ការ​ចុះ​ឈ្មោះ​បោះឆ្នោត​អង់គ្លេស​-​អឺរ៉ុប​បាន​បិទ​បញ្ចប់​កាល​ពី​យប់​មិញ​

កាល​កំណត់​ត្រឹម​ម៉ោង​ ២៣​:​៥៩​នាទី ​ថ្ងៃ​អង្គារ​ ទី​០៧ ​ខែ​មិថុនា​ គឺ​ជា​វេលា​ចុង​ក្រោយ​នៃ​យុទ្ធនាកា​រ​ចុះឈ្មោះ​បោះឆ្នោត​ប្រជាមតិ​របស់​អង់គ្លេស​ ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់ថា​ តើ​អង់គ្លេស​ខ្លួន​ឯង​គួរ​តែរក្សា​ ឬ​ដកខ្លួន​ចេញ​ពី​សមាជិក​ភាព​នៃ​សហគមន៍​អឺរ៉ុប ​។​ ​​​
យោង​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ប្រជាមតិ​អង់គ្លេស​-​អឺរ៉ុប​ បានឱ្យ​ដឹងថា​ មាន​យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១.​៦​លាន​នាក់​ហើយ​ដែល​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះឆ្នោត​រួចរាល់​ជាស្ថាពរ​​ ប៉ុន្តែ​នៅ​ឡើយ​មនុស្ស​ជា​ច្រើន​លាន​នាក់​ទៀត​មិន​បាន​ទៅ​ចុះ​ឈ្មោះ​ឡើយ​ ។​
សូម​ជម្រាប​ជូនថា​ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ដែល​មាន​ឈ្មោះ​ថា​៖​ ប្រជាមតិ​អ​ង់គ្លេស​-​អឺរ៉ុប​ “​U​K​’s​ E​U ​Referendum​”​ គឺ​ប្រព្រឹត្ត​ឡើង​ដើម្បី​ប្រមូល​សម្លេង​របស់​ប្រជាជន​អង់គ្លេស​ដើម្បី​សម្រេច​ជោគវាសនា​របស់ជាតិ​​អង់គ្លេស​ខ្លួនឯង​ថា​ តើ​គួរ​នៅ​បន្ត ​ឬ​ដក​ខ្លួន​ចេញ​ពី​សហ​ភាព​អឺរ៉ុប​ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​អង់​គ្លេស​រាប់លាន​នាក់​មាន​ការ​មិនពេញ​ចិត្ត​នឹង​វត្តមាន​របស់អង់គ្លេស​នៅក្នុង​សហភាព​អឺរ៉ុប​ដោយសារ​ អង់គ្លេស​នៅ​កាន់​តែ​យូរ ​មាន​បញ្ហា​កាន់​តែ​ច្រើន​ ហើយ​អង់គ្លេស​ខ្លួនឯ​ង​ក៏កាន់​តែ​ផុង​ខ្លួន​តាម​អឺរ៉ុប​ជ្រៅ​ទៅ​​ៗ​ដែ​រ​ ដូច​យ៉ាង​ករណី​ជនភៀស​ខ្លួន​ជា​ដើម​ ។​​​
សម្រាប់​លក្ខខណ្ឌ​ដែល​អាច​ចូល​រួម​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រជាមតិ​អង់គ្លេស​-អឺរ៉ុប​បាន​នោះ​គឺ​ ត្រូវតែ​ជាជនជាតិ​អង់គ្លេស​ ឬ​អ៊ែរឡង់​, មាន​អាយុ​ចាប់​ពី​១៨​ឡើង​ទៅ​, ​បើក​យ៉ាង​ទូលាយ​សម្រាប់​ប្រជាជន​គ្រប់​​ៗ​រូប​ដែល​មាន​ឯកសារ​បញ្ជាក់​ភាព​ស្របច្បាប់​​, ហើយ​សម្រាប់​ជនជាតិ​អង់គ្លេស​ដែល​រស់នៅ​បរទេស​ក៏អាច​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អ៊ីធើណេត​បានដែរ ​។​ បន្ទាប់​ផុត​ពីថ្ងៃ​ចុងក្រោយ​នៃ​កា​រចុះ​ឈ្មោះ​បោះឆ្នោត​នេះ ​សម្រាប់​ថ្ងៃ​ដែល​នៅ​សល់​គឺជា​ពេលវេលា​ដ៏​សស្រាក់​សស្រាំ​សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ដេវីដ​ កាំ​មេរ៉ូន ​និង​មេដឹកនាំ​បក្ស​ឯករាជ្យ​រាជាណាចក្រ​អង់គ្លេស​ ដើម្បី​ចេញ​ធ្វើ​យុទ្ធនា​ការណ៍​ និង​បង្ហាញ​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​៕​

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​អង់គ្លេស​-​អឺរ៉ុប​បាន​បិទ​បញ្ចប់​កាល​ពី​យប់​មិញ​
ដោយ៖ ឈូក ស
ប្រភព៖ BBC