ឆាក​ប្រ​យុ​ទ្ឋ​ត្រូវ​បាន​រំសាយ បន្ទាប់​ពី​ឃាត់ខ្លួន​ជើង​ខ្លាំង​៣​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​៣​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ល្បាត​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​បន្ទាប់​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​កាន់​​ដាវ​សា​មូ​រ៉ៃ​ធ្វើការ​ប្រដេញ​គ្នា​នៅ​លើ​ដងផ្លូវ​ក្នុង​បំណង​បង្ក​ហិង្សា​ទៅ​លើ​ភាគី​ម្ខាង​ទៀត​កាលពី​​វេលាម៉ោង​១១ និង​៣០នាទីយប់​ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​សហការ បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ខណៈ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​គ​របាល កំពុង​ល្បាត​នៅ​តាម​ផ្លូវ​ក៏​ជួប​ប្រទះ​យុវជន​២​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​គ្នា​ពេញ​ផ្លូវ ទើប​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្វើការ​ទប់​ស្កាត់ និង​ឃាត់ខ្លួន​បាន​មនុស្ស​៣​នាក់ រួម​ជាមួយ​ដាវ​សា​មូ​រ៉ៃ​១​ដើម បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​តាម​និ​តិ​វិធី​ច្បាប់ ។

យុវជន​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ផា​ន់ ដា​ឡែ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុ​របរ​ជាង​ម៉ូតូ​មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​លេខ​៤, ២-​ឈ្មោះ នាក់ ធា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បើកបរ​ឡាន​ដឹក​ខ្សាច់ និង ៣-​ឈ្មោះ ទុន វ៉ា​ន់​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ធ្វើការ​នៅ​ភោជនីយដ្ឋាន ៕