សាន ផានិត សុំទោស​ក្រោយ​មិន​បាន​ចូលរួម​លក់​កន្សែង​ជួយ​ល្ខោន​ស្បែក​ធំ

សាន ផានិត មិន​បាន​បង្ហាញ​មុខ​លក់​កន្សែង និង​ផលិតផល​ផ្សេងៗ​របស់​ក្រុម​នគរ​រាជ ដើម្បី​រក​លុយ​ជួយ​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល នោះ​ទេ។ តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា ដោយ​សារ​ជាប់មើល​កូន ពេល​ប្រពន្ធ​​ថត​កម្មវិធី​ទូរទស្សន៍​ក្នុង​ស្រុក​មួយ។

សាន ផានិត សុំទោស​ក្រោយ​មិន​បាន​ចូលរួម​លក់​កន្សែង​ជួយ​ល្ខោន​ស្បែក​ធំ

 

“សុំ​ទោស​ចំពោះ​ការ​ខក​ខាន​នេះ ដោយសារ​ជាប់​មើល​កូន ពេល​ដល់​វគ្គ​គេ​សម្ភាសន៍​ប្រពន្ធ​ខ្ញុំ អញ្ចឹង​ក៏​ខក​តែ​ម្ដង តែ​សុំ​ការ​យោគយល់​ពី​ប្អូន អាចារ្យ​ធំ រួច​ហើយ”។ សាន ផានិត ថ្លែង​មក​កាន់ Sabay។ តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ថា លោក​ពេញ​ចិត្ត​ក្នុង​ការ​ចូលរួម​ធ្វើ​រឿង​សប្បុរសធម៌​ដូច្នេះ ហើយ​នឹង​ចូលរួម​នៅ​លើក​ក្រោយៗ​ទៀត ទោះ​មិន​មាន​ការ​ប្រកួត​បាល់ទាត់​យ៉ាង​ណា​ក្ដី។

 

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សាន ផានិត សម្ដែង​ការ​សោកស្ដាយ ព្រោះ​ការ​លក់​ផលិតផល​នានា​កាល​ពី​ម្សិលមិញ ដើម្បី​រក​លុយ​ជួយ​ល្ខោន​ស្បែក​ធំ ហាក់​មិន​សូវ​មាន​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​កីឡា​ឡើយ ទោះ​បី​ជា​មាន​វត្តមាន​តារា​ល្បីៗ​ដូច​ជា ហេង វិទូ និង អេដា ជា​ដើម​ចូលរួម​យ៉ាង​ណា​ក្ដី។

 

ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ជំនួយ​ជួយ​ដល់​លោក​គ្រូ ម៉ាន់ កុសល នេះ​ដែរ អ្នក​និពន្ធ កែវ សាស្ត្រា ដែល​បាន​ដឹក​ទឹក​បរិសុទ្ធ​ទៅ​លក់​នៅ​ទី​នោះ ក៏​ត្អូញត្អែរ​លក់​មិន​ដាច់​ដូច​គ្នា​ដែរ។ លោក​បន្ត​ថា លក់​ដាច់​បាន​ត្រឹម​តែ ១០ កេស​ប៉ុណ្ណោះ ហើយ​បើ​គិត​ជា​ប្រាក់​ចំណេញ គឺ​បាន​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ជួយ​គ្រូ​ល្ខោន​ស្បែក​ខាង​លើ​លើ។

 

“ខ្ញុំ​មិន​ចង់​លើក​ដៃ​សុំ​គេ ដើម្បី​ជួយ​លោក​គ្រូ​នោះ​ទេ តែ​ខ្ញុំ​ព្យាយាម​លក់​ដើម្បី​រក​លុយ​ជួយ​គាត់ ឥឡូវ​បើ​មាន​គេ​ទិញ​ដឹក​ឱ្យ​តែ​ម្ដង”។ សាស្ត្រា ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា ដោយ​សារ​តែ​មាន​ការ​អំពាវនាវ​កាល​ពី​យប់​មិញ រហូត​មក​ដល់​លោក​លក់​ដាច់​អស់​ប្រមាណ ៤០ កេស​ហើយ និង​​ត្រៀម​យក​ប្រាក់​ចំណេញ​ទៅ​ជូន​លោក​គ្រូ ម៉ាន់ កុសល ឆាប់ៗ៕

 

អត្ថបទ៖ សំ ជំនាញ