ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តរតនគិរី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​

បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ទូទាំងប្រទេស​ចាត់វិធានកា​រ​ពង្រឹង​សន្តិសុខ​សង្គម ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​នោះ មិនទាន់​ឃើញ​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​។ ជាក់ស្ដែង​ករណី​ប្លន់​ប្រដាប់អាវុធ​នៅតែ​កើត​ឡើងជា​បន្តបន្ទាប់​ដូ​ច​ជា នៅ​ខេត្តបាត់ដំបង ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​ខេត្តរតនគិរី​ជាដើម​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ដល់​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​គ្រប់​រាជធានី​-​ខេត្ត យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។

កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមចោរ​ប្រដាប់អាវុធ​៤​នាក់​បាន​ចូលធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទទឹង ឃុំ​ល្បាំ​ង ស្រុក​លំផាត់ ខេត្តរតនគិរី យក​អស់ប្រាក់​និង​ទ្រព្យសម្បត្តិ​មួយចំនួន ហើយ​បាញ់​ម្ចាស់ផ្ទះ​បណ្ដាល​ឲ្យ​រងរបួស​ផងដែរ​។ ប្រភពពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ក្រុមចោរ​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម និង​កាំភ្លើង​វែង​១​ដើម ដើរចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទទឹង ឃុំ​ល្បាំ​ង ស្រុក​លំផាត់ យក​អស់​លុយ​ជាង​២០០០​ដុល្លារ និង​ទ្រព្យសម្បត្តិ​មួយចំនួន ហើយ​បាញ់​ម្ចាស់ផ្ទះ​ធ្លាយ​ពោះ​ទើប​ប្រមូល​លុយ​និង​ទ្រព្យសម្បត្តិ​គេចខ្លួន​ភ្លាមៗ​។ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរ​បាញ់​ធ្លាយ​ពោះ​មានឈ្មោះ រិ​ន អាយុ​២៧​ឆ្នាំ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ភ្លាមៗ​ក្រោយ​កើតហេតុ​។

​អំពើ​ប្លន់​ដ៏​សាហាវ​ខាងលើនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​លំផាត់ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្រុង​បាន​លុង និង​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដូចជា អំពើចោរកម្ម ល្បែងស៊ីសង និង​គ្រឿងញៀន​ជាដើម បានកើត​ឡើង​យ៉ាង​រាលដាល​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម ជាពិសេស​ត្រូវ​ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ប្រកបដោយ​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនេះ​អភិបាលខេត្ត​និង​ស្នងការ​នគរបាល​ខេត្តរតនគិរី ត្រូវ​លុបបំបាត់​ជាបន្ទាន់​នូវ​បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​ជាដើម ព្រោះ​ជា​ប្រភព​នៃ​អំពើចោរកម្ម​លួច​ប្លន់​គួរ​ឲ្យ​ភ័យខ្លាច​៕

លោកនាយឧត្តមសេនីយ៍-នេត​សាវឿន-អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ CH-0082