បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ ថែមទាំង​ស្រវឹង​ខួប​វង្វេងស្មារតី​ ទៅ​ចង​ក​សម្លាប់​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​

បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ ថែមទាំង​ស្រវឹង​ខួប​វង្វេងស្មារតី​ ទៅ​ចង​ក​សម្លាប់​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​



បន្ទាយមានជ័យ ​៖​ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​១​ថ្ងៃៗ គិតតែ​ពី​ដើរ​ផឹក​រហូតដល់ វង្វេង​ស្មារតី ​រួចក៏​ទៅ​ចងក សម្លាប់​ខ្លួន ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១១ ព្រឹក​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច រោង​ដាក់​គោយន្ត​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ​ចម្ងាយ​ ២៥​ម៉ែត្រ ស្ថិត​ក្នុង ភូមិ​សំរោង​ពេន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹង​ថា ជនរង​គ្រោះ​មានឈ្មោះ ត​ត វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុង ភូមិ​សំរោង​ពេន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​រស់ សំបូរ បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​នោះ ជនរងគ្រោះ​បាន​ផឹក​ស្រា ជា​ធម្មតា ដោយ​ផឹក​តាំង​ពីព្រឹក​រហូតដល់​ថ្ងៃត្រង់។ ពេល​នោះ​ ក្រុម​គ្រួសារ ​បាន​ចេញ​ទៅ​ធ្វើ​ការ​បាត់​ពី​ផ្ទះ​អស់ លុះ​ត្រឡប់​មកពី​ធ្វើការ​វិញ ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ បាន​យក​ខ្សែ​អង្រឹង​ចង ក សម្លាប់​ខ្លួន នៅ​រោង​ដាក់​គោយន្ត នៅ​ខាងក្រោយ​ផ្ទះ​ឡើង​ចង់​រឹង។

លោក​រស់ សំបូរ បាន​បញ្ជាក់​ទៀត​ថា ពេលនោះ​ក្រុម​គ្រួសារ​បាន​ឆោឡោ​ឡើង ហើយ​បាន​នាំ គ្នា​ដាក់​សព​ចុះ​មក​ដី រួច​រាយការណ៍​ទៅ​សមត្ថកិច្ច ឲ្យ​ចុះ​មក​ពិនិត្យ​សព។ បន្ទាប់ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច បាន​ធ្វើការ​សន្និដ្ឋាន​ថា សព​នេះ​ពិតជា​ស្លាប់​ដោយ​ចង ក ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ​។ ក្រោយពី​ពិនិត្យ​​​រួចរាល់​ហើយ សព​ត្រូវ​បាន​សមត្ថកិច្ច ប្រគល់ ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ តាម​ប្រពៃណី៕
បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ ថែមទាំង​ស្រវឹង​ខួប​វង្វេងស្មារតី​ ទៅ​ចង​ក​សម្លាប់​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​