ពេជ្រ សោភា ត្រូវអ្នកឈ្នានីស ច្រាននាងឲ្យដួលក្នុងបន្ទប់ទឹក ខណៈកំពុងឈឺ!

ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ តារាចម្រៀងស្រី ពេជ្រ សោភា កំពុងឡើងកូដស្រឺតៗ នាពេលបច្ចុប្បន្ននេះ ដែលមានមនុស្សជាច្រើន បានគាំទ្រយ៉ាងពេញទំហឹង លើបទ ចម្រៀងថ្មី ប្រភេទ Original របស់នាង។ ប៉ុន្តែស្រាប់ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានប្រើពាក្យពេចន៍មួយចំនួនបែបប្លែកៗ ដូចជាមានមនុស្ស កំពុងចង់ធ្វើបាបរូបនាង។

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានបង្ហោះរូប និងសារមួយដ៏ចម្លែក ដែលក្នុងនោះមានអត្ថន័យថា "ខ្ញុំស្រលាញ់អ្វីដែល ខ្ញុំធ្វើសំខាន់ខ្ញុំមិនក្បត់ខ្លួនឯង អ្នកដែលរុញខ្ញុំឲ្យដួលនៅបន្ទប់ទឹកយប់ថ្ងៃមុន ចាំឲ្យច្បាស់ នាងដូចជាធាត់ពេកហើយ ខ្ញុំស្គាល់នាងច្បាស់ណាស់ កុំព្យាយាមធ្វើបាបមនុស្សកំពុងឈឺ"

សាររបស់ អ្នកនាង ពេជ្រសោភា មួយនេះ ហាក់ដូចជា ចង់ទម្លាយពីអ្នកឈ្នានីស ដែលចង់ធ្វើបាប មកលើរូបនាង ខណៈកំពុងធ្លាក់ខ្លួនឈឺ។ ប៉ុន្តែទោះជាយ៉ាងណា រូបនាង ក៏មិនបានបង្ហាញពី អត្តសញ្ញាណច្បាស់លាស់ ពីម្នាក់ស្រី ដែលបានច្រាននាងឲ្យដួលក្នុងបន្ទប់ទឹកនោះដែរ គ្រាន់តែរូបនាង និយាយត្រួសៗតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានលើកទឹកចិត្ត និងជូនពរឲ្យ អ្នកនាង ពេជ្រ សោភា ឲ្យឆាប់ជាសះស្បើយ និងឈ្នះរាល់សត្រូវ ដែលព្យាយាមប៉ងធ្វើបាបរាងកាយ លើរូបនាងផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីសប្តាហ៍មុននេះ អ្នកនាង ពេជ្រ សោភា បានធ្លាក់ខ្លួនឈឺ ដោយជម្ងឺចាស់បានរើឡើងវិញ ហើយបញ្ចូនទៅព្យាបាលប្រទេសថៃភ្លាមៗផងដែរ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាគ្រូបង្វឹករបស់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia លោកអ្នកនាង ពេជ្រ សោភា បានធ្លាក់ខ្លួនឈឺដោយជំងឺចាស់ឈាមសស៊ីឈាមក្រហមរើឡើងវិញ ហើយត្រូវប្រញ៉ាប់ចេញទៅព្យាបាល នៅប្រទេសថៃយ៉ាងតក់ក្រហល ខណៈកូនក្រុមរបស់នាង មិនត្រូវបានការបង្កាត់បង្រៀនគ្រាប្រឡងចម្រាញ់។

ស្របពេលជាមួយគ្នានេះដែរ បើក្រឡេកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកគឺមានការ Share ចែករំលែកភ្ជាប់ជាមួយសារជូនពរ និងការបង្ហាញក្តីព្រួយបារម្មណ៍ពីសុវត្ថភាពរបស់អ្នកនាង ពេជ្រ សោភា ជាច្រើនផងដែរ។ ម្យ៉ាងទៀតក៏មានការលើកឡើងថា បើអ្នកនាង ពេជ្រ សោភា ធ្លាក់ខ្លួនឈឺចេញទៅព្យាបាលនៅថៃ ដូច្នេះតើកូនក្រុមរបស់នាងនឹងក្លាយជាយ៉ាងណា?។

ឆ្លើយតបនឹងក្តីព្រួយបារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រ តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា នៅលើហ្វេសប៊ុក នាងកាលពីរាត្រីយប់ថ្ងៃទី២៥ ខែឧសភា បានសរសេរថា «អារុណសួស្តីពីចំងាយផង។ មេឃស្រទុំចឹងនឹកស្រុកខ្មែរណាស់មិនថា មានរឿងអ្វីកើតឡើងចំពោះនាងខ្ញុំទេ តែស្នាមញញឹមមួយនេះ នៅតែរក្សាសម្រាប់បងប្អូនជានិច្ច។ នាងខ្ញុំមិនអាចដួលនៅពេលនេះ បានទេមានមនុស្សចាស់ជរាគ្មានទីពឹងជាច្រើន ដែលត្រូវការអោយនាងខ្ញុំជួយ! សូម Comment ពាក្យថា លើកទឹកចិត្តនាងខ្ញុំបានទេ?»។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុនពេលតារាស្រី ពេជ្រ សោភា ចូលបន្ទប់ព្យាបាលនៅលើហ្វេសប៊ុកនាង ក៏បានលើកឡើងថា ប៉ុន្មានម៉ោងមុនធ្វើការព្យាបាល បងភា នៅតែបារម្ភពីកូនក្រុមរបស់គាត់ ដែលគាត់មិនបានបង្វឹក ក្នុងពេលគាត់កំពុងព្យាបាលនៅប្រទេសថៃ ក្នុងនាមខ្ញុំជា Admin សង្ឃឹមថា កូនក្រុមបងភា នឹងបានឃើញហើយខំប្រឹងធ្វើឲ្យល្អក្នុងសប្ដាហ៍នេះ ដើម្បីកុំឲ្យគាត់អស់សង្ឃឹម... ហើយសង្ឃឹមអ្នកទាំងអស់គ្នា ជូនពរគាត់ឲ្យជាសះស្បើយឆាប់ឆាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload