ក្រុម​ចោរ​កាន់​ដាវ​សាំ​ម៉ូ​រៃ ដេញ​កាប់​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ DUCK នៅ​ម្តុំ​ក្ដាន់​២ ​

ក្រុម​ចោរ​កាន់​ដាវ​សាំ​ម៉ូ​រៃ ដេញ​កាប់​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ DUCK នៅ​ម្តុំ​ក្ដាន់​២ ​



ភ្នំពេញ​ ៖​ យុវជន២​នាក់ នាំគ្នា​ទៅ​អង្គុយលេង​នៅមុខ​អគ្គបញ្ជាការ​​ កងយោធពលខេមរភូមិន្ទ ត្រូវ​បាន​ក្រុម​ចោរ​២​នាក់ ​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ គំរាម​កាប់​ប្លន់​យក​ម៉ូតូ DUCK តែ​មិនបាន​សម្រេច។ អំពើ​ប្លន់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​មុខ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់​ បាន​នាំ​គ្នា​ជិះ​ម៉ូតូ DUCK ពណ៌​ស​-​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CD-8584 ​​ឌុប​គ្នា​មក​អង្គុយលេង​លើ​សួនច្បារ​នៅ​កន្លែង​កើត​ហេតុ​ ​ខណៈ​កំពុង​ជជែក​គ្នា​ ក៏​ស្រាប់​តែ​មាន​នារី​ម្នាក់​ដើរមក​និយាយ​លេង​ជាមួយគ្នា​មួយ​ភ្លែត ​ហើយក៏​ដើរចេញ​ទៅវិញ​បាត់។ មួយ​ស្ទុះ​ក្រោយមក​នារី​ម្នាក់​នោះ​ក៏បាន​ដើរមក​អង្គុយលេង​ជាមួយ​វិញ​ម្តង​ទៀត ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ឌុប​គ្នា​មក​ឈប់​ ហើយ​បាន​ដក​ដាវ​សាំ​ម៉ូ​រ៉ៃ រត់​សំដៅ​មក​រក​ខ្លួន​បំណង​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ ឃើញ​ដូច្នេះ​ពួកគេ​ក៏​នាំគ្នា​រត់​ទៅ​រក​កន្លែង ​ដែល​មាន​មនុស្សម្នា​ច្រើន​ ដើម្បី​ឲ្យ​គេឯង​ជួយ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​ចំណែក​ ជនសង្ស័យ​បាន​នាំ​គ្នា​ទៅ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព រីឯ​ ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន យោធា ​ដែល​នៅ​ប្រចាំការ​នៅ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ ចេញ​មក​អន្តរាគមន៍ ​និង​យក​ម៉ូតូ​ទុក​ឲ្យ។​

ប្រភព​ដដែល​បន្ត​ថា ក្រោយពី​មានការ​ភ្ញាក់ផ្អើល មាន​មនុស្សម្នា​មក​ចោមរោម​មើល​ច្រើន ជន​រង​គ្រោះ​ជា​ម្ចាស់​ម៉ូតូ ក៏​រត់​មក​រក​ម៉ូតូ​វិញ​នៅ​កន្លែង​ចាស់ ​ប៉ុន្តែ​មិនឃើញ​ដោយ​គិតថា​ចោរ​យក​ម៉ូតូ​ខ្លួន​ទៅ​បាត់​។ ប៉ុន្តែ​ពេលនោះ​មន្ត្រី​យោធា​ប្រចាំការ​នៅ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ បាន​ហៅ​ឲ្យ​ជន​រង​គ្រោះ ទៅ​យក​ម៉ូតូ​វិញ។

ប្រភព​ដដែល​បន្ត​ថា នារី​ដែល​មក​អង្គុយ​ជាមួយ​ជនរងគ្រោះ​អាច​ជា​មនុស្ស​របស់​ជនសង្ស័យ គឺ​ប្រើ​នារី​ជា​ធ្នាក់ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​។​ ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹម​តែ​មក​សួរនាំ ហើយ​ជន​រង​គ្រោះ​ក៏​មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​អ្វី​នោះ​ដែរ​៕

ក្រុម​ចោរ​កាន់​ដាវ​សាំ​ម៉ូ​រៃ ដេញ​កាប់​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ DUCK នៅ​ម្តុំ​ក្ដាន់​២ ​