​លោក ប៉ុល ហំ​ម បញ្ជាក់​ពី​ការវិវត្ដន៍ នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃនេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីអំពី ការវិវត្ដន៍ នៃ​ស្ថានភាព​នយោបាយ ។ ការប្រកាស​ព័ត៌មាន​របស់លោក ប៉ុល ហំ​ម នៅថ្ងៃនេះ ស្រប​ពេលដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិនទាន់​វិល​ទៅរក​ប្រក្រតីភាព​នៅឡើយ​។​

នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​នេះ បានលើកឡើង​អំពី​៖ ទី​១-​ថ្ងៃទី​១០ មាន​ប្រជុំ​ធំ​មួយ សមាជិក​គណៈកម្មាធិកា​រ​នាយក សមាជិក​គណៈកម្មាធិកា​រ​ប្រតិ​ប​ត្ដិ​ថ្នាក់ជាតិ សមាជិក​គណៈកម្មាធិកា​រវិ​ន័យ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​ស្ថានការណ៍ និង​រៀបចំ​ផែនការ ការងារ​បន្ដ​។ ទី​២-​ថ្ងៃទី​១៣ ពេលព្រឹក មាន​ពិធី​ទទួល​ញ​ត្ដិ​គ្រប់​ខេត្ត​។ ទី​៣-​ថ្ងៃទី​១៤ ការជួប​ជុំគ្នា​ធំ ដើម្បី​ពិនិត្យមើល​ស្ថានការណ៍​ជា​បន្ដ​។ ទី​៤-​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ថ្កោលទោស​ដល់ អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រំលោភ​លើ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ។ ទី​៥-​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ឲ្យ​មាន​វប្បធម៌​សន្ទនា​។ ទី​៦-​ការជួប​ជុំគ្នា​នេះ បន្ដ​រហូតដល់​ស្ថានភាព​ប្រក្រតី​ឡើងវិញ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​មកពី​ខេត្តកំពង់ធំ ក្នុងឱកាស​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​លើកឡើង​ដែរ​ថា ក្នុងពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​យល់ច្បាស់​ហើយ​នូវ​ល្បិចកល​ដដែលៗ របស់​អ្នកមានអំណាច​បច្ចុប្បន្ន ដែល​បាននិងកំពុង​បន្ដ​ធ្វើទុក្ខបុកម្នេញ គំរាមកំហែង បំបែកបំបាក់ មកលើ​ថ្នាក់ដឹកនាំ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​អ្នក​ទាំងឡាយណា​ដែល​ស្នេហា​ជាតិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​។​

​លើសពីនេះទៅទៀត សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​មកពី​ខេត្តកំពង់ធំ ក៏បាន​សំណូមពរ​ដល់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់ខ្ជាប់​នូវ​គោលជំហរ ដ៏​រឹងប៉ឹង​នេះ​តទៅទៀត ដើម្បី​ទាមទារ​រក​យុត្ដិធម៌ ការពារ​សិទ្ធិសេរីភាព និង​ជាពិសេស ការពារ​អភ័យឯកសិទ្ធិសភា​ឲ្យ​បានជា​ដាច់ខាត​។ ពួកគាត់​បាន​ប្ដេជ្ញា​ថា នឹងចូលរួម​ដោយ​ឥត​រួញរា​ក្នុង​ការតស៊ូ​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​នេះ​៕

13344556_1377226545627974_687851558923267556_n​    ​