ប្រទេស​កម្ពុជា​និង​ថៃ​មិន​ចុះ​សម្រុង​គ្នា​លើ​ការ​ចុះ​បញ្ជី​ល្ខោន​ខោល​នៅ​យូនីស្កូ

ការសម្របសម្រួលមួយដើម្បីដោះស្រាយជម្លោះខាងវប្បធម៌មួយដែលបានកើតមានឡើងកាលពីប៉ុន្មានថ្ងៃថ្មីៗនេះរវាងប្រទេសថៃនិងប្រទេសកម្ពុជានៅជិតខាងគ្នា បានត្រូវស្នើឱ្យមានឡើងដោយមន្ត្រីម្នាក់នៃអង្គការ UNESCO។

ប្រទេស​កម្ពុជា​និង​ថៃ​មិន​ចុះ​សម្រុង​គ្នា​លើ​ការ​ចុះ​បញ្ជី​ល្ខោន​ខោល​នៅ​យូនីស្កូ

ជម្លោះនេះដែលបានជំរុញឱ្យមានគំនិតជាតិនិយមយ៉ាងក្លៀវក្លានៅក្នុងបណ្តាញសង្គមនៅក្នុងប្រទេសទាំងពីរទាក់ទិននឹងរបាំបូរាណមួយមានសម្តែងនៅក្នុងប្រទេសទាំងពីរនេះដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលប្រទេសនីមួយៗចង់ចុះបញ្ជីជាមួយអង្គការខាងការសិក្សាអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អ.ស.ប. ជាបេតិកភណ្ឌវប្បធម៌ អរូបិយ របស់ពួកគេរៀងៗខ្លួន។

ប្រទេសកម្ពុជាហាក់ដូចជាមានប្រៀបពីព្រោះប្រទេសថៃមិនមែនជារដ្ឋមួយក្នុងបណ្តារដ្ឋទាំង ១៦៧ ដែលបានផ្តល់សច្ចានុម័តដល់អនុសញ្ញាសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបិយ។ អ្នកស្រី Duong Bich Hanh ប្រធានអង្គភាពវប្បធម៌នៅក្នុងការិយាល័យ UNESCO នាក្រុងបាងកកបាននិយាយប្រាប់វីអូអេថា

«ប្រទេសថៃមិនទាន់ផ្តល់សច្ចានុម័តដល់អនុសញ្ញានេះនៅឡើយទេ ដូច្នេះការបញ្ចូលក្នុងបញ្ជីមិនទំនងជានឹងមានធ្វើក្នុងពេលឆាប់ៗនេះទេ។ ចំណែកឯប្រទេសកម្ពុជាវិញមានល្ខោនព្រះរាជទ្រព្យរបស់ពួកគេដាក់បញ្ចូលក្នុងបញ្ជីកាលពីឆ្នាំ២០០៨ រួចស្រេចហើយ»។

បើតាមមន្ត្រីអង្គការ UNESCO រូបនេះ អាចមានការសម្របសម្រួលដោយពួកប្រទេសដែលស្វះស្វែងឱ្យមានការដាក់ពាក្យសុំរួមគ្នា។ ពួកមន្ត្រីរដ្ឋាភិបាលថៃកំពុងស្វះស្វែងបន្ថយការខឹងសម្បារតាមបណ្តាញផ្សាយព័ត៌មានសង្គមនៅក្នុងប្រទេសកម្ពុជានៅជិតខាង ហើយហាក់ដូចជាបើកចំហដល់ការស្នើសម្របសម្រួលរបស់អង្គការ UNESCO។

លោក Wissanu Kreau-ngam ឧបនាយករដ្ឋមន្ត្រីថៃបាននិយាយថា គេក៏ស្វាគមន៍ប្រទេសកម្ពុជាឱ្យចុះបញ្ជីល្ខោនខោលនៅអង្គការ UNESCO ជាបេតិកភណ្ឌវប្បធម៌អរូបិយផងដែរ។

ប៉ុន្តែរដ្ឋាភិបាលយោធាថៃមានផែនការជំរុញឱ្យមានការចុះបញ្ជីនៅអង្គការ UNESCO ដោយខ្លួនឯង ដោយសារតែអង្គការនេះមិនកំណត់ថាប្រទេសចំនួនប៉ុន្មានអាចចុះបញ្ជីបេតិកភណ្ឌស្រដៀងគ្នាទេ។ នេះបើតាមការបញ្ជាក់របស់លោក Weera Rojpojanarat រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ។

ពួកមន្ត្រីថៃបានកត់សម្គាល់ថា ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសថៃក៏អះអាងទាមទារដូចគ្នាលើសិល្បៈអាយ៉ង ក្នុងខណៈពេលដែលប្រទេស អាហ្សង់ទីន និងប្រទេសអ៊ុយរូហ្គាយ បានចុះបញ្ជីរបាំ Tango ក្នុងបញ្ជីអង្គការ UNESCO ដូចគ្នា។ ប្រទេសកូរ៉េទាំងពីរក៏បានចុះបញ្ជីជ្រក់គីមជីថាជាសម្បត្តិវប្បធម៌របស់ពួកគេផងដែរ។

ប៉ុន្តែប្រជារាស្ត្រខ្មែរបានសម្តែងការភ្ញាក់ផ្អើលតាមបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះអំពីផែនការរបស់ប្រទេសថៃក្នុងការចុះបញ្ជីល្ខោនខោលដោយអះអាងថា វាជាផ្នែកមួយនៃបេតិកភណ្ឌខ្មែរ ហើយរបាំនៅថៃទើបកើតក្រោយនិងចម្លងតាមប៉ុណ្ណោះ។

ក្រសួងវប្បធម៌នៃប្រទេសកម្ពុជាបានផ្សាយតាមបណ្តាញសង្គមដោយខិតខំធ្វើឱ្យស្ងប់ស្ងាត់ ដោយនិយាយថា ការតវ៉ានិងការស្នើសុំរបស់ថៃ«អាចធ្វើប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

សូម្បីនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាក៏បានលូកដៃចូលក្នុងជម្លោះនេះដែរ ដោយសរសេរសារតាមទំព័របណ្តាញសង្គម Facebookថា រដ្ឋាភិបាលកម្ពុជាមិនមែនមិនយកចិត្តទុកដាក់លើបញ្ហានេះនោះទេ៕

ប្រភពៈ VOA