គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ចុះ​ផ្តល់​អំណោយ ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ចុះ​ផ្តល់​អំណោយ ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​



កំពង់ឆ្នាំង​ ៖ លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​ក្រុមការងារ នៅ​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ បាន​ចុះ​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ភូមិ​គ្រាំង​លាវ ឃុំ​គ្រាំង​លាវ ស្រុក​រលាប្អៀរ បន្ទាប់ពី​ផ្ទះ​ឈើ​មួយ​ខ្នង​ធំ​របស់​ពួកគាត់​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​០៦​ ខែមិថុនា ឆ្នាំ​២០១៦ ពេល​ប្ដី​ប្រពន្ធ​គាត់​នាំគ្នា​យក​កូន​ទៅ​ដេក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត មានតែ​ម្តាយ​ចាស់​នៅចាំ​ផ្ទះ​។

លោក កែ រិ​ន មេឃុំ​គ្រាំង​លាវ បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​នេះ​មាន​ទំហំ​១២​ម គុណ​នឹង​៩​ម ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង ដែល​មាន​ម្ចាស់​ឈ្មោះ ម៉ៅ សារ៉ាត់ អាយុ​៣៧​ឆ្នាំ​ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ឈឹម គ​ន្ធា អាយុ​៣៨ មុខរបរ​ធ្វើស្រែ មានកូន​២​នាក់។

មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៨​និង​៣០​នាទី ម្ចាស់ផ្ទះ​ប្ដី និង​ប្រពន្ធ​ បាន​យក​កូនប្រុស​បង​អាយុ​១២​ឆ្នាំ មាន​ជំងឺ​គ្រុនឈាម​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្តកំពង់ឆ្នាំង ដោយ​ទុក​ឲ្យ​ម្តាយ​ចាស់​ ឈ្មោះ ប៉ុល លី​ន អាយុ​៨០​ឆ្នាំ និង​កូនស្រី​តូច​ អាយុ​១០​ឆ្នាំ​នៅចាំ​ផ្ទះ​។ ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់ ផ្ទះ​ជនរងគ្រោះ​បាន​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ទើប​លោកយាយ​ និង​ចៅ​នៅចាំ​ផ្ទះ​ដឹង ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​គ្មាន​អ្នកណា​អាច​ចូល​ជួយ​ពន្លត់​បាន​ឡើយ គឺ​ប្រមាណ​១​ម៉ោង ផ្ទះ​នោះ​បាន​ឆេះ​ខ្ទេច​ទាំងស្រុង​។ ករណីនេះ​បាន​ខូចខាត​ឆេះ​អស់​ផ្ទះ​១​ខ្នង ឆេះ​ប្រាក់​អស់​១​លាន​៥០​ម៉ឺន​រៀល មាស​១​តម្លឹង (​តែ​រក​ឃើញ​ក្នុង​គំនរ​ផេះ​មួយចំនួន​វិញ​) ស្រូវ​៣​តោន និង​ទ្រព្យ​ក្នុងផ្ទះ​ជាច្រើន​ទៀត​។​

លោកយាយ ប៉ុល លីន នៅក្នុង​ហេតុការណ៍​នេះ​ គាត់​បាន​និយាយ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ នៅ​ម៉ោង​៨​និង​៣០​នាទី ពេល​កូន​គាត់​យក​ចៅ​ឈឺ​ទៅ​មន្ទីរពេទ្យ​ខេត្ត គាត់ ​និង​ចៅ ​បាន​ដេក​នៅក្នុង​បន្ទប់​កណ្ដាល​ផ្ទះ ស្រាប់តែ​នៅ​ម៉ោងជាង​១១​យប់ ពេល​គាត់​ដឹង​ខ្លួន​ក៏បាន​ឃើញ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ​ចេញពី​បន្ទប់​កូន​គាត់​នៅ​ខាង​មុខ​ ដែល​ចាក់​សោ​ជាប់ ពេលនោះ​គាត់​បាន​ដឹក​ដៃ​ចៅស្រី រត់​ចុះ​មក​ដី ដោយ​ត្រូវ​ភ្លើង​ឆេះ​រលាក​ខ្នង​អស់​បន្តិច​ដែរ ការ​ឆេះ​ផ្ទះ​នេះ​លោកយាយ​មិន​ដឹង​ថា ​ឆេះ​មកពី​អ្វី​ទេ​គឺ​ពិតជា​ឆ្ងល់​ណាស់ ដោយ​សុំ​ឲ្យ​នគរបាល និង​អាជ្ញាធរ​ឃុំ​ជួយ​ស្រាវជ្រាវ​ផង​។​

