លោក អ៊ូ វីរៈ​៖ រដ្ឋាភិបាល​បារម្ភ​ជ្រុល​ហួសហេតុ​ពី​បដិវត្តន៍​ពណ៌​ និពន្ធដោយ : ម៉ែន គឹម​សេង VOA       June-08-2016, 9:19 am         204

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អ៊ូ វីរៈ​៖ រដ្ឋាភិបាល​បារម្ភ​ជ្រុល​ហួសហេតុ​ពី​បដិវត្តន៍​ពណ៌​​វ៉ាស៊ីនតោន​៖ ពលរដ្ឋ​កម្ពុជា​មិនមាន​ឆន្ទៈ​ធ្វើ​បដិវត្តន៍​ពណ៌ ដូច​ការព្រួយបារម្ភរ​បស់​រដ្ឋាភិបាល​ទេ ក្នុងពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​ក៏មាន​ធាតុ​ផ្សំ​មួយចំនួន​ដែល​អាចជា​ឆ្នួន​ផ្ទុះ​នៃ​បដិវត្តន៍​ពណ៌ ប្រសិនបើ​រដ្ឋាភិបាល​ប្រើប្រាស់​វិធី​ដោះស្រាយ​ខុសឆ្គង​។ នេះ​បើតាម​ការអះអាង​របស់​អ្នកវិភាគ​ឯករាជ្យ​មួយរូប​។​

​ការលើកឡើង​នេះ​ស្រប​ពេលដែល​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​តែងតែ​ភ្ជាប់​ការតវ៉ា​ទាមទារ​ណាមួយ​ទៅនឹង​ការចង់​ងើបឡើង​ធ្វើ​«​បដិវត្តន៍​ព​ណ៌‍​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។
​ក្នុងពេល​បច្ចុប្បន្ន រដ្ឋាភិបាល​កំពុងតែ​ចាប់អារម្មណ៍ និង​បង្ក្រាប​រាល់​ការធ្វើសកម្មភាព​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ​ដោយ​ស្លៀកពាក់​សម្លៀកបំពាក់​ពណ៌​ខ្មៅ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្ម‍ៅ​» ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​បួន​នាក់ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម្នាក់​។ អ្នក​ទាំងនោះ​កំពុង​ជាប់​ឃុំឃាំង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​ស្នេហា​លួចលាក់​របស់​នាង ខុម ចាន់​តា​រ៉ា​ទី​។​

​លោក អ៊ូ វីរៈ បានបញ្ជាក់​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​ច័ន្ទ​ថា អ្នក​ដែល​ចូលរួម​យុទ្ធនាការ​នេះ​មិនមាន​សមត្ថភាព ឬ​គំនិត​រហូតដល់​ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ​។​

​លោក​បន្ថែមថា​៖ «​បើជា​បដិវត្តន៍​ពណ៌​ពួកគាត់​មិនមែន​ដើរ​ជា​ក្រុម​តូច​ទៅ​បាតុកម្ម​បែប​ហ្នឹង​ទេ​។ ខ្ញុំ​មើលទៅ​គឺ​ទៅ​មិន​រួច​ទេ​។ ដោយសារ​អីចឹង​បានជា​ខ្ញុំ​ថា ពួកគាត់​គ្មាន​ឆន្ទៈ​ទ‍េ​។ ហើយ​ពួកគាត់​មិន​ត្រឹមតែ​គ្មាន​ឆន្ទៈ​ទេ​គឺ​គ្មាន​សមត្ថភាព​និង​លទ្ធភាព​ទៅទៀត​»​។​

​លោក អ៊ូ វីរៈ បាន​ហៅ​ការព្រួយបារម្ភ​ពី​បដិវត្តន៍​ពណ៌​ថា ជាការ​ព្រួយបារម្ភ​ជ្រុល​ហួស​ព្រំដែន ហើយ​គ្មាន​មូលដ្ឋាន​ច្បាស់​។​

​លោក​បញ្ជាក់ថា​៖ «​ការព្រួយបារម្ភ​គឺ​រដ្ឋាភិបាល​មានប្រតិកម្ម​ជ្រុល​ពេក គឺ​កាន់តែ​ធ្វើឱ្យ​មនុ​ស្សមានភាព​តឹងទ្រូង មាន​ការមិនសប្បាយចិត្ត ហើយ​រូបមន្ត​ទាំងឡាយ​ហ្នឹងហើយ​ដែល​ធ្វើឱ្យ​មនុស្ស​កាន់តែ​ខឹង​ទៅៗ​ហើយ​រដ្ឋាភិបាល​កាន់​តែមាន​រូបភាព​អាក្រក់​ទៅៗ​...​នៅក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ​»​។​

​យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ យល់ថា ប្រទេស​កម្ពុ​ជាមាន​ចំណុច​ដែល​គួរ​ជាទី​ព្រួយបារម្ភ​ផងដែរ​ដែល​ត្រូវ​នឹង​លក្ខណៈ​មួយចំនួន​នៃ​ដើមចម ដែល​ជំរុញឱ្យមាន​ការធ្វើបដិវត្ត​ន៍​នានា​ក្នុងពេល​កន្លងមក​នៅ​បណ្តា​ប្រទេស​មួយចំនួន​។ ក្នុងនោះ​មានដូចជា​កម្ពុជា​មានព​ល​រដ្ឋ​មាន​វ័យក្មេង​ច្រើន និង​មេដឹកនាំ​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាច​យូរ ដែល​នេះ​ជា​ចំណុចខ្សោយ​មួយ​ដែល​គេ​អាច​រិះគន់​ជា​អន្តរជាតិ​បាន ហើយ​កត្តា​មួយទៀត ដែលមាន​ការរិះគន់​ជា​យូរហើយ ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​បដិសេធ គឺ​ប្រព័ន្ធយុត្តិធម៌​។​

​លោក អ៊ូ វីរៈ បន្ថែមថា​៖ «​បើសិនជា​ក្នុង​ប្រទេសមួយ​មាន​ភាពអយុត្តិធម៌​ច្រើន ឬមួយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ច្រើន ហើយ​បូក​នឹង​ធាតុ​ផ្សំ​ដទៃទៀត ប្រទេស​មាន​យុវវ័យ​ច្រើន​ទៀត​នោះ យើង​ក៏​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដែ​រ‍​»​។​

​បញ្ហា​ទាំងនេះ​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​។​

​លោក​បាន​រំលឹក​ដែរ​ថា បើទោះបីជា​ពេលបច្ចុប្បន្ន​ការធ្វើ​បដិវត្តន៍​ពណ៌​មិនអាច​កើតមានឡើង​បាន​ប៉ុន្តែ​លទ្ធភាព​នៅតែ​អាច​កើតមានឡើង​ដែរ ដូចជា​ក្នុងករណី​ដែល​រដ្ឋាភិបាល​ដើរ​ខុស​ច្រើន​ជំហាន​ដោយ​ខិតខំ​បង្ក្រាប ជាជាង​ប្រឹង​ដោះស្រាយ​បញ្ហា​ដែលជា​ដើមចម​នៃ​បញ្ហា​ក្នុងសង្គម​។​

​លោក អ៊ូ វីរៈ ពន្យល់ថា​៖ «​ខ្ញុំ​មើលទៅ​កំហឹង​របស់​ប្រជាពលរដ្ឋ​អាចធ្វើ​ឱ្យមាន​ការផ្ទុះ​កំហឹង​នេះ ទោះបីជា​អត់​មាន​អ្នកដឹកនាំ អត់​មាន​អ្នកណា​ចង់បាន​ក៏​នឹង​អាច​កើតឡើង​ដែរ​។ នេះ​គឺជា​គ្រោះថ្នាក់​មួយ​សម្រាប់​ប្រទេស​យើង​ផងដែ​រ‍​»​។​

​លោក​បន្ថែមថា បរិបទ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​ទាំង​រដ្ឋាភិបាល ទាំង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​មិន​កាន់អំណាច មាន​ទំនោរ​ទៅរក​ការ​លាប​ពណ៌​គ្នា ព្រោះ​ការ​លាប​ពណ៌​ជា​រឿង​ងាយស្រួល​ជាង​ការដោះស្រាយ​បញ្ហា​៕