ទាស់​គ្នា​រឿង​ដណ្ដើម​មើល​ទូរទស្សន៍,​ ​ប្រពន្ធ​យក​កាំបិត​ចាក់​ចំ​ដើមទ្រូង​ប្ដី​ ហូរ​ឈាម​ស្រោច​ខ្លួន

ទាស់​គ្នា​រឿង​ដណ្ដើម​មើល​ទូរទស្សន៍,​ ​ប្រពន្ធ​យក​កាំបិត​ចាក់​ចំ​ដើមទ្រូង​ប្ដី​ ហូរ​ឈាម​ស្រោច​ខ្លួន



​ភ្នំពេញ ៖ បុរស​ជា​ប្ដី​បាន​រង​របួស​ធ្ងន់ ​ដោយសារ​ប្រពន្ធ​ចិត្ត​ស្លុយ ​ហ៊ាន​យក​កាំបិត​ចិត​បន្លែ​ចុង​ស្រួច​មក​ចាក់​ចំ​ដើមទ្រូង​​ បណ្ដាល​ឲ្យ​ហូរ​ឈាម​ស្រោច​ខ្លួន បន្ទាប់ពី​មាន​ទំនាស់​ពាក្យសម្ដី​រឿង​ដណ្ដើម​គ្នា​មើល​ទូរទស្សន៍​ប៉ុស្តិ៍​ផ្សេងគ្នា​នោះ។ ក្រោយ​ពេល​ចាក់​ប្ដី​ឲ្យ​របួស​ហើយ​នោះ​ នាង​ប្រពន្ធ​ចិត្ត​ស្លុយ បាន​​នាំ​កូនប្រុស​អាយុ​៥​ម្នាក់​រត់គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៦ ​ស្ថិតនៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង ​ខាងជើង​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បុរស​ជា​ប្ដី​រូប​នេះ​មាន​ឈ្មោះ ​ជ្រែង សុភា ​អាយុ​៣៦​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់នៅ​កន្លែង​កើតហេតុ​។

តាម​ប្រភព​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ត្រឡប់​មកពី​រត់​ម៉ូតូឌុប​វិញ​ ក្រោយពេល​ហូបបាយ​រួច ​គាត់​បាន​សុំ​ប្រពន្ធ​មើល​ទូរទស្សន៍​ប៉ុស្តិ៍​ផ្សេង​មួយទៀត ​ដែល​មាន​បញ្ចាំង​រឿង​ភាគ​ឥណ្ឌា ​ខណៈ​នាង​ប្រពន្ធ​កំពុង​មើល​ប៉ុស្តិ៍​ផ្សេង​ដែរ។ ពេលនោះ​ក៏​មាន​ទាស់​ពាក្យសម្ដី​គ្នា ​ដោយ​នាង​ប្រពន្ធ​និយាយ​ថា ​ម៉េច​រឿង​នឹង​វា​សំខាន់​ណាស់​ទៅ​ឬ​? ហើយ​ប្ដី​ក៏​បាន​ឆ្លើយ​វិញ​ថា ​ខ្ញុំ​ខំ​រត់​ម៉ូតូឌុប​តាំងពី​ព្រលឹម​ទល់​ព្រលប់​គ្រាន់តែ​សុំ​មើល​រឿង​ឥណ្ឌា​បន្តិច​ក៏​មិន​ព្រម​ដែរ។ បន្ទាប់ពី​ជេរ​គ្នា​ទៅវិញទៅមក​បុរស​ជា​ប្ដី​ខឹង​ពេក ​បាន​ស្ទុះ​ទៅ​វាយ​ពីរ​បី​ដៃ ហើយ​នាង​ប្រពន្ធ​ ដោយ​ខឹង​នឹង​ប្ដី​វាយ​ដែរ​នោះ ​ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិត​ចិត​បន្លែ​មក​ចាក់​ចំ​ដើមទ្រូង​ប្ដី​ផ្នែក​ខាងស្ដាំ ​បណ្ដាល​ឲ្យ​បាញ់​ឈាម​ហូរ​ស្រោច​ជោក​ខ្លួន​តែម្ដង។

ប្រភព​បន្ដ​ថា​ បន្ទាប់ពី​ចាក់​ប្ដី​ឲ្យ​របួស​ហើយ ​នាង​ប្រពន្ធ​ដៃដល់​ បាន​នាំ​កូនប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​រត់គេច​ខ្លួន​បាត់ មិនតែប៉ុណ្ណោះ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តាម​រក​ប្រពន្ធ​ទាំង​ខ្លួន​របួស​ តែ​ដោយសារ​រក​មិន​ឃើញ​ក៏​មក​ផ្ទះ​វិញ​ ត្រូវ​បាន​អ្នកជិតខាង ​នាំ​យក​ទៅ​ពេទ្យ​ឯកជន​ក្បែរ​នោះ​ ប៉ុន្តែ​​​ពេទ្យ​ថា ​របួសធ្ងន់​ពេក​មិន​អាច​ទទួល​មើល​បាន ​ទើប​គេ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ព្យាបាល​។

តាម​អ្នកជិតខាង​បាន​ឲ្យ​ដឹង​ថា ​បុរស​ជា​ប្ដី​ស្លូត​ជាង​ប្រពន្ធ​មួយ​ថ្ងៃៗ ​ខំ​រត់​ម៉ូតូឌុប​រកលុយ​ឲ្យ​ប្រពន្ធ​ហើយ​នាង​នៅតែ​ផ្ទះ​មិន​រក​ស៊ី​អី​ទេ។ ចាប់​តាំង​ពី​មក​រស់នៅ​ទីនេះ​ជាង​ពីរ​ឆ្នាំ​ហើយ ​គេ​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា​ណាស់​ តែ​រឿង​ច្រើន​ផ្ដើម​ចេញពី​ខាង​នាង​ជា​ប្រពន្ធ​រករឿង​វាយ​ប្ដី ​រហូត​​ធ្លាប់​បង្ក​ឲ្យ​ប្ដី​របួស​ស្នាម​ម្ដង​ដែរ ​តែ​មិន​ធ្ងន់ធ្ងរ​ដូច​ពេលនេះ​ទេ​ ហើយ​គាត់​ក៏​មិន​ទៅ​ដាក់ពាក្យ​បណ្ដឹង​អ្វី​ដែរ៕
ទាស់​គ្នា​រឿង​ដណ្ដើម​មើល​ទូរទស្សន៍,​ ​ប្រពន្ធ​យក​កាំបិត​ចាក់​ចំ​ដើមទ្រូង​ប្ដី​ ហូរ​ឈាម​ស្រោច​ខ្លួន