សុវត្ថិ​ឌី ធា​រិ​កា បារម្ភ​ចំពោះ​ការ​ប្រលង​សញ្ញាបត្រ ខណៈ​អាជីព​ចម្រៀង​មមាញឹក

រាជធានី​ភ្នំពេញ ៖ ក្រោយ​បង្ហាញ​ទេព​កោសល្យ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​រដូវ​កាល​ទី​១ មក​កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា កំពុង​មមាញឹក​នឹង​អាជីព​ចម្រៀង ។ ការ​មមាញឹក​នេះ​មិន​ធ្វើ​ឱ្យ​កញ្ញា​ធា​រិ​កា ស្រឡះ​ចិត្ត​ទេ ព្រោះ​នាង​ក៏​កំពុង​ជាប់​សិក្សា​ផង​ដែរ ហើយ​ត្រៀមប្រលង​សញ្ញាបត្រ​ទៀត​ផង ។

តារាចម្រៀង​សំឡេង​ផ្អែម​សុវត្ថិ​ឌី ធា​រិ​កា កំពុង​តែ​ត្រៀមខ្លួន​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជា​សញ្ញាបត្រ​មួយ​សំខាន់ ស្រប​ពេល​មានការ​កែទម្រង់​លើ​វិស័យ​អប់រំ «​អ្នកចេះ​គឺ​ជាប់​» ។ ធា​រិ​កា បុក​ពោះ​គ្រា​ដែល​កាលបរិច្ឆេទ​ប្រឡង​កាន់តែ​ខិត​ជិត​មក​ដល់ ។ ខណៈ​ព្រួយ​រឿង​ប្រឡង​នេះ អាជីព​សិល្បៈ​មមាញឹក​ដែល​ជា​ឱកាស​សាង​កេរ្តិ៍ឈ្មោះ​ផង និង​រក​ប្រាក់​ផង​។ ដូច្នេះ​ហើយ​ការ​ប្រឡង និង​អាជីព​ចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ចាត់​ទុក​ថា​សុទ្ធតែ​ជា​រឿង​សំខាន់​។ ទោះ​ជាយា​៉​ង​ណា​ក្តី ធា​រិ​កា នឹង​ព្យាយាម​រ៉ាប់រង ទោះជា​មានការ​បែងចែក​កិច្ចការ​ទាំងនោះ​លំបាក​បែប​ណា​ក្តី ។

ជំនួប​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី «​ប្រជុំ​តារា​តន្ត្រី​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​សុវត្ថិ​ធី ធា​រី​កា ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​នាង​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​នាង​កំពុង​សិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក ។ មិន​ខុស​ពី​សិស្ស​ផ្សេង​ទៀត​ទេ គឺ​ត្រូវ​ខិតខំ​រៀន​ឱ្យ​បាន​ល្អ​គ្រប់មុខ​វិជ្ជា ដើម្បី​ប្រលង​ជាប់ ។ ក្រសួង​រក​អ្នកចេះ​ពិតប្រាកដ ហើយ​ធា​រិ​កា​សប្បាយចិត្ត​ដែល​នា​ពេល​អនាគត​កាន់តែ​មាន​អ្នកចេះ​ដឹង រីក​ដុះដាល​តាម​រយៈ​ការ​កែទម្រង់​របស់​ក្រសួង​អប់រំ​។ មុខ​វិជ្ជា​ដែល​ធា​រី​កា គិត​ថា​លំបាក​គឺ​គណិត​វិទ្យា ដូច្នេះ​ហើយ​នាង​កំពុង​តែ​ខំ​បំប៉ន​បន្ថែម​ឱ្យ​ខ្លាំង​ទៀត​ខណៈ​មុខ​វិជ្ជា​ផ្សេង​នាង​អាច​ទៅ​រួច ។ កាលពីដើម​ឆ្នាំ ធា​រិ​កា ខកខាន​រៀន​ប៉ុន្មាន​ខែ ព្រោះ​ជាប់​ប្រឡង​ចម្រៀង ប៉ុន្តែ​បច្ចុប្បន្ន​ខំរៀន​គួ​ម៉ោង​ពិសេស​ជាមួយ​មិត្តភក្តិ ។

ចំពោះ​អាជីព​សិល្បៈ​របស់​កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា បាន​ដើរទៅ​មុខ​លឿន ដោយ​មាន​គេ​ទាក់ទង​ឱ្យ​ចូលរួម​ច្រៀង​តាម​ខេត្ត​-​រាជធានី និង​តាម​ទូរទស្សន៍​ជា​ហូរហែ ។ បាន​ក្លាយជា​អ្នកចម្រៀង​មានការ​ចាប់អារម្មណ៍​នេះ ព្រោះតែ​ធា​រិ​កា​ចូលរួម​ប្រលង​ចម្រៀង​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។ អាជីព​ចម្រៀង​នេះ​ធ្វើ​ឱ្យ​ធា​រិ​កា អាច​លើកកម្ពស់​ជីវភាព​គ្រួ​សារបាន​ប្រសើរ​ឡើង​បន្តិច ។

«​បើ​ទោះបី​ប្រាក់​សំខាន់​សម្រាប់​មនុស្ស តែ​នាង​ខ្ញុំ​ក៏​មិន​ស្រវា​កើប​ពេក​ដែរ គិត​ពី​សញ្ញាបត្រ​និង​ចំណេះ​ច្រើន​ជាង ហើយ​ក៏​ចាប់ផ្តើម​កាត់​បន្ថយ​ការងារ​សិល្បៈ​ខ្លះ ដោយ​ទទួលយក​តែ​ការងារ​ចុង​ស​ប្តា​ហ៍ ដែល​គិត​ថា​អាច​គ្រង​បាន ទុក​ពេល​រៀន​សិន​» សុវត្ថិ​ឌី ធា​រី​កា និយាយ​បែប​នេះ ។

តារាចម្រៀង​តូច​ច្រឡឹង តែ​សំឡេង​បាន សុវត្ថិ​ឌី ធា​រិ​កា រំពឹង​ថា តាម​រយៈ​ការ​ខំប្រឹង​ប្រែង​រៀនសូត្រ នាង​នឹង​ប្រឡង​ជាប់​មិន​ខាន ៕