រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​២០​កន្លែង​នៅ​ស្រុក​ពេ​ជ្រា​ដា គឺជា​ប្រភព​នាំ​ឲ្យ​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​២០​កន្លែង កំពុងដំណើរការ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​តែមាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​នោះ​ហើយ ទើប​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​នៅ​ស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។ មានការ​សង្ស័យថា លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទទួលផល​ប្រយោជន៍​ពី​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

​សកម្មជន​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​អាច​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា គឺ​ដោយសារតែ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​២០​កន្លែង​នៅក្នុង​ឃុំ​ពូ​ជ្រៃ​ឡើយ ព្រោះ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាមិនខាន​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ជាបន្ទាន់​ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​ផ្សេងៗ​ទៀត​កំពុង​ប្រឈម​នឹង​កាប់បំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ឈើ​ទាំងនោះ​ត្រូវគេ​ដឹក​យកមក​ផ្គត់ផ្គង់​តាម​រោង​សិប្បកម្ម​ក្នុង​ឃុំ​ពូ​ជ្រៃ យ៉ាង​ពេញបន្ទុក​។ ឈើ​មួយចំនួន​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន ដោយ​ពុំមាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ព្រោះ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តមណ្ឌលគិរី គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​និង​ចាត់វិធានការ​ប​ង្ក្រា​បរោ​ង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​២០​កន្លែង​ក្នុងភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ពេ​ជ្រា​ដា និង​ស្រុក​ផ្សេងៗ​ទៀត​បន្ត​កើតឡើង​កាន់តែ​ខ្លាំងក្លា​៕

1 snapshot15