ឌុចថា របប​ខ្មែរ​ក្រហម​បាន​អនុវត្ត​គោលការណ៍​បោស​សំអាត​ផ្ទៃ​ក្នុង​ដោយ​មិន​លើក​លែង សូម្បី​តែ​កូន​នឹង​ប្រពន្ធ

អតីតមេគុកទួលស្លែង កាំង ហ្គេចអ៊ាវ ហៅឌុច បានចូលខ្លួនផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីជាលើកទី២ នៅថ្ងៃទី ៨ មិថុនា នេះ ជុំវិញសំណុំរឿង 002/02 ដើម្បីប្រឆាំងនឹងជនជាប់ចោទនួន ជា និងខៀវ សំផន។ នៅក្នុងសវនាការនៅថ្ងៃទី២នេះ ឌុច បានអះអាងថា នៅក្នុងរបបខ្មែរក្រហម របបនេះ បានចាប់ផ្តើមអនុវត្តគោលការណ៍បោសសំអាតផ្ទៃក្នុងរបស់ខ្លួន តាំងពីឆ្នាំ១៩៧៥ ដោយមិនលើកលែងឡើយ សូម្បីតែប្រពន្ធនឹងកូន។

ឌុចថា របប​ខ្មែរ​ក្រហម​បាន​អនុវត្ត​គោលការណ៍​បោស​សំអាត​ផ្ទៃ​ក្នុង​ដោយ​មិន​លើក​លែង សូម្បី​តែ​កូន​នឹង​ប្រពន្ធ

នៅថ្ងៃទី២នៃការឡើងផ្តល់សក្ខីកម្មក្នុងនាមជាសាក្សី នៅថ្ងៃទី ៨ មិថុនានេះកាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង បានឆ្លើយនឹងសំណួរជាច្រើនរបស់សហព្រះរាជអាជ្ញារងអន្តរជាតិ លោក ដេល ឡៃសាក់ ជុំវិញផែនការបោសសំអាតផ្ទៃក្នុង រឺការសម្រិតសម្រាំងក្នុងចំណោមកម្មាភិបាលជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងនោះ អតីតមេគុកទួលស្លែងរូបនេះបានអះអាងថា បន្ទាប់ពីបានឡើងកាន់អំណាចនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥មក មេដឹកនាំខ្មែរក្រហម បានចាប់ផ្តើមអនុវត្តគោលការណ៍មួយ ដោយបានបោសសម្អាតផ្ទៃក្នុងរបស់ខ្លួន ក្នុងនោះ សូម្បីតែប្រពន្ធ និងកូន ក៏មិនត្រូវបានលើកលែងនោះឡើយ។

សូមបញ្ជាក់ថា ឌុច ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងគុកទួលស្លែង ដែលបានធ្វើឲ្យមនុស្សជាង១៥០០០ នាក់ បានស្លាប់បាត់បង់ជីវិតក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩នេះ ត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង 001 កំពុងអនុវត្តទោសរបស់ខ្លួន នៅក្នុងពន្ធនាគារក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានតុលាការខ្មែរក្រហមកោះហៅ ឲ្យឡើងផ្តល់សក្ខីកម្មក្នុងនាមជាសាក្សី ដើម្បីប្រឆាំងនឹងអតីតមេដឹកនាំរបស់ខ្លួន គឺលោក នួន ជា និងខៀវ សំផន នៅក្នុងសំណុំរឿង 002/02។

នៅថ្ងៃទី២ នៃការឡើងផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីនេះ ឌុច បានថ្លែងថា កូននិងប្រពន្ធរបស់អ្នកទោសទាំងអស់ ត្រូវបានចាត់ទុកថា មានទោសដូចគ្នា ហើយត្រូវនាំយកទៅកម្ទេចចោលតាមគោលការណ៍របស់បក្សកុម្មុយនីស្តកម្ពុជាប្រជាធិបតេយ្យ។ ឌុច បានលើកឧទាហរណ៍ កូន និងប្រពន្ធរបស់ លោក ថាច់ ជា ដែលកាលណោះគឺជារដ្ឋមន្រ្តីក្នុងរបបរបស់លោក លន់ នល់ នោះ ក៏ត្រូវបានកម្ទិចផងដែរ។ មិនតែប៉ុណ្ណោះ កូន និងប្រពន្ធរបស់កម្មាភិបាលជាន់ខ្ពស់នៅក្នុងរបបខ្មែរក្រហម ក៏ត្រូវតែកម្ទិចផងដែរ តួយ៉ាងដូចជា កូននិងប្រពន្ធរបស់ វន វ៉េត ដែលមានតួនាទីជាសមាជិក អចិន្រ្តៃយ៍មជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ក៏ត្រូវបានកម្ទិចផងដែរ។

ការចាប់ក្រុមគ្រួសាររបស់អ្នកទោស ដើម្បីកម្ទិចនេះ គឺធ្វើឡើងតាមបញ្ជារបស់ថ្នាក់លើ មិនមែនជាការសម្រេចរបស់ប្រធានគុកទួលស្លែង រឺធ្វើឡើងស្រេចតែចិត្តនោះទេ។

សូមបញ្ជាក់ដែរថា តាមគម្រោង ឌុច នឹងមានរយៈពេល៩ថ្ងៃដើម្បីផ្តល់សក្ខីកម្ម ហើយថ្ងៃទី៨មិថុនានេះ គឺជាថ្ងៃទី២ហើយនៃការឡើងផ្តល់សក្ខីកម្មរបស់ កាំង ហ្គេចអ៊ាវ ហៅឌុច ក្នុងនាមជាសាក្សីនេះ៕

ប្រភពៈ RFI