សិល្បករ សិល្ប​ការិនី​ទីក្រុង​វូ​ស៊ី សម្តែង​របាំរឹតចំណង​មិត្តភាព​និង​ផ្សព្វផ្សាយ​វប្បធម៌​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រុម​សិល្បករ សិល្ប​ការិនី​នៃ​ទីក្រុង​វូ ស៊ី (Wu  Xi) ខេត្ត​ជាំ​ង​ស៊ូ​(Jiangsu) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្តែង​សិល្បៈ​នៅ​កម្ពុជា ក្នុង​គោល​បំណង​​រឹតចំណង​មិត្តភាព និង​ផ្សព្វផ្សាយ​សិល្បៈ​-​វប្បធម៌​របស់​ចិន​នៅ​កម្ពុជា ។

ក្រុម​សិល្បករ​-​សិល្ប​ការិនី​របស់​ទីក្រុង​វូ​ស៊ី បាន​សម្តែង​ផ្ទាំងទស្សនីយភាព​ជា​ច្រើន​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នៃ​រាជធានី​ភ្នំពេញ​កាលពី​រាត្រី​ថ្ងៃ​ទី​៥ មិថុនា​ឆ្នាំ​២០១៦ ដោយ​មាន​អ្នក​ទស្សនា​ប្រមាណ​ជាង​៤០០​នាក់ ។

ក្រុម​របាំ​នេះ​ដឹកនាំ​ដោយ​លោក​ផេ​ត​ធ័​រ គ័ន គ្រូបង្ហាត់​របាំ​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​កា​ណា​ដា និង​ជា​អ្នក​សម្តែង​ពី​ទីក្រុង​វូ​ស៊ី ក្រុម​របាំ​បា​ឡេ​ចំណាស់​បំផុត​នៅ​អា​មេ​រិ​ក​ខាងជើង ក្រុម​របាំ​បា​ឡេ​នៃ​រាជវាំង​ប្រទេស​កា​ណា​ដា និង​អ្នក​នាង​ចាង យ៉ា​ស៊ូ ជើងឯក​របាំ​របស់​ប្រទេស​ចិន ។

ការ​សម្តែង​សិល្បៈ​នោះ​ក្រោម​ប្រធានបទ «​បក្សី​រនាល​ពណ៌​» និយាយ​ពី​ដំណើររឿង​បក្សី​រនាល​ពណ៌ (Grus Japonensis) ដែល​មាននៅ​ក្នុង​អត្តសញ្ញាណ​វប្បធម៌​ចិន និង​អំពី​ទឹក ដី និង​ធម្មជាតិ​របស់​ចិន ។

ក្នុង​ពិធី​នោះ​មានការ​យាង និង​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សម្តេចព្រះរៀម​បុប្ផា ទេវី​, លោកស្រី​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ។

ក្រុម​សម្តែង​សិល្បៈ និង​មហោស្រព​ចម្រៀង​របាំ​របស់​ទីក្រុង​វូ​ស៊ី ចាប់ផ្តើម​កកើត​ឡើង​នៅ​ឆ្នាំ​១៩៥៨ ។ បច្ចុប្បន្ន​មាន​អ្នក​សម្តែង​១៥០​នាក់​។​ក្រុម​នេះ​ធ្លាប់​ទៅ​សម្តែង​នៅ​ប្រមាណ​​ជាង​៣០​ប្រទេស ក្នុង​នោះ​រួម​មាន​សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ រុ​ស្ស៊ី បារាំង អីុ​ស្រា​អែ​ល ម៉ា​រ៉ុ​ក តួ​ក​គី  ជប៉ុន សិង្ហ​បុរី កូរ៉េ​ខាងត្បូង និង​ហ្វ៊ី​លី​ពី​ន​៕