ប៉ូលិស​ត្អូញត្អែរ​ចំពោះ​រថយន្ត​ធំ​ចូល​ក្រុង និង​វប្បធម៌​អន្តរាគមន៍

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ជា​ពិសេស​ផ្តោត​លើ​រថយន្ត​ធំ​ចូល​ក្រុង​នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក​ឧត្តមសេនីយ៍ត្រី អ៊ូច សុ​ខុន ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​នេះ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​, រថយន្ត​ដឹក​ដី​, រថយន្ត​ដឹក​ខ្សាច់​, រថយន្ត​កុងតឺន័រ​ស្លាក​លេខ ខ​.​ម ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ចំណែកឯ​វប្បធម៌​អន្តរាគមន៍​នៅ​តែ​កើត​មាន ដែល​បញ្ហា​នេះ​បាន​បង្ក​ការ​លំបាក​ដល់​ផែនការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ។

លោក​ឧត្តមសេនីយ៍ត្រី​បញ្ជាក់​ថា ម្យ៉ាង​ក្នុង​ពេល​សមត្ថកិច្ច​នគរបាល​ចុះ​អនុវត្ត​ផែនការ​ឃាត់ ឬ​ចាប់​រថយន្ត​ទាំងនោះ អាជ្ញាធរ​មូលដ្ឋាន​មិន​មានការ​ចូលរួម ឬ​សហការ​ឲ្យ​ស៊ីសង្វាក់​គ្នា​សោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ពេល​ដែល​ច្បាប់​ចរាចរ​ផ្លូវគោក​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦​កន្លង​មកនេះ ។

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ល្មម​ដល់​ពេល​ត្រូវ​រៀបចំ​ផែនការ​អនុវត្ត​តាម​ការ​ណែនាំ​ហើយ ចៀសវាង​ការ​និយាយ​ដដែល​ៗ មិនឃើញ​ចេញ​លទ្ធផល ។ ឆ្លើយ​តប​ទៅ​នឹង​ដំណោះស្រាយ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​វិធានការ​ជា​ច្រើន​ដូច​ជា ការ​ស្ថាបនា​ផ្លូវ​, ពង្រីក​ផ្លូវ​, ដាក់​របាំង​ចែក​ទ្រូងផ្លូវ​, គំនូស​សញ្ញា​, ស្លាក​សញ្ញា​, ភ្លើង​សញ្ញា​ចរាចរ រួម​ទាំង​វិធានការ​អប់រំ​ច្បាប់​ចរាចរ ដោយ​មានការ​ចូលរួម​ពី​អង្គការក្រៅរដ្ឋាភិបាល ពិសេស​អង្គការ JICA ជប៉ុន សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​។

គួរ​កត់​សំគាល់ថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​គេ​បាន​សង្កេត​ឃើញ​ឡាន​ធំ ដឹក​ធ្ងន់​ចេញ​-​ចូល​ក្រុង​នៅ​តែ​មាន ទោះបី​អាជ្ញាធរ​ភ្នំពេញ​ពេញ​មានការ​ប្តេជ្ញា​ចិត្ត ឬ​សន្យា​ថា​លុប​បំបាត់​ឲ្យ​អស់​ក្នុង​ឆ្នាំ​២០១៦​នេះ​ក្តី ។ ពាក់​ព​ន្ធ័​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​រថយន្ត​ធំ និង​ដឹក​ធ្ងន់​ចូល​ក្រុង​ឲ្យ​មាន​ប្រសិទ្ធភាព ៕