ពិបាក​រស់នៅ ព្រោះ​ក្លិនស្អុយ​ពី​ស្តង់​ដំឡូង​មី

ខេត្ត​ប៉ៃលិន ៖ អ្នក​រស់នៅ​ភូមិ​ថ្នល់ទទឹង និង​ភូមិ​អូរ​អណ្តូង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ បាន​កើតទុក្ខ​មិន​សុខចិត្ត ព្រោះតែ​ភាព​ស្អុយ​អា​សោច​ដែល​ភាយ​ក្លិន​ចេញពី​ស្តង់​ដំឡូង​មី​មួយ​កន្លែង​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​អូរ​អណ្តូង ឃុំ​អូរ​អណ្តូង ខណៈ​ដល់​រដូវ​ប្រមូល​ផល​ម្តង​ៗ​បណ្តាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ក្លិនស្អុយ​ទាំងនោះ​ផង ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ ក្នុង​ខែមិថុនា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្តង់​ដំឡូង​មី​ជា​ច្រើន​គ្រួសារ បាន​និយាយ​ធ្វើការ​រិះគន់​ដូច​ៗ​គ្នា​ថា ស្តង់​ដំឡូង​មី​ដ៏​ធំ​មួយ​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ខ្លាំង​ណាស់ ជា​ពិសេស​សុខភាព​អ្នក​រស់នៅ​ទីនោះ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​រៀបរាប់​ទាំង​ក្តី​មិន​ពេញចិត្ត​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​នាំ​គ្នា​សង់​លំនៅ​ឋាន​រស់នៅ​ភូមិ​ខាងលើ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ មិន​ធ្លាប់​ឃើញ​មាន​នរណា​ម្នាក់​មាន​ជម្ងឺ​ញឹកញាប់​នោះ​ឡើយ ។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ស្តង់​ដំឡូង​មី​របស់​អ្នកមាន​ម្នាក់​ចាប់ផ្តើម​សាងសង់​នៅ​កណ្តាល​ភូមិ​បែប​នេះ ធ្វើ​ឱ្យ​កូន​ក្មេង​តូច​ៗ​កើត​មាន​ជម្ងឺ​ជា​ញឹកញាប់​ស្ទើរ​រាល់ថ្ងៃ ហើយ​សូ​ម្បី​តែ​មនុស្ស​ចាស់​ក៏​លំបាក​ក្នុង​កា​រស់នៅ​ផង​ដែរ ។ ពួក​គាត់​បញ្ជាក់​ទៀត​ថា នៅ​រដូវ​ប្រមូល​ផល​ដំឡូង​មី ពេល​ម្ចាស់​ស្តង់​យក​គ្រឿងចក្រ​កិន ឬ​កាប់​ចិញ្ច្រាំ បណ្តាល​ឱ្យ​ហុយ ធ្លាក់​លើដំបូល​ផ្ទះ លុះ​ពេល​ភ្លៀង​ធ្លាក់​មក​មិន​អាច​ប្រើ​ទឹក​នោះ​បាន​ឡើយ ក្លាយទៅជា​ស្អុយ ហើយ​ពុល ប្រើប្រាស់​ដាំបាយ ឬ​ងូត​មិនកើត​នោះ​ទេ ។ បើ​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​វិញ ទឹក​ស្អុយ​បាន​ហូរ​ចេញពី​ស្តង់​ចូល​ទៅ​ក្នុង​ប្រឡាយ មិន​អាច​ឱ្យ​ដងទឹក​ស្រោច​ដំណាំ​ដាំ​ដុះ​បាន​ទេ បើ សត្វ​មាន់​ទា​ផឹកទឹក​នោះ គឺ​ងាប់​ទាំងអស់​តែ​ម្តង ។ ដូច្នេះ ពួក​គាត់​ពិបាក​ក្នុង​ការ​រស់នៅ​ក្បែរ​ស្តង់​ដំឡូង​មីនោះ​ខ្លាំង​ណាស់ ៕