សភា​បញ្ជាក់​ជាថ្មី រឿង​អភ័យឯកសិទ្ធិ​ និពន្ធដោយ : ថ្មីៗ       June-08-2016, 9:46 am         192

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សភា​បញ្ជាក់​ជាថ្មី រឿង​អភ័យឯកសិទ្ធិ​​នៅ​ថ្ងៃទី​៧​ខែមិថុនា​នេះ រដ្ឋសភា បានចេញ​ថ្លែងការណ៍​មួយ ដោយបាន​បញ្ជាក់​ជាថ្មី ចំពោះ​នីតិវិធី ឬ​ការសម្រេចចិត្ត​ទាំងឡាយ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហុង សុខ​ហ៊ួ​រ រឿង​អភ័យឯកសិទ្ធិ​។

​សេចក្តីថ្លែងការណ៍​នោះ គឺ​ផ្តើម​ពី​ការទទួល​ញត្តិ​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​ចាត់វិធានការ​បន្ទាន់កា​រពារ​អភ័យឯកសិទ្ធិ​។  ញត្តិ​ដែលមាន​ខ្លឹមសារ​ថា តំណាងរាស្ត្រ​មួយចំនួន កំពុង​ធ្វើ​សកម្មភាព​រំលោភ​លើ​អភ័យឯកសិទ្ធិសភា របស់​សមាជិកសភា និង​ព្រឹទ្ធសភា ៤​រូប គឺ​ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា លោក អ៊ុំ សំអាន និង​លោក ហ៊ុ​ង សុខ​ហួរ​។ 

​យ៉ាងណាក៏ដោយ​ការលើកឡើង​នេះ ត្រូវបាន​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា បដិសេធ នា​កិច្ចប្រជុំ​ថ្ងៃទី​៦ ខែមិថុនា ដោយ​អះអាងថា​ករណី​របស់​ស​មា​ជិ​ក​សភា និង​ព្រឹទ្ធសភា ទាំង​៤​រូប​គឺជា​ការប្រព្រឹត្តិ​រប​ស់បុ​គ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ដែល​តុលាការ បាន និង​កំពុង​ដោះស្រាយ​សំណុំរឿង​នីមួយៗ ទៅតាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន ហើយ​បាន​រាយការណ៍​មក​រដ្ឋសភា ដើម្បី​រដ្ឋសភា​សម្រេច​តាម​បទបញ្ញត្តិ​ច្បាប់​។​

​រដ្ឋសភា ក៏បាន​បញ្ជាក់​ជាថ្មី អំពី​បទល្មើស​នីមួយៗ របស់​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ដែរ​។ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​គឺ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។ ចំណែកឯ លោក ហុង សុខ​ហួរ និង លោក អ៊ុំ សំអាន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ចំនួន​៣ គឺ​បទ​«​ក្លែងបន្លំ​ឯកសារ​សាធារណៈ​»  បទ​«​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​» និង​បទ​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​មានចែង​ក្នុង​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ រីឯ​ឯកឧត្តម កឹម សុខា គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ដែល​មានចែង​ក្នុង​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​(​បទ​បដិសេធ​ក្នុងការ​ចូលខ្លួន​)»​។​

​ដោយឡែក​ទាក់ទង​នឹង​ការសម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់ខ្លួន ចំពោះ​ករណី​របស់ លោក អ៊ុំ សំអាន និង​ឯកឧត្តម កឹម សុខា​របស់​រដ្ឋសភា​នោះ ត្រូវបាន​រដ្ឋសភា​ពន្យល់​ដែរ​ថា មកពី​សមាជិក​រដ្ឋសភា យល់ឃើញថា អ្នក​ទាំង​២ បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្តែង​ពិតមែន​។ សភា​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា វិធានការ​ខាងលើនេះ អនុវត្តន៍​តែ​ចំពោះ​បុគ្គល​ណា ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​តែប៉ុណ្ណោះ​។ តំណាងរាស្ត្រ​ដែល​ពុំបាន​ប្រព្រឹត្តិ​បទល្មើស ពុំមាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ក្នុងការ​បំពេញការងារ​របស់ខ្លួន​នោះឡើយ​។

​រដ្ឋសភា​បានបញ្ជាក់​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ទៀតថា ជាង​៤​នីតិកាល​កន្លងមកនេះ រដ្ឋសភា​អនុវត្តន៍​ការងារ​របស់ខ្លួន​យ៉ាង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋ​សភា និង​ច្បាប់​ជា​ធរមាន ជាពិសេស​ច្បាប់​ស្តីពី​លក្ខន្តិកៈ​អ្នកតំណាងរាស្ត្រ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​កិច្ចការពារ​អភ័យឯកសិទ្ធិសភា ពុំ​ស្ថិតក្រោម​ការបង្គាប់បញ្ជា ឬ​ក្រោម​ការគាបសង្កត់ ឬ​ក្រោម​ឥទ្ធិពល​របស់​ស្ថាប័ន​ណាមួយ​ឡើយ  ហើយ​រដ្ឋសភា​ក៏​ពុំ​អាច​ការពារ​អភ័យឯកសិទ្ធិ របស់​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្តិ​បំពាន​ច្បាប់​បានដែរ​៕