អត្រា​ការងារ​ចាប់ពី​អាយុ​75​ឆ្នាំ​ឡើង​នៅ​កូរ៉េ​ខាងត្បូង​ខ្ពស់​ជាងគេ​ក្នុង​សមាជិក​OECD

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រជាជន​មានការ​ងារ​ធ្វើ​ចាប់ពី​អាយុ​៧៥​ឆ្នាំ​ឡើង​ទៅ​នៅ​កូរ៉េ​ខាងត្បូង មាន​អត្រា​ខ្ពស់​ជាងគេ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ។ ទោះជា​យ៉ាងណា ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​ភាគច្រើន​ធ្វើការ​មិនមែន​ដោយសារ​តែ​ពួក​គេ​ចង់​ធ្វើ​ឡើយ ពោល​គឺ​ដោយសារ​តែ​ពួក​គេ​ត្រូវការ​រក​ប្រាក់​មក​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

យោង​តាម​អង្គការ​OECD បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ពលរដ្ឋ​ដែល​មានការ​ងារ​ធ្វើ​ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ​មាន​អត្រា​៣១,៣% នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៤។ អត្រា​នេះ​គឺ​ខ្ពស់​បំផុត បន្ទាប់​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​ខ្ពស់​ជាង​២,៣​ដង​នៃ​អត្រា​១៣,៤% របស់​អង្គការ OECD ។ មិនតែប៉ុណ្ណោះ វា​ខ្ពស់​ជាង​ប្រទេស​ជប៉ុន​ផង​ដែរ ក្នុង​អត្រា​២០,៨% ចក្រភព​អង់គ្លេស​១០% និង​អា​ល្លឺ​ម៉​ង់​៥,៨% ។

ប្រជាជន​ដែល​មានការ​ងារ​ធ្វើ​ចាប់ពី​អាយុ​៧៥​ឆ្នាំ​ឡើង​ទៅ មាន​អត្រា​១៩,២% ពោល​គឺជា​អត្រា​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ចំណោម​២៤​ប្រទេស និង​ខ្ពស់​ជាង​៤​ដង​នៃ​អត្រា​ជា​មធ្យម​របស់​អង្គការ OECD ស្មើនឹង​៤,៨% ។ ចំណែកឯ​ប្រទេស​មិ​ុ​ក​សិ​ុ​ក​វិញ គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​អត្រា​កើនឡើង​ទ្វេ​ដង​១៥,៧%, ប្រទេស​ជប៉ុន​៨,២%, ចក្រភព​អង់គ្លេស​២,៦% និង​បារាំង​មាន​អត្រា​០,៤% ។

« អត្រា​ការងារ​ដ៏​ខ្ពស់​សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់​នេះ គឺ​ដោយសារ​តែ​មាន​កង្វះខាត​ក្នុង​ការ​រៀបចំ​ប្រាក់​ចូល​និវត្តន៍ ។ ពលរដ្ឋ​វ័យ​ចំណាស់​របស់​កូរ៉េ​ខាងត្បូង ត្រូវ​តែ​ធ្វើការ​ដើម្បី​សងបំណុល​របស់​ពួក​គេ ក្នុងអំឡុងពេល​ពួក​គេ​មាន​អាយុ​៤០​ឆ្នាំ ទៅ​៥០​ឆ្នាំ ដែល​ពួក​គេ​បាន​យក​ប្រាក់​មក​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន និង​ពេល​រៀប​ការ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ Shim Ji-hong  នៃ​សាកលវិទ្យាល័យ Dankook ។​   

« ហេតុផល​មួយទៀត គឺ​ប្រព័ន្ធ​ប្រាក់​ចូល​និវត្តន៍​របស់​កូរ៉េ​ខាងត្បូង​មាន​សភាព​ខ្សោយ​នៅឡើយ ។ តួយ៉ាង នៅ​ក្នុង​បណ្តា​ប្រទេស​ឧស្សាហកម្ម​ភាគច្រើន ពលរដ្ឋ​ដែល​មាន​អាយុ​ច្រើន​ជាង​៦៤​ឆ្នាំ ពួក​គេ​អាច​ចិញ្ចឹមជីវិត​បាន​ដោយសារ​តែ​ប្រាក់​ចូល​និវត្តន៍​របស់​ខ្លួន » ។ នេះ​បើ​តាម Lee Jun-hyup មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ក្រុមហ៊ុន Hyundai ។
ផ្ទុយ​ទៅ​វិញ នៅ​កូរ៉េ​ខាងត្បូង ប្រជាជន​វ័យ​ចំណាស់​ត្រូវ​តែ​ធ្វើការ ដោយសារ​តែ​ប្រព័ន្ធ​ប្រាក់​ចូល​និវត្តន៍​មិន​បាន​គាំទ្រ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ឡើយ ។

យោង​តាម​ស្ថិតិ​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ​នៅ​អាយុ​ខ្ទង់​៦០​ឆ្នាំ មាន​ចំនួន​១,៣៣​លាន​នាក់​ក្នុង​ខែមីនា កើនឡើង​១២,៣% ស្មើនឹង​១៤៧.០០០​នាក់​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ក្នុង​នោះ​៨៥,៤% នៃ​ប្រជាជន​វ័យ​ចំណាស់​ដែល​បាន​ធ្វើការ គឺ​ធ្វើ​ជា​អ្នកយាម អ្នក​សម្អាត​ផ្លូវ អ្នក​ដឹក​ជញ្ជូន​តាម​ផ្ទះ និង​អ្នក​រើស​ក្រដាស​កាក​សំណល់​ជាដើម ។

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង គឺជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​១១​នៅ​លើ​សកលលោក និង​ជា​អ្នក​នាំ​ចេញ​ច្រើន​ជាងគេ​ទី​៦ ប៉ុន្តែ​អត្រា​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​វ័យ​ចំណាស់​មាន​អត្រា​ខ្ពស់​ជាងគេ ក្នុង​ចំណោម​សមាជិក​អង្គការ OECD គឺ​មាន​អត្រា​៤៧,២% ៕