លោក សម សាវុធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង សប្បាយ​ប្រមូល​លុយ​ពី​កុងត្រូលជជុះ​នៅ​ស្រុក​រមាសហែក

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា បា​រ៉ា​ស់ដែក​ដែល​ដាក់​ទទឹងផ្លូវ​ថ្នល់​ដ៏​ធំ​មួយ របស់​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង ត្រង់ចំណុច​ជាប់​របង​វត្ត​ក្រសាំង ភូមិ​ក្រសាំង ឃុំ​ក្រសាំង ស្រុក​រមាសហែក គឺជា​កុងត្រូលជជុះ​ចាំ​ជំរិត​យកលុយ​ពី​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹកទំនិញ​ឆ្លងកាត់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា បា​រ៉ា​ស់ដែក​នោះ​ត្រូវគេ​ដាក់​ក្រោមលេស​បិទ​មិន​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​បំផ្លាញ​ផ្លូវ ប៉ុន្តែ​ការពិត​រថយន្ត​ដឹកទំនិញ​ធំៗ​ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ឆ្លងកាត់​បាន​ដដែល ប្រសិនបើ​ម្ចាស់​រថយន្ត​បង់លុយ​តាម​ការកំណត់​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ផង ព្រោះ​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង បាន​បង្ហើប​ឲ្យ​ដឹងថា កុងត្រូលជជុះ​នោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក សម សាវុធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង​។

អាជីវករ ឈ្មួញ និង​ប្រជាពលរដ្ឋ​ដែល​ដឹកទំនិញ​ដឹក​កសិផល​ឆ្លងកាត់​ផ្លូវ​ក្នុងស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា បា​រ៉ា​ស់​ជា​កុងត្រូលជជុះ​នោះ ត្រូវបាន​គេ​ចាក់សោ​ជាប់​ទាំងយប់​ទាំង​ថ្ងៃ ប៉ុន្តែ​នៅពេល​រថយន្ត​ធំៗ​បើក​មកដល់​ចំណុច​នេះ គឺ​ម្ចាស់​រថយន្ត​តែង​ចុះ​ទៅយក​កូនសោ​ពី​ម្ចាស់ផ្ទះ​ដែល​នៅជាប់​នឹង​បា​រ៉ា​ស់​នោះ ហើយ​បើករថយន្ត​ឆ្លងកាត់​យ៉ាង​ងាយស្រួល​។ ជាងនេះទៅទៀត​ពេលខ្លះ​គេ​ឃើញ​លោក​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្រសាំង ឈ្មោះ កន ឬក៏​ប្រពន្ធ​របស់គាត់​កាន់​កូនសោ​ចេញមក​បើក​បា​រ៉ា​ស់ ជា​ថ្នូរ​នឹង​ការ​បង់លុយ​តាម​កំណត់​។ ម្ចាស់​រថយន្ត​ធំៗ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​បើកបរ​ឆ្លងកាត់​បា​រ៉ា​ស់​នេះ សម្រាប់​រថយន្ត​ដឹក​ខ្សាច់​គេ​យក​៣​ម៉ឺន​រៀល រថយន្ត​ដឹក​ថ្ម​គេ​យក​៤​ម៉ឺន​រៀល រីឯ​រថយន្ត​ដឹកឈើ​គេ​យក​២០​ម៉ឺន​រៀល ហើយ​សកម្មភាព​យកលុយ​នេះ​កើតមាន​ប្រមាណ​២​ឆ្នាំ​មកហើយ​។

​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា លោក សម សាវុធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង កំពុង​កាក់កប​ក្នុងការ​ប្រមូល​លុយ​ពី​រថយន្ត​ធំៗ​ឆ្លងកាត់​ផ្លូវលំ​ក្នុងស្រុក​រមាសហែក ដោយ​ឲ្យ​មន្ត្រីនគរបាល​ឈ្មោះ កន និង​ប្រពន្ធ​ជា​អ្នក​ចេញមក​ជំនួស​។ បន្ទាប់ពី​រឿងរ៉ាវ​នេះ​ត្រូវបាន​លាតត្រដាង​ស្រាប់តែ​លោក សម សាវុធ ចេញមក​អះអាងថា ការដាក់​បា​រ៉ា​ស់ដែក​កាត់​ទទឹង​ផ្លូវថ្នល់​នៅជាប់​វត្ត​ក្រសាំង​នោះ គឺ​ខាង​មន្ទីរ​ដាក់​សម្រាប់​បិទ​កុំ​ឲ្យ​មាន​រថយន្ត​ធំៗ​ឆ្លងកាត់​ដែល​អាច​នាំ​ឲ្យ​ខូច​ផ្លូវ​។ ប៉ុន្តែ​ការពិត​រថយន្ត​ធំៗ​ដឹកទំនិញ ដឹកឈើ ដឹក​ខ្សាច់ ដឹក​ថ្ម នៅតែ​អាច​ឆ្លងកាត់​យ៉ាង​រលូន​ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​លោក សម សាវុធ កំពុងតែ​សប្បាយ​ប្រមូល​លុយ ហើយ​ផ្លូវ​ក្នុងស្រុក​រមាសហែក នៅតែ​រង​ការខូចខាត​ដដែល​៕

484លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន Untitled-1-12