ជីវិតគេម្នាក់ ចង់លាក់​ម្តេច​បាន!

រាជធានី​ភ្នំពេញ ៖ កម្មករ​​រោងចក្រ «​ហៃស៊ី​ង​» ម្នាក់ ត្រូវ​ថៅកែ​​រ៉ឺ​យ៉ែ​រថយន្ត​បុក​ ​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​​កំពុង​ឈរ​លា​​ក្រណាត់​ក្នុង​រោងចក្រ ហើយ​ត្រូវ​ថៅកែនោះបាន​ព្យាយាម​បិទ​បាំង​​ព័ត៌មាន ដោយ​សុខចិត្ត​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​តែ​ជា​​អកុសល ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៨ មិថុនា ២០១៦ នេះ ស្ថិត​នៅ​អគារ​លេខ​១៤៩F ផ្លូវ​លេខ​៩០៧ ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យិ​ន សុ​ភ័ក្ត្រ អាយុ​៣៣​ឆ្នាំ ជា​កម្មករ​ក្នុង​រោងចក្រ​ខាងលើ មាន​ទីលំនៅ​ភូមិវាល​តូច ឃុំ​ស៊ី​ដា ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​ថៅកែ​រោងចក្រ​ មិន​ត្រូវ​​​ស្គាល់ឈ្មោះ​​ទេ ជិះរថយន្ត​ម៉ាក​ប្រា​ដូ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​2x0455 ។

ប្រភពឱ្យ​ដឹងថា លុះ​នៅ​វេលា​ម៉ោង​០៣ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន​​​ចុះ​​ទៅ​ក្នុង​រោងចក្រ «​ហៃ​ស៊ី​ង​» ខាងលើ (កន្លែងកើតហេតុ) ដើម្បី​ធ្វើ​​កំណត់​ហេតុ តែ​ត្រូវ​ខាង​រោងចក្រ​​មិន​ព្រម​សហការ​ទេ ដោយ​ប្រាប់​ថា ខាង​​រដ្ឋបាល​មិន​នៅ ។ ទោះបីជា​យ៉ាងណា ករណី​នេះ​ត្រូវ​គេ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​​សម្របសម្រួល​ជាមួយ​ក្រុម​សាច់ញាតិ​ដោយ​បញ្ជូន​សព​ជន​រង​គ្រោះ​ទៅ​ស្រុក​កំណើត​ហើយ​ ។