សង្ស័យ​បែក​ថ្នាំ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឲ្យ​របួសធ្ងន់​

សង្ស័យ​បែក​ថ្នាំ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឲ្យ​របួសធ្ងន់​



ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ ​បណ្ដាល​របួសធ្ងន់​រហូត​សន្លប់​ស្ដូកស្តឹង​ ហើយ​អ្នក​វាយ​បាន​គេច​ខ្លួន​បាត់​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​៨​ខែមិថុនា ​ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ក្រោយ​ព្រលាន​យន្តហោះ​ខាងត្បូង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ ខ​ណ្ឌ​ពោធិ៍សែន​ជ័យ​។​

ជនរងគ្រោះ​មាន ឈ្មោះ ​ញ៉ែម ​សុធា​ ហៅ​អា​រស់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ហៅ​ម៉ូយ​ឲ្យ​​រថយន្តឈ្នួល​ ស្នាក់​នៅផ្ទះ​លេខ​៧០ ក្រុម​២៥៦ ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រូបគេ​ផឹក​ស្រា​ជាមួយ​មិត្តភក្ដិ​៣​នាក់​ទៀត​ នៅ​ម្តុំ​ស្តាត​ចាស់​​ ក្រោយមក​បាន​ហៅ​ម៉ូតូ​ឲ្យ​ឌុប​មកលេង​ហ្គេម​នៅ​ម្តុំ​ជំពូវ័ន្ត​ខា​ង​កើត​រោងចក្រ​ប៊ើ​រី​ ភូមិ​ជំពូវ័ន្ត ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ បន្ទាប់​មក​ទៀត​បាន​ដើរ​មក​ម្តុំ​ផ្លូវ​វេង​ស្រេង​ខាងកើត​រង្វង់​មូល​ចោមចៅ ​ខណៈ​គាត់​ដើរ​ត្រូវ​ជនសង្ស័យ​វាយ​ជាច្រើន​ដៃ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ ក្រោយមក​ទើប​គាត់​បាន​មក​ដេក​នៅ​កន្លែង​កើត​ហេតុ​ ដោយ​ដេកលក់​ដូច​មនុស្ស​ស្លាប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​ឃើញ​យុវជន​រូប​នេះ​ ដើរ​នៅ​ផ្លូវ​វេងស្រេង ហើយ​ពេល​នោះ​គេ​បានឮ​សំឡេង​ស្រែក​ថា​ មាន​ចោរឆក់​ទូរស័ព្ទ​ដៃ​​ ហើយ​ពួកគេ​បាន​ឡើង​ម៉ូតូឌុប​ជិះ​ចេញទៅ​បា​ត់​ស្រមោល​។​

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ដើរ​ល្បាត​នៅក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន ​ក៏​ប្រទះឃើញ​យុវជន​ម្នាក់​នេះ​ដេក​ដួល​ក្បែរ​របង​ខាងក្រោយ​ព្រលាន​យន្ត​ហោះ​អន្ត​រ​ជាតិ​ភ្នំពេញ មិន​ដឹង​ជា​ភាគី​ខាង​ណា​ទេ ​ហើយ​ក៏​មិន​ដឹង​មានរឿង​អី​ច្បាស់លាស់​ដែរ​ ព្រោះ​ពេល​សួរ​នាំ​គេ​និយាយ​មិនដឹង​ខុសត្រូវ​អ្វី​ឡើយ​។​

ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​បាន​សួរនាំ​បុរស​ខាងលើ​ដោយ​ឆ្លើយ​ពាសវាលពាសកាល​ម្តង​​ថា​ម៉ូតូ​ត្រូវ​គេ​ប្លន់ ម្តង​ថា ​ជិះ​ម៉ូតូឌុប​មក​ហើយ​ ម្តង​ឆ្លើយ​ថា ​ជិះ​មូតូ​វីវ៉ា​ ហើយ​ម្តង​ថា​ ជិះ​ម៉ូតូ​ឌ្រី​ម​សង់៕

សង្ស័យ​បែក​ថ្នាំ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឲ្យ​របួសធ្ងន់​