ក្រោយ​មិត្ត​ខ្លួន​ច្រើន​នាក់​ធ្វើ​អត្តឃាត ​សិស្ស​នៃ​ទីក្រុង​មួយ​របស់​កា​ណា​ដា​ចាក​ចេញពី​ថ្នាក់

ក្រោយ​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​របស់​សិស្ស​ដល់​ទៅ​៥​នាក់ សិស្សសាលា​មធ្យមសិក្សា​ជា​ច្រើន​រយ​នាក់​នាំ​គ្នា​ចេញពី​ថ្នាក់រៀន​នៅ​ទីក្រុង WOODSTOCK ខេត្ត​អុ​នតា​រី​យ៉ូ ក្នុង​ក្តី​សង្ឃឹមថា អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ចំពោះ​វិបត្តិ​នេះ​ដែល​កើត​មាន​ក្នុង​ទីក្រុង​តូច​នោះ​របស់​កា​ណា​ដា ។

សិស្ស​នៃ​សាលា​មធ្យមសិក្សា​៥ ព្រមទាំង​សិស្សសាលា​បឋម​សិក្សា​មួយ​ចំនួន​ផង​បាន​នាំ​គ្នា​ចាក​ចេញពី​ថ្នាក់ ហើយ​ចូលរួម​ក្នុង​បាតុកម្ម​ធំ​មួយ​នៅ​ទីលាន​សារមន្ទីរ​ស្ថិត​នៅ​កណ្តាល​ក្រុង WOODSTOCK ។ ពួក​គេ​ប្រមូលផ្តុំ​គ្នា​បែប​នេះ ដើម្បី​អំពាវនាវ​ឱ្យ​មានការ​ជួយ​បណ្តា​ក្មេង​ជំទង់​ក្នុង​ការ​តស៊ូ​ប្រឆាំង​បញ្ហា​សុខភាព​ផ្លូវចិត្ត ។

ប៉ូលិស​រៀបរាប់​ថា ក្មេង​ជំទង់​៥​នាក់ ក្នុង​នោះ​អ្នកមាន​អាយុ​ច្រើន​ជាងគេ​ត្រឹម​១៩​ឆ្នាំ​បាន​សម្លាប់​ខ្លួនឯង​នៅ​ទីក្រុង WOODSTOCK ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៦ មក រួច​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​សមាគម​កា​ណា​ដា ដើម្បី​សុខភាព​ផ្លូវចិត្ត​ចាត់​ទុក​បា​តុ​ុ​ភូត​នេះ​ថា​ជា «​ការ​ឆ្លង​ជំងឺ​អត្តឃាត​» ។

យោង​តាម​ប៉ូលិស​ក្រុង WOODSTOCK ថា យុវជន​៣៦​នាក់​ទៀត ប្រកាស​ពី​គំនិត​ចង់​ធ្វើ​អត្តឃាត ឬ​ក៏​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ក្នុង​តំបន់ OXFORD ដែល​រួម​មាន​ទីក្រុង WOODSTOCK និង​ទីក្រុង​៦​ទៀត​តាំងពី​ដើមឆ្នាំ​នេះ​មក ។

វិបត្តិ​ធ្វើ​អត្តឃាត​របស់​សិស្សសាលា​ពុំ​មាន​តែ​ក្នុង​ទីក្រុង WOODSTOCK មួយ​នេះ​ឡើយ ។ កាលពី​ប្រមាណ​ជា​២​ខែ​មុន រលក​នៃ​ការ​ធ្វើ​អត្តឃាត​ក៏​កើត​មាននៅ​ទីក្រុង ATTAWAPISKAT ភាគ​ខាងជើង​អុ​នតា​រី​យ៉ូ​ដែរ ៕