លោក សាំ ពិសិដ្ឋ​ថា​ឆ្នាំ​នេះ​ស្ថានភាព​ជន់​លិច​ទឹកភ្លៀង​នៅ​ភ្នំពេញ​ធូរស្រាល​ច្រើន​ជាង​មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ស្ថានភាព​ទឹកភ្លៀង​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​មានការ​ធូរស្រាល​ច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ដោយសារ​អាជ្ញាធរ​បាន​រៀបចំ​ប្រ​ព័​ន្ឋ​លូ និង​ដាក់​លូ​ទំហំ​ធំ​ៗ​បាន​ច្រើន​នៅ​តាម​តំបន់​ធ្លាប់​ជន់​លិច​នា​ឆ្នាំ​កន្លង​មក ។

ការ​លើក​ឡើង​របស់​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​នា​ពេល​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយ​ភ្លៀង​មួយ​មេ​ធំ​បាន​ធ្លាក់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ពុធ​នេះ និង​ពលរដ្ឋ​មួយ​ចំនួន​បន្ត​រិះគន់​ពី​ទឹកភ្លៀង​ជន់​លិច​នៅ​ក្នុង​ក្រុង​នោះ ។

បើ​តាម​លោក សាំ ពិសិដ្ឋ អំឡុង​ពេល​ភ្លៀង​និង​មាន​លាយឡំ​ខ្យល់​នៅ​រសៀល​នេះ បាន​បណ្តាល​ឲ្យ​បាក់​ដើមឈើ​២​ដើម ដែល​០១​ដើម​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​០១​ដើម​ទៀត​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ សេ​ទុង ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ទឹកភ្លៀង​បាន​ជន់​លិច​នៅ​តំបន់​ផ្សារ​កណ្តាល ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ម្តុំ​ទូត​ចិន វិ​ថី​សាល​ដឺ​ហ្គោ​ល ប៉ុន្តែ​ក្រោយ​ភ្លៀង​ប្រមាណ​កន្លះ​ម៉ោង ទឹកបាន​ស្រក​លឿន​និង​មក​ដល់​ម៉ោង​៣​និង​៥៥​នាទី​រសៀល​នេះ ទឹក​ស្រក​ចង់​អស់ហើយ ។

លោក សាំ ពិសិដ្ឋ​បន្ថែម​ទៀត​ថា ដោយឡែក​នៅ​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ​និង​ផ្លូវ​ជុំវិញ​វត្ត​ភ្នំ​ដែល​កន្លង​មក​ជន់​លិច​ខ្លាំង​នោះ ក្រោយ​ភ្លៀង​ឃើញ​ថា​ទឹកបាន​ស្រក​អស់​ភ្លាម​ៗ​ផង​ដែរ ចំណែក​ខណ្ឌ​ចំនួន​៤​ទៀត​ពុំ​មានការ​លិចលង់​ទឹកភ្លៀង​នោះ​ទេ ធ្វើ​ឲ្យ​បញ្ហា​ទឹកភ្លៀង​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ហើយ​ថា​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​និង​បន្ត​កែសម្រួល​ប្រ​ព័​ន្ឋ​លូ​និង​ដាក់​លូ​ថ្មី​ៗ​នៅ​តំបន់​ដែល​ពុំ​ទាន់​មាន​បន្ត​ទៀត​៕