​បាន​បន្ត​ថា ចំណែក​អូន​ឯង​នៅ​តែ​ផ្ទះ​គ្មាន​ធ្វើ​អី ម៉េច​ខ្ញុំ​ខំ​រត់​ម៉ូតូឌុប​តាំងពី​ថ្ងៃ​ដល់​យប់​រក​លុយ​ចូល​ផ្ទះ គ្រាន់តែ​ចង់​មើល​រឿង​ប៉ុណ្ណឹង​មិន​បាន​ទេ​អី ហើយ​រូប​គាត់​ជា​ប្តី​ក៏​ខឹង​បាន​ទៅ​វាយ​២​ទៅ​៣​ដៃ ស្រាប់តែ​ប្រពន្ធ​ស្ទុះ​យក​កាំបិត​ចិតបន្លែ​ចាក់​ចំ​ដើមទ្រូង​ខាងស្តាំ​បណ្តាល​ឲ្យ​បាញ់​​ឈាម​ដូច​អារ​.​ក​មាន់​ហូរ​ស្រោច​ពេល​ខ្លួន​ប្រាណ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ប្រពន្ធ​ចាក់​ប្តី​ឲ្យ​រង​របួស​ហើយ ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រមែប្រមូល​លុយ​ដែល​មាន​ទាំង​ប៉ុន្មាន និង​យក​កូនប្រុស​តូច​អាយុ​៥​ម្នាក់​រត់​ចេញពីផ្ទះ​ទៅ​បាត់ ។ ភ្លាម​ៗ​នោះ​បុរស​ជា​ប្តី​ដែល​រង​របួស​បាន​ជិះ​ម៉ូតូ​តាម​រកប្រពន្ធ​ទាំង​ហូរ​ឈាម តែ​រក​មិនឃើញ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ត្រូវ​អ្នក​ជិតខាង​ដឹង​រឿង​ទៅ ។

បើ​តាម​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះជា​មនុស្ស​ចិត្តល្អ ហើយ​ស្លូត តាំងពី​មក​នៅ​ទី​នេះ​ជាង​២​ឆ្នាំ​ហើយ ឃើញ​តែ​ប្រពន្ធ​គាត់​រករឿង និង​វាយ​គាត់​រហូត និង​ធ្លាប់​បង្ក​របួស​ចាក់​គ្នា​ចំនួន​៣​ដង​មក​ហើយ តែ​មិន​ធ្ងន់ធ្ងរ​ដូច​លើក​នេះ ។

ក្រោយ​ពេល​កើតហេតុ អ្នក​ជិតខាង​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​តែ​ម្នាក់ឯង មិន​ទាន់​មាន​សាច់ញាតិ​មក​ជួយ​មើលថែ​ទេ ៕