សំណាង​ណាស់​ចេះ​ទៅ​ទាន់ កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​​យូរ​ពេល​បន្តិច​មែន តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​ ​និង​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ជន​ល្មោភកាម​ម្នាក់​បាន​លួច​ចូល​ទៅ​ដល់​ក្នុងផ្ទះ​គេ បី​ក្មេង​ស្រី​ម្នាក់​ទើប​មាន​អាយុ​៥​ឆ្នាំ​យក​ទៅ​រំលោភ​នៅ​ក្នុង​ព្រៃ តែ​មិន​បាន​សំរេច​ទេ​ដោយសារ​តែ​ម្តាយ​ក្មេង​ស្រី​ដឹង​ទាន់ ប្តឹង​ប៉េ​អឹ​ម​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប៉េ​អឹ​ម​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជៀម សា​វុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៥​ឆ្នាំ ហើយ​ជា​កូន​ទី​២ក្នុង​គ្រួសារ ។

បុរស​ឈ្មោះ វ៉ា​ត ភា អាយុ​២៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សាត ហ៊ា​ក អាយុ​២៨​ឆ្នាំ ត្រូវជា​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​រៀបរាប់​ថា រូប​គាត់​មានកូន​៣​នាក់ ស្រី​ម្នាក់ ។ មុន​ពេល​កើតហេតុ រូប​គាត់​ជា​ប្តី​បាន​ទៅ​ផឹកស៊ី​នៅ​ឯ​ផ្ទះ​ឪពុកមា ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ ដោយ​ប្រពន្ធ​នៅ​មើល​កូន​នៅផ្ទះ ។ ក្រោយមក​ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់​គាត់​ទៅ​តាម ព្រោះ​បានឮ​សម្លេង​ឈ្លោះប្រកែក​គ្នា​នៅ​កន្លែង​ផឹកស៊ី ។ បន្តិច​ក្រោយមក​រូប​គាត់​បាន​បបួល​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ មើល​កូន​ដែល​កំពុង​ដេក ស្រាប់តែ​បាត់​កូនស្រី​ រូប​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មានការ​ឆ្ងល់ ក៏​នាំ​គ្នា​ដើរ​ក​នៅ​តាម​ផ្ទះ​គេឯង​មិនឃើញ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​បានឮ​សំឡេង​កូន​ស្រែក​ឲ្យជួយ ពេលរ​ត់ទៅ​ជួយ​នោះ​បានឃើញ​កូន​ស្រាត​ននលគល​គ្មាន​​សំលៀក​បំពាក់​នៅ​ជាប់​នឹង​ខ្លួន​នោះ​ទេ ហើយ​ពេល​នោះ​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ​របស់​ខ្លួន ។ បុរស​ជា​ប្តី​បាន​បន្ត​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ទូរស័ព្ទ​ប្តឹង​ប៉េ​អឹ​ម​ស្រុក​ត្រពាំង​ប្រាសាទ ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ៕