ដោយឡែក​រឿង​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ដាក់​ការ​សង្ស័យ​ថា អាច​បណ្ដាលមកពី​ភ្លើង​ធូប ប៉ុន្តែ​ការ​ពិត​យ៉ាងណា​នោះ​គេ​មិនទាន់​ស្រាវជ្រាវ​ដឹង​ច្បាស់លាស់​ទេ​។​

នៅក្នុង​ពិធី​ផ្តល់​អំណោយ​ជូន​គ្រួសារ​ជនរងគ្រោះ លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​និយាយ​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ ក្រុមការងារ​កាកបាទ​ក្រហម​ខេត្ត ក៏បាន​នាំ​យក​អំណោយ​សង្គ្រោះ​របស់​កាកបាទក្រហម ចុះ​មក​ផ្តល់​ជូន​ជនរងគ្រោះ​ដោយ​ផ្ទាល់ ដែល​អំណោយ​ទាំងនោះ​រួមមាន​៖ អង្ករ​៣០​គីឡូ ថវិកា​៤៤​ម៉ឺន​រៀល ក្នុង​នោះ​ថវិកា​១០​ម៉ឺន​រៀល​របស់​កាក​បាទក្រហម និង​៣៤​ម៉ឺន​រៀល​របស់​ក្រុមការងារ​រ៉ៃ​អង្គាស​គ្នា រួម​ជាមួយ​គ្រឿង​ឧបភោគ​បរិភោគ និង​សំភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ ដោយឡែក​នៅក្នុង​ភូមិ​អ្នកស្រុក​បាន​សាមគ្គី​គ្នា​មក​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ បាន​ប្រាក់​សរុប​ចំនួន​១​លាន​១០​ម៉ឺន​រៀល និង​សំភារៈ​ប្រើប្រាស់​ហូបចុក​មួ​យ​ចំនួន​ធំ ស្រូវ​២១០​គីឡូ និង​អង្ករ​២០​គីឡូ​ថែមទៀត​។​

លោកជំទាវ កែ ច័ន្ទមុនី អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​បាន​លើក​ឡើង​នៅក្នុង​ពិធី​ផ្តល់​អំណោយ​នេះ​ថា លោកជំទាវ​សូម​ថ្លែងអំណរគុណ​ណាស់​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​បាន​ជួយឧបត្ថម្ភ​ប្រាក់ និង​សម្ភារៈ រួម​ជាមួយ​កាកបាទក្រហម​ខេត្ត ដែល​នេះ​គឺជា​សន្តាន​ចិត្ត​ និង​ប្រពៃណី​ដ៏​ល្អ​របស់​ខ្មែរ​យើង​ចេះ​ជួយ​គ្នា​ក្នុង​គ្រាក្រ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​។

លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ផង​ដែរ​ដល់​អាជ្ញាធរ​ឃុំ ឲ្យ​ជួយ​ជា​កម្លាំង​ពលកម្ម​ក្នុង​ការ​ជួយ​បោសសំអាត​កម្ទេច​ធ្យូង​នៅ​កន្លែងផ្ទះ​ឆេះ និង​សាងសង់​ខ្ទម​តូច​មួយ​សម្រាប់​ជនរងគ្រោះ​ជ្រកកោន​ជា​បណ្ដោះ​អា​សន្ន​​ផង​ដែរ​៕

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ចុះ​ផ្តល់​អំណោយ ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ចុះ​ផ្តល់​អំណោយ ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ចុះ​ផ្តល់​អំណោយ ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ចុះ​ផ្តល់​អំណោយ ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ចុះ​ផ្តល់​អំណោយ ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​