កម្ពុជា​លត់​ក្រុម​ចិន​តៃប៉ិ​2-0 ឈាន​ចូល​វគ្គ​បន្ត AFC Asian Cup 2019

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​យប់​ថ្ងៃ​ទី​៧ មិថុនា បាន​ជួយ​ឱ្យ​ក្រុម​កម្ពុជា​ឈាន​ចូល​វគ្គ​បន្ទាប់​ព្រឹត្តិការណ៍ AFC Asian Cup2019 នៅ​ប្រទេស​អា​រ៉ាប់​រួម ។ ការ​យកឈ្នះ​លើ​ក្រុម​ចិន​ថៃ​ប៉ិ​២-០​នៅ​មុខ​អ្នកគាំទ្រ​ជាង​៦​ម៉ឺន​នាក់ បាន​ជួយ​ឱ្យ​ក្រុម​កម្ពុជា​មានសំណាង​បាន​ប្រកួត​បន្ត​ក្នុង​វគ្គ​ចាប់​ពូ​ល​នោះ​ផង ហើយ​ក៏​មាន​ន័យ​ថា ក្រុម​កម្ពុជា​បាន​សំបុត្រ​យន្តហោះ​ទៅ​ប្រកួត​នៅ​ប្រទេស​អា​រ៉ាប់​រួម​ផង​ដែរ ។

មិនមែន​តែ​ក្រុម​អ្នក​ទស្សនា​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​នោះ​ទេ ដែល​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​យ៉ាង​កម្ររបស់​ក្រុម​កម្ពុជា​នោះ សូ​ម្បី​តែ​អ្នក​ទស្សនា​រាប់​លាន​នាក់​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ក៏​មាន​អារម្មណ៍​រំភើប​ណាស់​ដែរ​ចំពោះ​មោទនភាព​ដែល​ក្រុម​កម្ពុជា​ធ្វើ​បាន ។ នេះ​ជា​លទ្ធផល​វិជ្ជមាន​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​សម្រេច​បាន ដើម្បី​ទទួល​បាន​ឱកាស​ទៅ​កាន់​វគ្គ​ចាប់​ពូ​ល​ព្រឹត្តិការណ៍​AFC Asian Cup 2019 ដែល​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​សុទ្ធតែ​ចង់បាន​នោះ ។ មក​ទល់​ពេល​នេះ នៅ​តែ​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ក្នុង​ពេល​ដែល​ក្រុម​កម្ពុជា​អាច​រកបាន​២​គ្រាប់​សម្រាប់​ជើង​ទី​២​ជាមួយ​ក្រុម​ចិន​តៃប៉ិ បន្ទាប់​ពី​ជើង​ទី​១​ក្រុម​កម្ពុជា ទទួល​បាន​លទ្ធផល​ស្មើ​២​ទល់​នឹង​២​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​រួច​ទៅ​ហើយ ។ នេះ​ជា​ជ័យជម្នះ​ដែល​ខ្មែរ​ភាគច្រើន​បាន​ចាត់​ទុក​ថា គឺជា​រឿង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៣​ម៉ឺន​៣​ពាន់​ដុល្លារ​ដូច​ពេល​ប្រកួត​ឈ្នះ​ក្រុមទី​ម័​រ​ខាងកើត​ដែរ ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ និង​គ្រូបង្វឹក​ទាំង​៣៣​នាក់ ។ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​មួយ​ក៏​បាន​ឧបត្ថម្ភដល់​ក្រុម​កីឡាករ​កម្ពុជា​ចំនួន​៥​លាន​រៀល​ផង​ដែរ​។

ការ​ប្រកួត​នៅ​ពេល​នោះ​កីឡាករ ហុង ផេង គឺជា​អ្នក​រកបាន​គ្រាប់​បាល់​ឱ្យ​ក្រុម​កម្ពុជា​នាំមុខ​ក្រុម​ភ្ញៀវ​មុនគេ​នៅ​នាទី​ទី​៧ ដោយ​ប្រើ​ក្បាល​តែ​ត​បញ្ចូល​ទី​គូប្រកួត​យ៉ាង​ស្អាត​ក្រោយ​ទទួល​បាន​បាល់ទាត់​ចេញពី​ជើង​កីឡាករ ចាន់ វឌ្ឍនាកា​។ នៅ​តង់​ទី​មួយ គេ​កត់​សម្គាល់ថា ក្រុម​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​បាល់​ល្អ​ជាង​ពេល​ប្រកួត​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត​កាលពី​ចុងខែ​ឧសភា​នោះ​ទៅ​ទៀត ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​ពេញ​ថ្លើម​ស្រែក​គាំទ្រ​យ៉ាង​កងរំពង​។

