ក្រុម​ចោរប្រដាប់​អាវុធ​បាញ់​បុរស​ម្នាក់ ធ្លាយ​ពោះ​ប្លន់​យក​លុយ​អស់​២០០០​ដុល្លារ​នៅ​ស្រុក​លំផាត់​

ក្រុម​ចោរប្រដាប់​អាវុធ​បាញ់​បុរស​ម្នាក់ ធ្លាយ​ពោះ​ប្លន់​យក​លុយ​អស់​២០០០​ដុល្លារ​នៅ​ស្រុក​លំផាត់​



រតនគិរី ៖ ​ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​កាំភ្លើង បាន​ធ្វើ​សកម្មភាព​ប្លន់ ​បុរស​ម្នាក់​យក​លុយ​២០០០​ដុល្លារ និង​បាញ់​ធ្លាយ​ពោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង ​នៅ​វេលា​ម៉ោង ​ប្រមាណ​៩​និង​៥០​នាទី យប់​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ ភូមិ​អូរទទឹង ឃុំ​របាំង ស្រុក​លំផាត់ ខេត្ត​រតនគិរី។ ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ ប្លន់​ទាំងនោះ​មាន​គ្នា​ចំនួន ៤​នាក់ ប្រដាប់​ទៅ​ដោយ​កាំភ្លើងខ្លី ១​ដើម វែង​១​ដើម បាន​ចូល ទៅ​បាញ់​ប្លន់​ជនរងគ្រោះ​ដល់​ក្នុង​ផ្ទះ បណ្ដាល​ឲ្យ​ធ្លាយ​ពោះ​ និង​ប្លន់​យក​លុយ​ចំនួន ២​ពាន់ ដុល្លារ ព្រម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ បូ រិ​ន អាយុ​២៧​ឆ្នាំ ត្រូវ​ក្រុម ចោរ​បាញ់​ធ្លាយ​ពោះ រង​របួស​ធ្ងន់ ហើយ​ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​អស់ ដោយ​សុវត្ថិភាព។ ក្រោយ​កើតហេតុ ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច ​​បញ្ជូន​​ មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត ​ តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រួសារ​បាន​បញ្ជូន​ជនរងគ្រោះ ទៅកាន់​ប្រទេស​វៀតណាម​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ខេត្តរតនគិរី បន្ទាប់ពី​ក្រុម​ចោរ​ប្រដាប់​អាវុធ បាន​ស្ងប់ស្ងាត់ មួយ​រយៈ​ពេល​ខ្លី នោះ ​ពេល​ថ្មីៗ​នេះ ​ក៏​ស្រាប់តែ​បាន​ចាប់​ផ្តើម​កម្រើក​ឡើងវិញ​នេះ។ បញ្ហា​នេះ ក៏ដោយសារតែ​ល្បែង ស៊ីសង​ដូចជា​កន្ទុយ​លេខ ភ្នាល់​បាល់ និង​ល្បែង​ផ្សេងៗ ជាច្រើន​ទៀត ដែល​កំពុងតែ​ធ្វើ ​សកម្មភាព​យ៉ាង​សកម្ម​ជា​រៀង​រាល់ថ្ងៃ។ ចំណែក​ឯ​អាជ្ញាធរ និង​កងកម្លាំង​មួយ​ចំនួន បាន​ត្រឹម ​តែ​ទទួល​ផល​ប្រយោជន៍​ពី ល្បែង​ស៊ីសង​នោះ ​ភ្លេច​អនុវត្ត​ភូមិ ឃុំ ឲ្យ​មាន​សុវត្ថិភាព ដែល​ដាក់​ចេញ​ដោយ រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ៕

ក្រុម​ចោរប្រដាប់​អាវុធ​បាញ់​បុរស​ម្នាក់ ធ្លាយ​ពោះ​ប្លន់​យក​លុយ​អស់​២០០០​ដុល្លារ​នៅ​ស្រុក​លំផាត់​