និយាយ​សាសង​ជាមួយ​ស្រី​តាមផ្លូវ ត្រូវ​ក្រុម​ជនល្មើស​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

និយាយ​សាសង​ជាមួយ​ស្រី​តាមផ្លូវ ត្រូវ​ក្រុម​ជនល្មើស​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​



ភ្នំពេញ ​​៖ ​ម៉ូតូ​ម៉ាក​ឌូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC-0113 មួយ​គ្រឿង ​ត្រូវ​បាន​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ទៅ​បាត់ ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​ម៉ូតូ កំពុងតែ​និយាយ​សាសង​ជាមួយ​នារី​ម្នាក់។ អំពើ​ប្លន់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦​ តាម​ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ឧត្តម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ ​ហេង លី ផ្លូវ​២៦​៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ រូប​គេ​ បាន​ជិះ​ម៉ូតូ​​ម៉ាក​ឌូក​ ពាក់ស្លាក​លេខ ​ភ្នំពេញ​1DC-0113 ​​ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ហូប​អ្វី​នៅ​កោះ​ពេជ្រ មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ ជិះ​ឌ្រីម​សង់​សេ​១២៥​ ពណ៌​ខ្មៅ​ បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​យក​ម៉ូតូ​ ដោយ​សុវត្ថិភាព។

សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​ ពាក់​ស្លាក​លេខ ភ្នំពេញ​1DC-0113 ធ្វើដំណើរ​ចេញពី​ហូប​អី នៅ​កោះ​ពេជ្រ លុះ​ជិះ​មកដល់​ចំណុច​កើត​ហេ​តុ​ជនរងគ្រោះ​ក៏បាន​ឈប់​ម៉ូតូ​និយាយ​ជាមួយ​នារី​ម្នាក់​ ដែល​ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​២៦៩ ភូមិ​១០ សង្កា​ត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ក្នុង​ខណៈនោះ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​សេ​១២៥​មួយ​គ្រឿង មកដល់​ដក​កាំភ្លើង​ភ្ជង់​យក​ម៉ូតូ​ជនរងគ្រោះ​ រួច​បត់​ត្រឡប់​ក្រោយ​ជិះ​ចេញ​ដោយ​សុវត្ថិភាព ទើប​មានការ​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ចេញ​មក​សាកសួរ​ និង​ឲ្យ​ជនរងគ្រោះ​​ទៅ​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​៣ ​ដើម្បី​តាម​រក​ជនសង្ស័យ​មក​ផ្ដន្ទា​ទោស​តាមផ្លូវ​ច្បាប់​៕​