កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់ ចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​សូដង់​ខាងត្បូង​

កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់ ចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​សូដង់​ខាងត្បូង​



ភ្នំពេញ ៖ កងទ័ព​មួក​ខៀវ​កម្ពុជា នៃ​កងរាជអាវុធហត្ថ​លេខ​៨១៦ ចំនួន ៧៣​នាក់ បាន​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង នៅ​វេលា​យប់​ថ្ងៃ​ទី​៧ ខែមិថុនា​នេះ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោកនាយ​ឧត្តម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួម​ជាមួយ​នាយទាហាន នាយទាហានរង និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​ជាច្រើន​នាក់​ទៀត បាន​អញ្ជើញ​ជូន​ដំណើរ​កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

តាម​របាយការណ៍​របស់​លោក​ឧត្ដមសេនីយ៍ឯក គួច ផេង​ទាន់ អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​បាន​ឲ្យ​ដឹង​ថា កងទ័ព​មួក​ខៀវ​កម្ពុជា នៃ​កងរាជអាវុធហត្ថ​លេខ​៨១៦ ដែល​ចេញដំណើរ​នា​ពេលនេះ សរុប​មាន​ចំនួន ៧៣​នាក់ ក្នុង​នោះ​នារី​ចំនួន ១០​នាក់ មកពី​បណ្ដា​កងឯកភាព​នានា​ចំណុះ​ក្រសួងការពារជាតិ​ចំនួន ០៤​នាក់ អគ្គបញ្ជាការដ្ឋាន​ចំនួន ០២​នាក់ មជ្ឈមណ្ឌល​ជាតិ​ចំនួន ៦២​នាក់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ០៥​នាក់​។ កងទ័ព​នេះ​នាំទៅ​ជាមួយ​នូវ​សម្ភារៈ​យោធបរិក្ខារ គ្រឿងបន្លាស់ សម្រាប់​បំពេញ​បន្ថែម​លើ​សម្ភារៈ ដែល​មាន​ស្រាប់​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ដែល​អាច​ធានា​រយៈពេល​១​ឆ្នាំ​។ លោក​បន្ថែមថា មុន​ការបញ្ជូន​កង​នេះ​ត្រូវបាន​មជ្ឈមណ្ឌល​ជាតិ​ធ្វើការ​ហ្វឹកហាត់​រយៈពេល​ជាង ០៥​ខែ ក្រោម​ការ​ធ្វើ​តេស្ត​ប្រឡង​វាស់​ស្ទង់​សមត្ថភាព គុណភាព​ជំនាញ​វិជ្ជាជីវៈ​យ៉ាង​ត្រឹមត្រូវ និង​មាន​តម្លាភាព។

មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ​ដែរ​លោកនាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី បាន​បញ្ជាក់​ថា ការដែល​កងទ័ព​យើង​បាន​ចេញទៅ​បំពេញបេសកកម្ម​មនុស្សធម៌​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នៅ​បណ្តា​ប្រទេស​នានា​រហូត​មក​ដល់​ពេល​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​កង​យោធពល​ខេមរភូមិន្ទ ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​កងកម្លាំង​ទាំងអស់​ត្រូវតែ​ប្រែក្លាយ​កម្លាំង​ស្នូល​ទទួល​រ៉ាប់រង​លើ​កិច្ចសហការ​រក្សា​សន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម ការថែទាំ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ត្រៀមខ្លួន​ចូលរួម​សហការ​យ៉ាងសកម្ម​ក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ក៏​បានផ្តល់​អនុសាសន៍​ផ្ដាំផ្ញើ ដល់​កងកម្លាំង​យើង​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ចាប់ពី​ម៉ោង​ឡើង​យន្តហោះ​ទៅ​ត្រូវ​ថែរក្សា​ឥ​វ៉ាន់​របស់​ខ្លួន ដែល​យក​ទៅ​ជាមួយ​កុំ​ឲ្យ​មានការ​បាត់បង់ ជៀសវាង​ការ​ដាក់​គ្រឿងញៀន​តាម​ខ្លួន ឬ​បញ្ជី​ពី​គេ​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ខ្លួន​។ ពេល​ហូប​ចុក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ទទួលទាន​ស្រា ហើយ​ជៀសវាង​ការចាយវាយ​ខ្ជះខ្ជាយ ត្រូវ​នឹកគិត​ដល់​គ្រួសារ​ខ្លួន​ដែល​រង់ចាំ​នៅ​ឯ​ផ្ទះ​។ ជា​មួយ​នេះ​ត្រូវ​យកចិត្តទុកដាក់​គោរព​ប្រតិបត្តិ​នូវ​បទបញ្ញត្តិ​ច្បាប់​នានា គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ម្ចាស់ផ្ទះ តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​របស់​យើង ដូច​មាន​ក្នុង​សៀវភៅ​ដែល​បាន​ចែក​ជូន សម្រាប់​យក​ទៅ​រៀនសូត្រ​ឲ្យ​ចេះ​ចាំ ពី​ច្បាប់​អន្តរជាតិ ច្បាប់​សង្គ្រាម ច្បាប់​ប្រើប្រាស់​អាវុធ​ជាដើម ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព ឬ​អំពើ​អ្វី​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ទំនៀម​ទម្លាប់ និង​សេចក្ដីថ្លៃថ្នូរ​របស់​ពល​រដ្ឋ ក៏​ដូច​មជ្ឈដ្ឋាន​នានា នៃ​ប្រទេស​ម្ចាស់ផ្ទះ​។ ទន្ទឹម​នេះ​ត្រូវ​យល់ដឹង​អំពី​របៀបរបប​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ជាប្រចាំ​ទាន់​ពេលវេលា​អំពី​ភារកិច្ច និង​ការប្រែប្រួល​ផ្សេងៗ ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេលវេលា ហើយ​ត្រូវ​រួបរួម​គោរព​ស្រឡាញ់​សាមគ្គីភាព ឯកភាព​គ្នា ចេះ​ជួយ​គ្នា ហើយ​ត្រូវ​ខិតខំ​រៀនសូត្រ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ខ្លួន​ឯងបាន​ល្អប្រសើរ​៕
កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់ ចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​សូដង់​ខាងត្បូង​

កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់ ចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​សូដង់​ខាងត្បូង​
កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៧៣​នាក់ ចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​សូដង់​ខាងត្បូង​