យ៉ាងណាមិញ នៅ​ក្នុង​យប់​នោះ ក៏​មានការ​រំខាន​ដោយ​ភ្លៀង​ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​ទាំង​កីឡាករ និង​អ្នក​ទស្សនា​ផង​ដែរ បើ​ទោះជា​ការ​គាំទ្រ​នៅ​តែ​មាន​កម្រិត​ខ្លាំងក្លា នៅ​ពេល​ក្រុម​កម្ពុជា​បង្ហាញ​ទម្រង់​លេង​កាន់តែ​ល្អ​ទៅ​ៗ​។ អ្វី​ដែល​គេ​កោតសរសើរ​នោះ​គឺ​អ្នកគាំទ្រ​ដែល​មក​ណែនណាន់តាន់តាប់​ពេញ​បរិវេណ​ស្ដា​ត​នោះ​មិន​បាន​បង្ក​បាតុភាព​ណាមួយ​ទៅ​លើ​ក្រុម​កីឡាករ​ចិន​តៃប៉ិ​នាំ​ឱ្យ​មានការ​កត់សម្គាល់​ពី​សំណាក់​មន្ត្រី​FIFA នោះ​ទេ ។ តាំងពី​មុន​ការ​ប្រកួត​ចាប់ផ្ដើម គេ​ឃើញ​មន្ត្រី​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាង​ចម្លែក​ខុស​ពី​ការ​ប្រកួត​មុន​ៗ ដោយនៅ​តាម​ប្រឡោះ​របស់​អ្នក​អង្គុយ​ទស្សនា​នីមួយ​ៗ គឺ​មាន​មន្ត្រី​សមត្ថកិច្ច​ឃ្លាំមើល​យ៉ាង​ម៉ត់ចត់​ទៀត​ផង ខ្លាចក្រែង​មាន​បាតុភាព​ណាមួយ​ដែល​នាំ​ឱ្យ​ក្រុម​កម្ពុជា​បាត់បង់​សិទ្ធិ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup 2019​។ ប៉ុន្តែ​ផ្ទុយ​ពី​ក្ដី​បារម្ភ ក្រុម​អ្នក​ទស្សនា​មិន​ត្រឹមតែ​មិន​បង្ក​បញ្ហា​នាំ​ឱ្យ​មន្ត្រី​អ្នក​រៀបចំ​ការ​ប្រកួត​ឈឺក្បាល​ប៉ុណ្ណោះ​ទេ គឺ​បែរជា​ស្រែកច្រៀង​គាំទ្រ​យ៉ាង​កងរំពង​បង្ហាញ​ពី​មោទនភាព​ក្នុង​វិស័យ​បាល់ទាត់​របស់​កម្ពុជា​ទៅ​វិញ​។  

ចូល​តង់​ទី​២ អ្នកគាំទ្រ​កាន់តែ​រំភើប​សប្បាយ​រីករាយ​ខ្លាំង​ថែម​ទៀត បន្ទាប់​ពី​ក្រុម​កម្ពុជា​មានឱកាស​រកបាន​កំហុសឆ្គង​ពី​សំណាក់​គូប្រកួត​ហើយ​អាច​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ដោយ​កីឡាករ​ប្រាក់ មុន្នី​ឧត្តម នៅ​នាទី​ទី​៦០ បន្ទាប់​ពី​កីឡាករ​ចិន​តៃ​ប៉ិ​ធ្វើ​ឱ្យ​មាន​កំហុស​ទៅ​លើ​កីឡាករ ចាន់ វឌ្ឍនាកា ដែល​បាន​ក្លាយជា​តារា​ឆ្នើម​លេង​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នោះ​ផង​ដែរ ទើប​គេ​ឃើញ​កីឡាករ ចាន់ វឌ្ឍនាកា ត្រូវ​បាន​អបអរ​យ៉ាង​កងរំពង​។

នៅ​យប់​នោះ កីឡាករ​កម្ពុជា​ទាំងអស់​ក៏​បាន​ចាប់​លើក​លោក Tae-Hoon Lee ជា​គ្រូបង្វឹក​បោះ​ឡើង​លើ​ដើម្បី​អបអរ​ជ័យជម្នះ​របស់​ខ្លួន​ផង​ដែរ ដោយ​ពួក​គេ​អះអាង​ថា យប់​ដែល​ក្រុម​កម្ពុជា​លត់​ក្រុម​ចិន​តៃប៉ិ​២​ទល់​នឹង​សូន្យ​នោះ គឺ​ចំ​ថ្ងៃ​ខួបកំណើត​លោក Tae-Hoon Lee តែ​ម្ដង ។ ជាមួយនឹង​លទ្ធផល​នេះ ក្រុម​កម្ពុជា​នឹង​បាន​ឡើង​ទៅ​វគ្គ​បន្ត​សម្រាប់​ព្រឹត្តិការណ៍​AFC Asian Cup 2019 បើ​ទោះ​មិន​ទាន់​ដឹង​នៅឡើយ​ថា ក្រុម​កម្ពុជា​ត្រូវ​ជួប​ប្រទេស​ណា​ទៀត​សម្រាប់​វគ្គ​បន្ត ។

ក្រោយ​ចប់​ការ​ប្រកួត គ្រូបង្វឹក​ក្រុម​ចិន​តៃប៉ិ លោក Toshiaki Imai បាន​សរសើរ​ទម្រង់​លេង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​ពិសេស គឺ​កីឡាករ ចាន់ វឌ្ឍនាកា និង កែវ សុខ​ផេង ដែល​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការ​បើកឱកាស និង​បោះ​បាល់​ទៅ​ឱ្យ​ក្រុម​របស់​ខ្លួន ។ លោក​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​នៅ​ក្រោយ​ចប់​ការ​ប្រកួត និង​ទទួលស្គាល់​ថា ក្រុម​របស់​លោក​មាន​ចំណុចខ្សោយ​ច្រើន​ទើប​បាត់​ឱកាស​លេង​បន្ត​ក្នុង​ព្រឹត្តិការណ៍​AFC Asian Cup 2019 ៕