ពលរដ្ឋ​រស់​នៅ​​កោះ​រ៉ុង​ស្នើ​ឲ្យ​លោក ហ៊ុន សែន ពន្លឿន​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

ប្រជាពលរដ្ឋ​រស់​នៅ​លើ​កោះរ៉ុង ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពន្លឿន​សកម្មភាព​ចុះ​វាស់ដី​ផ្ដល់​ប្លង់​ប័ណ្ណ​កម្មសិទ្ធិ​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​កំពុង​ប្រឈម​ក្រុមហ៊ុន​រំលោភ​យក។ អាជ្ញាធរ​ជំនាញ​អះអាង​ថា កំពុង​ចុះ​ពិនិត្យ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ឈាន​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​ក្រុមហ៊ុន​ជូន​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ ៥​ភូមិ សរុប​មាន​ប្រមាណ ៥០០​គ្រួសារ រស់​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ  បាន​ស្នើ​សុំ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជួយ​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ចុះ​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។

ក្រុម​ប្រជាពលរដ្ឋ​បារម្ភ​ខ្លាច​ដី​លំនៅឋាន និង​ដី​ចម្ការ​ដំណាំ​ដែល​ពួកគាត់​អះអាង​ថា ធ្លាប់​រស់នៅ​ជិត ២០​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើ​អំណាច​រំលោភ​យក​ដោយ​សំអាង​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល៖ «ដី​ចម្ការ​ពួក​ខ្ញុំ​មួយ​ចំនួន​ត្រូវ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈូស​បំផ្លាញ​ផល​ដំណាំ​ស្ទើរ​ទាំង​ស្រុង និង​ហាម​ពលរដ្ឋ​ពួក​ខ្ញុំ​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​ចម្ការ ឬ​ដាំ​ដំណាំ​នៅ​លើ​ដី​ចម្ការ​នោះ​ទេ។ សូម​សំណូមពរ​សម្ដេច ហ៊ុន សែន ឬ​រដ្ឋាភិបាល​ឲ្យ​ជួយ​បញ្ជូន​មន្ត្រី​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ និង​កំណត់​ដី​ក្រុមហ៊ុន​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​កុំ​ឲ្យ​មាន​វិវាទ​ជាមួយ​គ្នា​ត​ទៅ​ទៀត»

ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ ដែល​បាន​មក​តាំង​ទី​លំនៅ​នៅ​លើ​កោះរ៉ុង គឺ​ពលរដ្ឋ​ភាគ​ច្រើន​បាន​មក​តាំងទី​លំនៅ​លើ​កោះរុង ពី​ឆ្នាំ​១៩៩៣ ខ្លះ​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ ដែល​កាល​ណោះ​ពួកគាត់​ទ្រាំ​រស់​នៅ​លំបាក​វេទនា ហើយ​ប្រឈម​ជំងឺ​គ្រុន​ចាញ់​ធ្ងន់ធ្ងរ។ ប៉ុន្តែ​ពេល​មូលដ្ឋាន​កោះរ៉ុង មាន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​មក​កម្សាន្ត​ច្រើន បែរ​ជា​មាន​វត្តមាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប មក​ហាមឃាត់​ពួកគាត់ មិន​ឲ្យ​កាប់​ឆ្ការ​ព្រៃ ឬ​ចូល​ទៅ​ធ្វើ​ចម្ការ​នៅ​លើ​ដី​ធ្លាប់​រស់​នៅ​ទៅ​វិញ។

ពលរដ្ឋ​ចោទ​ថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​តាម​ប្រប​ឆ្នេរ​សមុទ្រ និង​ជីក​កកាយ​ថ្មភ្នំ​ចាក់​ចូល​សមុទ្រ ដើម្បី​សង់​កំពង់ផែ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​សមុទ្រ​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កន្លង​មក បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ មាន​កងរាជអាវុធហត្ថ​ជាដើម មក​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​ចម្ការ​នៅ​លើ​ដី​ធ្លាប់​ដាំ​ដំណាំ​មាន​ដូចជា ស្វាយ ដូង និង​ខ្នុរ​ជាដើម។

ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ រស់​នៅ​សង្កាត់​កោះរុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​កំពុង​ព្រួយ​បារម្ភ​បាត់បង់​ដី​លំនៅឋាន និង​ដីចម្ការ​ភាគ​ច្រើន​រស់​នៅ​ភូមិ​ព្រែកស្វាយ ភូមិ​ដើមថ្កូវ ភូមិ​កោះតូច និង​ភូមិ​សុខសាន្ត។

ចៅសង្កាត់​កោះរ៉ុង លោក អ៊ួង និត បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ម្ដង​ជា​ពីរ​ដង​ជុំវិញ​កង្វល់​ពលរដ្ឋ​នា​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង។ ចៅ​សង្កាត់​រូប​នេះ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​កោះរ៉ុង ចោទ​ថា មិន​សកម្ម​ក្នុង​ការងារ​ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​មាន​កង្វល់​ទាក់ទង​ការ​រំលោភ​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត។

តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោក​ឧកញ៉ា ឈុន ប៊ុនថា មាន​ប្រសាសន៍​ខ្លី​ថា ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​កោះរ៉ុង គឺ​ជា​បន្ទុក​របស់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល មិន​មែន​ជា​ការងារ​របស់​ក្រុមហ៊ុន​ត្រូវ​ចុះ​អនុវត្ត​នោះ​ទេ។

រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់ ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ដែល​ចុះ​អង្កេត​ផ្ទាល់​នៅ​លើ​កោះរ៉ុង មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​ត្រូវ​ពន្លឿន​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា ដែល​ប្រមុខ​ដឹកនាំ​បាន​ដាក់​ឲ្យ​អនុវត្ត​ជូន​ប្រជាពលរដ្ឋ​ចេញ​ពី​គម្រោង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យ​បាន​ឆាប់។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បាន​សំណូមពរ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​ចុះ​ពិនិត្យ​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​កោះរ៉ុង ថា​តើ​បាន​អនុវត្ត​ស្រប​តាម​កិច្ច​ព្រមព្រៀង​ដែរ ឬ​យ៉ាង​ណា ព្រោះ​បើ​តាម​ការ​សង្កេត​ជាក់ស្ដែង គឺ​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​បរិស្ថាន​ឆ្នេរ​សមុទ្រ​នៅ​លើ​កោះរ៉ុង ធ្ងន់ធ្ងរ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់។

លោក សុខ សុខុម៖ «ថ្មីៗ​នេះ​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ទៀត​ដើម្បី​កាត់​ឆ្វៀល​ដី​នៅ​លើ​កោះរ៉ុង តាម​រូបមន្ត​ស្បែក​ខ្លា ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដំណើរ​ការ​ដោះស្រាយ​នៅ​តែ​មាន​ការ​យឺតយ៉ាវ​ដដែល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​បាត់បង់​ដី​ចម្ការ និង​ដី​លំនៅឋាន​ជា​ខ្លាំង»

​ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​តាម​ភូមិ​នានា ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ មុន​នឹង​ឈាន​ដល់​បន្ត​នីតិវិធី​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ចេញ​ពី​គម្រោង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ប៉ុន្តែ​ត្រង់​ថា នៅ​ថ្ងៃ​ណា ក្រុម​ការងារ​នេះ​នឹង​ចុះ​វាស់ដី​ជូន​ពលរដ្ឋ​ឲ្យ​ពិតប្រាកដ គឺ​មិន​ទាន់​កំណត់​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ចុះ​ប្រមូល​ទិន្នន័យ ឬ​ចំនួន​ប្រជាពលរដ្ឋ​រស់​នៅ​ជាក់ស្ដែង​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។

សង្កាត់​កោះរ៉ុង ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ ចែក​ជា ៥​ភូមិ គឺ​ភូមិ​ព្រែកស្វាយ ភូមិ​ដើមថ្កូវ ភូមិ​កោះតូច ភូមិ​សុខសាន្ត និង​ភូមិ​កោះរ៉ុង​សន្លឹម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។