ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្លាយជា​ជនសង្ស័យ​គ្រឿងញៀន​

ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្លាយជា​ជនសង្ស័យ​គ្រឿងញៀន​



 

តាកែវ ​៖​ ជន​សង្ស័យ​ថ្នាំញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស​ ឃាត់​ខ្លួន​ ​ ក្រោយ​ពី​ដឹង​ក្នុង​ពេល​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ជន​សង្ស័យ​ បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួស​ទាំង​សងខាង។

បើ​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​បាន​បង្ហាញ​ថា កាលពី​វេលា​ម៉ោង ១៧​និង​២៥​នាទី​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាង​ម៉ូតូ២​គ្រឿង​បុក​គ្នា​ នៅ​ចំណុច​មុខ​ខ្លោងទ្វារ​វត្ត​ព្រៃ​ល្វា ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បា​ស ខេត្តតាកែវ បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំង២​រង​របួស​ទាំង​សងខាង​។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​ខាង​កម្លាំង​នគរបាល​ចរាចរណ៍​បាន​បញ្ជូន​ជនរងគ្រោះ​ទាំ​ង​អស់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​។ ពេល​កំពុង​ចូល​ព្យាបាល​របួស​នោះ​ ស្រាប់តែ​ប្រជាពលរដ្ឋ​ឃើញ​ជនរងគ្រោះ​ម្នាក់​បាន​លួច​ចេញ​តាម​ទ្វារ​ក្រោយ​មន្ទីរពេទ្យ ប្លោះ​របង​ចេញ​ក្រៅ​រត់​បាត់​ និង​បាន​បោះ​ថង់​ខ្មៅ​មួយ​ចូល​ក្នុង​ទឹក​ត្រពាំង ​ទើប​ប្រជាពលរដ្ឋ​ដែល​ឃើញ​បាន​រាយការណ៍​សកម្មភាព​នោះ​ដល់​សមត្ថកិច្ច។ ពេល​នោះ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក ​បាន​ចុះ​ទៅ​ក្នុង​ត្រពាំង​រាវរក​ថង់​ ដែល​ជនរងគ្រោះ​បោះចោល​។ ក្រោយពេល​រាវរក​ឃើញ​ថង់​ខ្មៅ​នោះ​ហើយ​ទើប​ដឹង​ថា​ ជា​ថង់​ថ្នាំ​ញៀន​ ដែល​ជនរងគ្រោះ​បោះចោល​ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ដឹង។ នៅក្នុង​ថង់​ខ្មៅ​នោះ​មាន​ថ្នាំញៀន​ចំនួន​០៣​ថង់​ធំ​កន្លះ និង​១៥​ថង់​តូច​។

បើ​តាម​សម្ដី​របស់​លោក​វរសេនីយ៍ទោ ជុំ ឈឿន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹង​ថា ជន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ក្លាយ​ជា​ជនសង្ស័យ​ថ្នាំញៀន​នោះ​មាន ឈ្មោះ ងួន នរ​វិសុទ្ធ ហៅ សុង​ ប៉ែត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ​បាន​រត់​គេច​ខ្លួន​បាត់​ក្រោយ​កើត​ហេតុ ដោយ​ទុក​នារី​រួម​ដំណើរ​ជាមួយ​ម្នាក់​នៅ​នឹង​មន្ទីរពេទ្យ​ ឈ្មោះ សោម មុំ អាយុ​១៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ ស្នាក់នៅ​ភ្នំពេញ​ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះ​ស្ដេច ខេត្តព្រៃវែង​។

បច្ចុប្បន្ន ​ជន​សង្ស័យ​ថ្នាំញៀន​ដែល​រត់គេច​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រុក​ព្រៃកប្បាស​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​កោះធំ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន។ ចំណែក​នារី​រួម​ដំណើរ​ជាមួយ​ត្រូវ​បាន​ឃាត់​ខ្លួន ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ទៀត៕

ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្លាយជា​ជនសង្ស័យ​គ្រឿងញៀន​