អំពើពុករលួយ​របស់​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង ក្រោម​ការគ្រប់គ្រង​រប​ស់លោក សាត គឹម​សាន ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​។ រឿងអាស្រូវ​ពុករលួយ​របស់​សមត្ថ​កិច្ច​នគរបាល​ចរាចរ​ណ៍​ខេត្តបាត់ដំបង ក្នុងការ​ផាកពិន័យ​ហើយ​មិន​ចេញ​វិក្កយបត្រ​តាមច្បាប់ គឺជា​ប្រការ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង រិះគន់​កាន់តែខ្លាំង​ឡើងៗ​។ ដូច្នេះ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរពិនិត្យមើល​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក សាត គឹម​សាន ខ្លះ​ផង​ព្រោះ​លោក សាត គឹម​សាន បាន​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា កន្លងទៅ​មាន​នារី​វ័យក្មេង​២​នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ហើយ​ត្រូវ​នគរបាល​ចរាចរណ៍​ប្រចាំ​រង្វង់​មូល​ដៃ​៨​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ផាកពិន័យ​ក្នុង​ម្នាក់​១៥០០០​រៀល ដោយ​មិនមាន​ចេញ​វិក្កយបត្រ​តាម​ការទាមទារ​របស់​នារី​វ័យក្មេង​ទាំង​២​នាក់​នោះទេ ដោយនិយាយ​ថា​ដល់​ម៉ោង​សម្រាក​។ បន្ទាប់មក​ពេល​នារី​វ័យក្មេង​ទាំង​២​នាក់​ជិះ​ម៉ូតូ​ទៅដល់​ចំណុច​ខាងមុខ​ទីបញ្ជាការ​យោធា​ភូមិ​ភិ​៥ ស្រាប់​តែមាន​នគរបាល​ចរាចរណ៍​មួយក្រុម​ទៀត​ចាប់​ផាកពិន័យ​ពួកនាង​៣​ម៉ឺន​រៀល​ម្ដងទៀត​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកនាង​តវ៉ា​យ៉ាងខ្លាំង​ក្លា​តែម្តង​។ រឿងរ៉ាវ​ដែល​កើតឡើង​នេះ គឺជា​រឿង​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​លោក សាត គឹម​សាន ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្តជា​យូរ​មកហើយ​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​រិះគន់ថា សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក សាត គឹម​សាន មិន​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះទេ ហើយ​បញ្ហា​កើតឡើង​កាលពី​ថ្ងៃទី​៣១ ខែឧសភា បានបញ្ជាក់​យ៉ាងច្បាស់​នូវ​អំពើពុករលួយ​របស់​ន​គ​របាល​ចរាចរណ៍​។ មិនតែប៉ុណ្ណោះ​ករណី​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍​ខេត្តបាត់ដំបង ប្រើ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ ក៏​កើត​ឡើងជា​បន្តបន្ទាប់​ដែរ ដោយសារតែ​លោក សាត គឹម​សាន បណ្ដោយ​ឲ្យ​កូនចៅ​របស់ខ្លួន​គិតតែ​ពី​រឿង​ផលប្រយោជន៍​ហួសហេតុ​ពេក​។ ដូច្នេះ​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ស​ណ្ដា​ប់​ធ្នាប់ ចរាចរណ៍​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង​ខ្លះ​ផង កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

Hong-0223លោក សាត គឹម​សាន  07-6-2016