ឧកញ៉ា​ម្នាក់​​ប្រកាស​ជូន​កីឡាករ​ខ្មែរ ដែល​ទាត់​បាល់​ពិន័យ​យប់​ម៉ិញ «១លាន​រៀល»

គ្រាន់តែរកគ្រាប់បាល់បាន នៅក្នុងការប្រកួតបាល់ទាត់ កាលពីយប់ម៉ិញ ទាំងការប្រកួត​នៅមិនទាន់ចប់​សព្វគ្រប់ នៅ​ឡើយ​នោះ ឧកញ៉ាមួយរូបបានប្រកាស នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ថានឹងជូនរង្វាន់​«១លាន​រៀល» ទៅ​ឲ្យ​កីឡាករ ដែលជាអ្នកទាត់បាល់ពិន័យ បានសម្រេចម្នាក់នោះ។
ឧកញ៉ា​ម្នាក់​​ប្រកាស​ជូន​កីឡាករ​ខ្មែរ ដែល​ទាត់​បាល់​ពិន័យ​យប់​ម៉ិញ «១លាន​រៀល»

កីឡាករ ប្រាក់ មុន្នីឧត្ដម ទាត់បាល់ពិន័យ រកគ្រាប់ទីពីរឲ្យក្រុមកម្ពុជា។ (រូបថតហ្វេសប៊ុក)

ទោះការប្រកួត នៅមិនទាន់ចប់ និងមិនទាន់ដឹងលទ្ធផលចាញ់ឈ្នះ ចុងក្រោយនៅឡើយ តែកីឡាករ​បាល់​ទាត់ជម្រើសជាតិ​កម្ពុជា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង រួចជាស្រេចហើយ ពីសំណាក់អ្នកគាំទ្រ​របស់​ខ្លួន។ ជាពិសេសគឺការគាំទ្រ លើកទឹកចិត្តពីសំណាក់ឧកញ៉ាម្នាក់ ទៅដល់កីឡាករ ប្រាក់ មុន្នីឧត្ដម ដែលរក​គ្រាប់​បាល់​បាន មួយគ្រាប់បន្ថែមទៀត ដោយទាត់បាល់ពិន័យ នៅនាទីទី៦០ និងដែលធ្វើឲ្យ​ក្រុម​កីឡាករ​កម្ពុជា នាំមុខ​ក្រុម​កីឡាករ ឆាយនីសតៃប៉ិ រហូតដល់ពិន្ទុ២ទល់នឹង០។

លោកឧកញ៉ា ហេង​ សិទ្ធី ​បាន​ប្រកាស នៅ​ក្នុង​គណនី​ហ្វេសបុក​ផ្ទាល់ខ្លួន​​ថា​ លោកនឹង​ឧបត្ថម្ភ​ទឹក​ប្រាក់ ចំនួន​មួយ​លាន​រៀល​ដល់​កីឡាករ​ ប្រាក់ មុន្នី​ឧត្តម​​​​ ដែល​ជាអ្នកទាត់​បាល់ពិន័យ បានសម្រេច។ ដើម្បីអាចទទួល​យក​ការឧបត្ថម្ភនេះបាន លោកឧកញ៉ា បានស្នើទៅកីឡាករ ដើម្បីធ្វើការទាក់ទង ទៅកាន់​ជំនួយ​ការ​របស់​លោក ដោយមានទាំងលេខទូរស័ព្ទផង។ ប៉ុន្តែលេខទូរស័ព្ទនេះ ត្រូវបានលប់ចេញទៅវិញ នៅពេល​បន្តិច​ក្រោយ​មក។ ​

សូមបញ្ជាក់ដែរថា កាលពីយប់​ថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានទម្លាក់ក្រុម​ឆាយនីស​តៃប៉ិ តាមរយៈការយកឈ្នះ ២-០ ក្នុង​ការ​ប្រកួតសងវិញ ឬហៅថាការប្រកួតកាត់សេចក្តី នៅក្នុងទឹកដីខ្លួនឯង នា​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បីទទួលបានឱកាស ឡើងទៅប្រកួតនៅជុំទី៣ សម្រាប់ពានរង្វាន់ជើងឯកទ្វីបអាស៊ី «AFC Asian Cup 2019» ជាមួយប្រទេសខ្លាំងៗដទៃទៀត។

ការប្រកួតជើងទី១ នៅក្នុងរដ្ឋធានី តៃប៉ិ ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ២-២ ដែលធ្វើឲ្យលក្ខខណ្ឌ​នៃ​ការប្រកួតយប់នេះ មានសភាពតឹងតែងជាទីបំផុត ជាពិសេសម្រាប់ក្រុមតៃប៉ិ ដែលចាំបាច់ត្រូវតែឈ្នះ ដោយ​សារ​ក្រុមកម្ពុជាមានប្រៀបមុន ព្រោះរកគ្រាប់បាល់បាន នៅលើទឹកដីគូប្រកួតបានរួចហើយ។ តែការប្រកួត​នា​យប់​ថ្ងៃ​អង្គារ​ម្សិលម៉ិញ បានចាប់ផ្ដើមត្រឹមតែ៦នាទីប៉ុណ្ណោះ ក្រុមកម្ពុជារកបានគ្រាប់បាល់នាំមុខ​បាត់​ទៅ​ហើយ។ គ្រាប់បាល់នេះ ត្រូវបានកីឡករ ហុង ផេង ប្រើក្បាលបញ្ជូនបាល់ ចូលទីរបស់គូប្រកួត។

រីឯនៅនាទីទី៦០ ដោយការធ្វើកំហុស របស់អ្នកចាំទីនៃក្រុមតៃប៉ិ ទៅលើកីឡាករកម្ពុជា ឈ្មោះ ចាន់ វឌ្ឍនាកា ដែលពូកែបណ្ដើរបាល់ទៅយ៉ាងលឿន ដល់ក្នុងតំបន់គ្រោះថ្នាក់​នោះ អាជ្ញាកណ្ដាលបានពិន័យក្រុមតៃប៉ិ ដោយ​ឲ្យ​​ក្រុមកម្ពុជា ទាត់បាល់ពិន័យដោយផ្ទាល់ នៅចំងាយ១១ម៉ែត្រ។ កីឡាករដែលរកគ្រាប់ទីពីរនេះ ជា​«រន្ទះ»​ជើងនៃកីឡាករ ប្រាក់ មុន្នីឧត្ដម ដែលទើបដាក់​ឲ្យចូលលេង​ជំនួសកីឡាករ ហួយ ផល្លីន។ ប៉ុន្តែ​បើ​ជ័យជំនះ កើតមានឡើង សម្រាប់ក្រុមកម្ពុជានោះ វាគឺជាការខិតខំរបស់ក្រុមទាំងមូល និងបច្ចេកទេស​នៃ​ការ​លេង​ដ៏ល្អ របស់​កីឡាករ​ទាំងអស់ រួមនឹងគ្រូបង្វឹកផង ដែលមិនអាចខ្វះ​នរណាមួយបានឡើយ។

នៅជុំទីបី ក្រុមកម្ពុជានឹងទៅជួបប្រកួតជុំ ជាមួយក្រុមដទៃទៀត មានក្រុមអាហ្វហ្គានីស្ថាន បារ៉ែន ហ្គាម ហុងកុង ស៊ូដង់ កៀហ្ស៊ីគីស្ថាន លីបង់ ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងជើង អូម៉ង់ ប៉ាឡេស្ទីន ហ្វីលីពីន សិង្ហបុរី តួកម៉េនីស្ថាន និងវៀតណាម ព្រមជាមួយក្រុមចំនួន៧ទៀត ដែលឡើងមកពីការប្រកួត វគ្គជម្រុះជា​បឋម​នេះ​ដែរ។ ជាសរុបនៅជុំទីបី មានទាំងអស់២៤ក្រុម ហើយវគ្គនេះ នឹងត្រូវធ្វើការចាប់ឆ្នោត ដើម្បីជួបទាត់ជាមួយ​ក្រុម​ណា​មួយ៕