រោង​ម៉ាស៊ីន​អារឈើ​ក្នុងស្រុក​ភ្នំក្រវាញ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ពុករលួយ​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវ​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ថា មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ និង​បង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​ភ្នំក្រវាញ​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ចាប់តាំងពី​តំបន់ភ្នំ​ក្រវាញ ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ​និង​អភិរក្ស ហើយ​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួងបរិស្ថាន​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល​។ លោក ប៉ាន់ មរកត ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដែល​កើតឡើង​ក្នុង​តំបន់​អភិរក្ស​និង​ការពារ​ព្រៃឈើ​នោះទេ​។

មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ទើបតែ​ដាក់​ម៉ាស៊ីន​អារឈើ​៣​ខ្សែ​នៅ​តំបន់​ច្រេស ឃុំ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ និង​ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ ហើយ​ពុំមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ព្រៃឈើ​ក្នុង​តំបន់​នេះ កាលពីមុន​គ្រប់គ្រង​ដោយ​ខាង​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​អារច្រៀក​ឈើ​មាន​សកម្មភាព​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​៣​ខាងលើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​មាន​សភាព​ខ្លាំងក្លា​ចាប់តាំងពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ឈ្មួញ​ល្បី​ខាង​រកស៊ី​ឈើ​ខុសច្បាប់​ក្នុង​តំបន់​នេះ ជា​មន្ត្រីនគរបាល​ខេត្តពោធិ៍សាត់ ឈ្មោះ ម៉ៅ ហើយ​ឈ្មួញ​ម្នាក់នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ដូច្នេះ​លោក សាយ សំ​អាល់ ដែលជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​បច្ចុប្បន្ន​តំបន់​អភិរក្ស​និង​ការពារ​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ កំពុង​កើតមាន​បទល្មើស​យ៉ាង​ពេញបន្ទុក ហើយ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ប​ង្ក្រា​បរោ​ង​ម៉ាស៊ីន​អារឈើ​នៅ​ស្រុក​ភ្នំក្រវាញ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​និង​អភិរក្ស​តទៅទៀត​៕

1-29 2-28