ទីរួមខេត្ត​បាត់ដំបង កំពុង​ក្លាយជា​ទីក្រុង​ល្បែងស៊ីសង​ទំនើប

​ខេត្តបាត់ដំបង ៖  ស្រប​ពេល​ដែល​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​បន្ត​ផ្ទាល់​តាម​កាស៊ីណូ​នានា តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ហាក់​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​នា​ពេល​នេះ ក្នុង​ក្រុង​បាត់ដំបង ស្រាប់តែ​ថ្មី​ៗ​នេះ បាន​លេចឮ​នូវ​ពាក្យ​អ៊ួ​ត​សរសើរ​ពី​ម្ចាស់​អាជីវកម្ម​ធំ​ៗ​មួយ​ចំនួន​ថា ទីក្រុង​បាត់ដំបង គឺជា​ទីផ្សារ​ដ៏​កាក់កប​បំផុត សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ល្បែងស៊ីសង​តាម​អ៊ី​ន​ធើ​រ​ណេ​ត​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទីតាំង​បើក​អាជីវកម្ម​ភ្នាល់​ល្បែង​តាម​អ៊ី​ន​ធើ​រ​ណេ​ត នៅ​ក្នុង​ក្រុង​បាត់ដំបង ហាក់​មិន​មានការ​ថមថយ​ទេ បើ​ទោះជា​កន្លង​មក​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប  ឬ​កោះហៅ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​ក្ដី ។ មន្ត្រី​មួយ​រូប​ដែល​ធ្លាប់​ធ្វើ​ការងារ​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​កន្លង​មក​ក្ដី ឬ​ការ​បង្គាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​បំពាន​ច្បាប់​ក្ដី គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​គម្រប់​កិច្ច ឬ​ធ្វើ​គ្រាន់តែ​ដើម្បី​ចរចា​រក​ផលប្រយោជន៍​តែ​ប៉ុណ្ណោះ ទីបំផុត​បើក​ដំណើរ​ការ​ដដែល ឱ្យ​តែ​ពេល​ដាច់​ខែ​ជួប​មុខ​គ្នា​ម្តង ។

មន្ត្រី​ដែល​សុំ​លាក់​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ទីតាំង​ចាស់​រាប់​សិប​កន្លែង​នៅ​តែ​ដំណើរ​យ៉ាង​រលូន​ដដែល  ខណៈ​ទីតាំង​ថ្មី​កំពុង​ចាប់ផ្ដើម​ដំណើរការ​ជា​បន្តបន្ទាប់​ដែរ​។ ជាក់ស្ដែង​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដ៏​ធំ​មួយ​កន្លែង​នៅ​ខាងជើង​ផ្សា​របឹង​ឈូក ក្នុង​ក្រុង​បាត់ដំបង ដែល​ឡាយ​ផ្ទាល់​ពី​កាស៊ីណូ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​កំពុង​ដំណើរការ​យ៉ាង​រលូន​។ ទីតាំង​នេះ​ត្រូវ​គេ​ដឹង​ថា ទើប​ជប់លៀង​បើក​សម្ភោ​ធ​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ មិថុនា នេះ ដែល​មាន​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី​នោះ​ផង​។ 

ការ​បើក​ធ្វើ​អាជីវកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​នេះ មានការ​អំណាស់អំណាង​ផ្ទុយ​គ្នា​អំពី​ផ្លូវច្បាប់ រវាង​ម្ចាស់​អាជីវកម្ម និង​សមត្ថកិច្ច​។ តាម​រយៈ​ការ​បង្ក្រាប​កន្លង​មក ម្ចាស់​អាជីវកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​នានា សុទ្ធតែ​បាន​អះអាង​ថា ពួក​គេ​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ធ្វើ​អាជីវកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​នេះ​។ រីឯ​សមត្ថកិច្ច​មួយ​ចំនួន​ដែល​តែងតែ​ទទួល​បាន​ផលប្រយោជន៍​ពី​ម្ចាស់​អាជីវកម្ម​នេះ ហាក់​បង្ហាញ​ពី​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​អះអាង​របស់​ម្ចាស់​អាជីវកម្ម​។

ប៉ុន្តែ​សមត្ថកិច្ច​ដែល​តែង​ចុះ​បង្ក្រាប​បទល្មើស​នេះ តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ បែរជា​អះអាង​ផ្ទុយ​ពី​នេះ​ថា ទីតាំង​បើក​អ៊ី​ន​ធើ​រ​ណេ​ត​ទាំងនោះ​សុទ្ធតែ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់ បើ​ទោះជា​មានច្បាប់​អនុញ្ញាតិ​ក្ដី​។  ក្រុម​អ្នក​អនុវត្ត​ច្បាប់​បាន​និយាយ​ថា ច្បាប់​បាន​អនុញ្ញាតិ​ឲ្យ​ដំណើរការ​អ៊ី​ន​ធើ​រ​ណេ​ត ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់​ល្បែងស៊ីសង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ រាល់​សកម្មភាព​ជាក់ស្ដែង​ស្ទើរ​គ្រប់​ទីតាំង​ហាង​អ៊ី​ន​ធើ​រ​ណេ​ត​ទាំងអស់​សុទ្ធតែ​មាន​ភ្នាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខុសច្បាប់ ដែល​ទីតាំង​ខ្លះ​មាន​ឡាយ​ផ្ទាល់​ពី​កាស៊ីណូ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​តែ​ម្ដង​។