តារា​កំប្លែង​នាយ បឿន គាំងបេះដូង​ស្លាប់​ ពេល​កំពុង​សម្ដែង​

តារា​កំប្លែង​នាយ បឿន គាំងបេះដូង​ស្លាប់​ ពេល​កំពុង​សម្ដែង​



ភ្នំពេញ ៖ តារា​កំប្លែង​ស្ថិត​ក្នុង​ក្រុម​នាយ ក្រឹម ​និង​ជា​តួ​សម្ដែង​ល្ខោន​លោក ធូ ពៅ ហៅ​នាយ បឿន ឬ​នាយ យក្ស បាន​ទទួល​មរណភាព​ហើយ ​កាលពី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​០៧ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ដោយសារ​ជំងឺ​គាំងបេះដូង​ គ្រា​ដែល​នាយ​កំពុង​សម្ដែង​ល្ខោន​ នៅ​ខេត្ត​តាកែ​(​ស្លាប់​ក្រោយ​ឆាក​)។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយ ច​យ ដៃ​គូ​កំប្លែង ​រួម​ក្រុម​ស្ថិត​ក្នុង​ក្រុម​នាយ ក្រឹម បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ នៅ​ម៉ោង​១១ ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦​ថា​ នាយ បឿន ស្លាប់​ហើយ។ គាត់​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ ខណៈ​ពេល​កំពុង​សម្តែង​ល្ខោន​សុខៗ​ ស្រាប់តែ​គាត់​ចាប់ផ្ដើម​កើតមាន​អាការៈ​ហត់​និង​ថប់ដង្ហើម​ ហើយ​ភ្លាមៗ​នោះ​ ក៏​ត្រូវ​បាន​ក្រុមការងារ​ជួយ​ចាប់ខ្យល់​ និង​សម្រួល​ចលនា​បេះដូង​ព្រមទាំង​រៀបចំ​បញ្ជូន​ទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ ​តែ​ជា​អកុសល​នាយ បឿន ក៏បាន​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​ក្រោយ​ឆាកល្ខោន​នោះ​តែម្តង។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ​នាយ បឿន មាន​ជំងឺ​ប្រចាំ​កាយ​យូរ​ឆ្នាំ​ ហើយ​គឺ​ជំងឺ​ទឹកនោមផ្អែម​និង​លើសឈាម ​ប៉ុន្តែ​ដោយសារ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ ទើប​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ឲ្យ​ជា​សះស្បើយ​ដាច់ស្រឡះ​ឡើយ​ ទើប​រហូតដល់​ថ្ងៃ​ត្រូវ​ឡើង​សម្ដែង​ល្ខោន​ ឯ​ខេត្ត​តាកែវ​នោះ​ ក៏​កើត​មាន​រឿង​នេះ​ឡើង​តែម្តង​។ ភ្លាមៗ​នោះ​សព​នាយ បឿន ត្រូវ​បាន​យក​ទៅ​តម្កល់​ និង​បូជា​កាលពី​យប់​ថ្ងៃទី​០៧ ខែមិថុនា នៅ​វត្ត​មឿង​ចា​រ្យ ស្ថិត​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ខណៈ​គ្រួសារ​គ្មាន​លទ្ធភាព​​​ដើម្បី​ដឹក​យក​មក​តម្កល់​បូជា​ភ្នំពេញ។

តារា​កំប្លែង​រួម​ក្រុម​នាយ​ក្រឹម​ បាន​បន្ត​ថា ​បន្ទាប់​ពី​សព​នាយ បឿន ត្រូវ​បាន​បូជា​រួចរាល់​ហើយ​នោះ​សម្រាប់​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ស្វាយអង្គុំ ​ក្រោយ​ប៉ុស្តិ៍​លេខ​បីចាស់ ​នៅ​ថ្ងៃ​អាទិត្យ ​​ទី​១២ ​ខែ​មិថុនា ​ឆ្នាំ២០១៦។ តារា​កំប្លែង​នាយ បឿន ស្លាប់​ក្នុង​​​វ័យ​ប្រមាណ​៥៧ ឆ្នាំ​។ សព្វថ្ងៃ​នាយ​មាន​កូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ ​គឺ​ស្រី​១​នាក់​ និង​ប្រុស​២​នាក់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​នាយ​ច​យ៕
តារា​កំប្លែង​នាយ បឿន គាំងបេះដូង​ស្លាប់​ ពេល​កំពុង​សម្ដែង​

តារា​កំប្លែង​នាយ បឿន គាំងបេះដូង​ស្លាប់​ ពេល​កំពុង​សម្ដែង​