យប់មិញ ! បាញ់​ប្លន់​កក្រើក​ខេត្តរតនគិរី

ខេត្តរតនគិរី ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​សម្រុកចូល​ទៅ​បាញ់​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​ប្លន់​យក​លុយ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ ​រួច​រត់គេច​ខ្លួន​បាត់ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​ទទឹង ឃុំ​ឡា​បាំង​១ ស្រុក​លំ​ផាត ខេត្តរតនគិរី ។

ប្រភព​ព័ត៌មាន​​ជំហ៊ាន​ដំបូង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​ខ្លី​បាន​ចូល​មក​បាញ់​ម្ចាស់ផ្ទះ​ឲ្យ​របួសធ្ងន់​ប្លន់​យក​លុយ​អស់​ជាង​២​ពាន់​ដុល្លារ និង​ទ្រព្យសម្បតិ​មួយ​ចំនួន​ទៀត រួច​រត់គេច​ខ្លួន​បាត់ ។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ បូ​រិ​ន អាយុ​២៧​ឆ្នាំ ត្រូវ​ក្រុម​ចោរ​បាញ់​១​គ្រាប់ ធ្លាយ​ឆ្អឹងជំនី​ពី​ម្ខាង​ទៅ​ម្ខាង​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ទាំង​យប់ ។

ក្រោយ​ពី​កើតហេតុ សមត្ត​កិច្ច​គ្រប់​ស្ថាប័ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់​ដើម្បី​ធ្វើ​កំណត់ហេតុ និង​តាម​ចាប់​ក្រុម​ចោរ​ទាំងនេះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​សមត្ត​កិច្ច​មិន​ទាន់​បញ្ជាក់​ពីមុខ​សញ្ញា​ក្រុម​ចោរប្លន់​នេះ​នៅឡើយ​ទេ ហើយ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​នោះ​ក៏​មិន​ទាន់​ដឹង​ចំនួន​ពិត​ប្រាកដ​ថា​ប៉ុន្មាន​នៅឡើយ​ដែរ ។

សូម​បញ្ជាក់​ថា ភូមិ​ទទឹង​នេះ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ពី​ទីរួមខេត្ត​ទៅ​ស្រុក​លំ​ផាត់ គឺជា​ភូមិ​ដាច់​ស្រយាល​ពី​ស្រុក​លំ​ផាត់ ទើប​ជា​ឱកាសល្អ​របស់​ក្រុម​ចោរ​ទាំងនោះ​ធ្វើ​សកម្មភាព ៕