ព្រៃផ្សៃ​ណាស់ ! លួងលោម​បាន​សម្រេច​រួច​សម្លាប់​ចោល​ទៀត

ខេត្តព្រៃវែង ៖ កុមារី​ម្នាក់​ដែល​មាន​អាយុ​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវ​បាន​បុរស​ម្នាក់​លួងលោម​ទៅ​រក​ឃ្មុំ​នៅ​ក្នុង​ព្រៃ​ជាមួយ​គ្នា ហើយ​បាន​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច រួច​សម្លាប់​ចោល​យ៉ាង​ព្រៃផ្សៃ​បំផុត​នៅ​ក្នុង​ព្រៃ​ដើម្បី​បំ​បិត​មាត់ ។ ហេតុការណ៍​ដែល​សង្គម​ស្អប់ខ្ពើម​បំផុត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រៃ​ខាងកើត​ភូមិ​ខ្យោ​ក​កណ្តាល ដែល​ស្ថិត​ក្នុង​ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​បាន​បាត់​ខ្លួន​តាំងពី​រសៀល​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៧​មិថុនា​មក​ម្ល៉េះ តែ​ក្រុម​គ្រួសារ​មិន​បាន​ដើរ​រក​ទេ ដោយ​នឹក​ស្មានថា​កូន​ទៅ​ដើរ​លេង​ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត ប៉ុន្តែ​រហូត​ដល់​ម៉ោង​ប្រហែល​៤​ល្ងាច​ថ្ងៃ​ដដែល ដោយនៅ​តែ​មិនឃើញ​កុមារី​រង​គ្រោះ​មក​ផ្ទះ​វិញ​ទៀត​​ក៏​នាំ​គ្នា​ដើរ​រក ហើយ​ក៏​ប្រទះ​ឃើញ​សាកសព​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​ខាងកើត​ភូមិ​បាត់​ទៅ​ហើយ ។

លោក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ករ​ណ​រំលោភ​សម្លាប់​លើ​កុមារី​រង​គ្រោះ​នេះ​ភ្លាម រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ភ្លាម ហើយ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទ្រី គឹ​ម​ឈាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នាំ​មក​សាកសួរ​នៅ​អធិការ​ដ្ឋាន ។

លោក​អធិការ​បាន​បញ្ជាក់​ថា ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​ពី​សាក្សី​ចំនួន​២​នាក់ គឺ​ទី​១-​កុមា​រ៉ា ចាន់ ពៅ អាយុ​៤​ឆ្នាំ ដែល​ជា​ប្អូនប្រុស​កុមារី​រង​គ្រោះ បាន​អះអាង​ថា មុន​ពេល​កុមារី​រង​គ្រោះ​បាត់​ខ្លួន​គឺ​ឈ្មោះ ទ្រី គឹ​ម​ឈាង នេះ​ជា​អ្នក​មក​បបួល​កុមារី​រង​គ្រោះ​ទៅ​រក​ឃ្មុំ​ជាមួយ​គេ​នៅ​ក្នុង​ព្រៃ​កើតហេតុ ។ សាក្សី​ទី​២-​កុមា​រ៉ា ភុ​ន ដេ​វីត អាយុ​១៣​ឆ្នាំ បាន​អះអាង​ថា បានឃើញ​កុមារី​រង​គ្រោះ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​កន្លែង​កើតហេតុ​ជាមួយនឹង​ជនសង្ស័យ ។

ដោយឡែក​ប្រភព​ពី​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព​ពឺ​ស បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​រូប​នេះ​ជា​មនុស្ស​ខិលខូច​ខ្លាំង​ណាស់ ហើយ​កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ចាប់ដៃ​ចាប់ជើង និង​បៀតបៀន​កេរ្តិ៍ខ្មាស់​នារី​ៗ​ក្នុងភូមិ​ជា​ញឹកញាប់ តែ​មិន​ដែល​មាន​នរណា​ចាប់កំហុស ឬ​ប្តឹង​អ្វី​ឡើយ ។

លោក​អធិការ​បាន​បញ្ជាក់​ថា បើ​ទោះបីជា​មាន​សាក្សី​ឆ្លើយ​បំភ្លឺ​យ៉ាងនេះ​ក្តី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ជនសង្ស័យ​នៅ​មិន​ព្រម​សារភាព​នៅឡើយ​ទេ ហេតុនេះ​ហើយ​ទើប​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​វត្ថុ​តាង និង​សាក្សី​បន្ថែម​ទៀត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ៕