បទល្មើស​កាប់​ឈើ​ក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ជាបន្ទាន់​។ ដោយហេតុថា បច្ចុប្បន្ននេះ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​និង​សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទាល់តែសោះ​។ ប្រការនេះ​បានធ្វើ​ឲ្យ​ព្រៃ​សហគមន៍ ព្រៃ​ការពារ​នៅក្បែរ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើមូល​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចូលទៅក្នុង​បរិវេណ​ផ្ទៃ​អាង​នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ពុំមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ទប់ស្កាត់​ឡើយ​។ សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈើមូល​ទាំងនោះ​ត្រូវគេ​ដឹកជញ្ជូន​ពី​តំបន់​ឆ្ងាយៗ​នៃ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន យកទៅ​ស្តុក​ទុក​ក្នុង​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ តាំងពី​អំឡុង​ខែមេសា រហូតមកដល់​បច្ចុប្បន្ន​។ ពលរដ្ឋ​ឃុំ​ស្ដៅ បាន​ឲ្យ​ដឹង​ទៀតថា គិត​ចាប់ពី​ខែមេសា​រហូតមក មាន​គោយន្ត​ច្នៃ​រាប់រយ​គ្រឿង ព្រមទាំង​រថយន្ត​បា​កុង​ជាច្រើន​គ្រឿង​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើមូល​ពី​តំបន់​ក្រៅ​ផ្ទៃ​អាង​ចូលទៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ យ៉ាង​គគ្រឹកគគ្រេង​។

​បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ឈើមូល​ទំហំ​ធំៗ​នៅ​តំបន់​ព្រៃស្រោង​នៃ​ភ្នំ​ក្រឡា​ពស់ ចន្លោះ​ទន្លេសេសាន និង​ទន្លេ​ស​ស្រែ​ពក ឬ​ហៅថា​តំបន់​កោះ​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ត្រូវ​ជនល្មើស​កាប់រំលំ​ដឹកជញ្ជូន​ចូល​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដោយ​គ្មាន​ឧបសគ្គ​។ ប្រជា​សហគមន៍​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​លើកឡើងថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ​មាន​គោយន្ត​ជាង​១០០​គ្រឿង និង​រថយន្ត​ដឹកឈើ​ហ៊ុ​បប្រមាណ​១០​គ្រឿង​ដឹកជញ្ជូន​ឈើ​ដែលមាន​មុខកាត់​ចាប់ពី​០.៥០​ម៉ែត្រ​រហូតដល់​២​ម៉ែត្រ និង​បណ្ដោយ​ពី​៨​ដល់​១២​ម៉ែត្រ យកមក​ស្តុក​ទុក​ក្នុង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។

​សកម្មជន​ព្រៃឈើ​នៅ​ស្រុក​សេ​សាន បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ដូចជា គ្រញូង បេង នាងនួន និង​ធ្នង់​ជាដើម ត្រូវគេ​ដឹកជញ្ជូន​ចូល​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តស្ទឹងត្រែង នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តស្ទឹងត្រែង បាន​រិះគន់​ចំៗ​ថា​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺជា​ទីតាំង​សម្រាប់ធ្វើ​ឲ្យ​ឈើ​ខុសច្បាប់​ក្លាយទៅជា​ឈើ​ស្របច្បាប់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​នៅពេល​ឈើ​ក្នុង​ផ្ទៃ​អាង​ត្រូវ​វិនាស​ហិនហោច​អស់ គឺ​ឈ្មួញ​ខិលខូច​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ផ្សេង​យកមក​ស្តុក​ទុក​ក្នុង​បរិវេណ​ផ្ទៃ​អាង ដើម្បី​បំប្លែង​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់ ហេតុនេះហើយ​ទើប​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​នាពេល​ឆាប់ៗ​ខាងមុខ​៕

287លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ image