ជើង​ខ្លាំង​ថៃ​4​រូប​ណាត់ជួប​កីឡាករ​កម្ពុជា​សាក​វិជ្ជា​គុន​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន និង​ស៊ី​អិន​ស៊ី

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន និង​ស៊ីអិន​ស៊ី ថ្ងៃ​ទី​១១ មិថុនា កីឡាករ​ជើង​ខ្លាំង​ថៃ​៤​រូប បាន​ណាត់ជួប​កីឡាករ​កម្ពុជា​ដែល​ជា​ម្ចាស់​ក្បាច់គុន​សាក​កណ្ដាប់​គ្នា​ដើម្បី​ចង់​ដឹង​ថា នរណា​ខ្លាំង​ជាង​នរណា​។ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន កីឡាករ​កម្ពុជា​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ លូក​យ៉​ត ស៊ី​ត សាម​ផ្សា​ក់ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​កីឡាករ​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឈ្មោះ​សន​ឌែ​ង ស៊ី​ត​កាំ​ណា​ន់​លឺ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

លូក​យ៉​ត ស៊ី​ត សាម​ផ្សា​ក់ កាលពី​ឆ្នាំ​២០១៥ ធ្លាប់​បាន​យកឈ្នះ ហ៊ុន ឈុ​ន​ហេង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ​រួច​ម្ដង​មក​ហើយ​ទើប​លើក​នេះ​គេ​មក​ម្ដងទៀត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៨៤​ដង ឈ្នះ​៦៦​ដង ចាញ់​១៤​ដង និង​ស្មើ​៤​ដង ខណៈ​កីឡាករ​អាំង សំអាត ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៩០​ដង ឈ្នះ​៦៩​ដង ចាញ់​១៦​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។ ថ្វី​ដ្បិតតែ​ពួក​គេ​ទាំង​២​នាក់​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​មែន តែបើ​ផ្អែក​ទៅ​លើ​ប្រវត្តិ​ប្រកួត​ប្រហាក់​ប្រហែល​គ្នា​បែប​នេះ គឺ​អាច​ស៊ីសង​គ្នា​បាន ។

ចំណែក​កីឡាករ​ថៃ​សន​ឌែ​ង ស៊ី​ត​កាំ​ណា​ន់​លឺ វិញ​ក៏​ធ្លាប់​យកឈ្នះ​ពិន្ទុ​កីឡាករ​ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ​ឈ្នះ កាលពី​ខែឧសភា ឆ្នាំ​២០១៦ ដែរ​។ កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​បាន​៨៦​ដង ឈ្នះ​៦៦​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១​ដង​។ រីឯ​ថុ​ល មក​រា ធ្លាប់​ប្រកួត​​បាន​៤៩​ដង ឈ្នះ​៣១​ដង ចាញ់​១៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។ គូ​នេះ​បើ​មើល​លើ​ប្រវត្តិ​ប្រកួត​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ទើប​គេ​មិនសូវ​ទុកចិត្ត​លើ​កីឡាករ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ថុ​ល មក​រា ហាក់​មិន​ញញើត​កីឡាករ​ថៃ​រូប​នេះ​សោះ​ដោយ​សំអាង​ពី​ការ​ខិតខំ​ហ្វឹក​ហាត់​មិន​ហ៊ាន​ធ្វេសប្រហែស​របស់​ខ្លួន ។ ចាំ​មើល​គូ​នេះ​មួយ​ណា​សម្រេច​គោលដៅ?

ក្រៅពី​គូ​អន្តរជាតិ​នេះ​ទៅ​នៅ​មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ជា​ច្រើន​គូ​ទៀត​ដូច​ជា កីឡាករ​គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ភិន សុទី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ​។ កីឡាករ​ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍ស៊ី​អិន​ស៊ី វិញ កីឡាករ​កម្ពុជា​សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ថាប់​ធី​ម​ស្យាម ណា​ក់​ស៊ី​ភីង ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម និង​កីឡាករ​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អិន​ស៊ី​ឌែ​ង វិ​រិ​យៈ​ហ្វា​ម ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ថាប់​ធី​ម​ស្យាម ណា​ក់​ស៊ី​ភីង ធ្លាប់​ប្រកួត​បាន​៩៦​ដង ឈ្នះ​៦៦​ដង ចាញ់​២៧​ដង ស្មើ​៣​ដង ខណៈ​សេក គឹ​ម​រួន ទើបតែ​ប្រកួត​បាន​៣៦​ដង ឈ្នះ​២៨​ដង ចាញ់​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤​ដង ។ គូ​នេះ គឹ​ម រួន ពិបាក​សង្ឃឹម​ខ្លាំង​ណាស់ ព្រោះថា គូប្រកួត​របស់​គេ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​លើសលុប ។ ដូច្នេះ គឹ​ម រួម មិន​អាច​មានការ​ធ្វេសប្រហែស​បាន​ឡើយ ។

រីឯ​កីឡាករ​ថៃ​អិន​ស៊ី​ឌែ​ង វិ​រិ​យៈ​ហ្វា​ម​ធ្លាប់​ប្រកួត​បាន​៦២​ដង ឈ្នះ​៥១​ដង ចាញ់​១០​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១​ដង ខណៈសរ រាជសីហ៍ ធ្លាប់​ប្រកួត​បាន​៤៤​ដង ឈ្នះ​៣៤​ដង ចាញ់​៩​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ឡាញ់ ផល្លា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ យ៉ុ​ន ដា​រ័​ត្ន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​កីឡាករ​ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