បន្ទាប់​​ពីរាំង​​ភ្លៀង គឺ​ស្ទះ​លូ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​មក​នោះ គេ​ឃើញតាម​​ផ្លូវត្រង់​ចំណុច​មុខ​ផ្ទះ​សំណាក់ «​ស្រែ​លាភ​» ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក បាន​ជន់​លិច​ក្នុង​ជម្រៅ​ទឹក​ត្រឹម​ជង្គង់​ឯណោះ ដែល​ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​នេះ ត្រូវ​អាជ្ញាធរ​បង្ខំ​បិទ​មិន​ឱ្យធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន ។

ការ​បិទផ្លូវ​នេះ គឺ​អាជ្ញាធរ​បារម្ភ​ខ្លាច​មាន​ករណី​គ្រោះថ្នាក់​ជាយ​ថ​​ហេតុ ព្រោះ​តាម​ផ្លូវ​នេះ​ គឺ​មាន​​ជង្ហុក​ច្រើន​កន្លែង ។ អ្វី​ដែល​កត់​សម្គាល់នោះ គេ​ឃើញ​លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌទួលគោក បាន​ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​ ចុះ​ទៅ​ធ្វើការ​កាយ​​លូ ដើម្បី​បង្ហូរ​ទឹក​ឱ្យ​បាន​​លឿន បន្ទាប់​ពី​មេឃ​រាំង​ភ្លៀងហើយ​​ ។