សមាជិក​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ​ជាង​100​នាក់​ចូលរួម​បរិច្ចាគ​ឈាម

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា សមាជិក​សមាជិកា​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​និង​ពលរដ្ឋ​ស្ម័គ្រចិត្ត​សរុប​ជាង​១០០​នាក់ មក​ពី​តាម​សង្កាត់​ទាំង​៤​ក្នុង​ខណ្ឌ បាន​រួម​គ្នា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ចូលរួម​ចំណែក​បំពេញតម្រូវការ​ខ្វះខាត​ឈាម​ដល់​ជន​រង​គ្រោះ​ដោយសារ​ជំងឺ​នានា ដែល​កំពុង​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​អាយុជីវិត ។

ពិធី​បរិច្ចាគ​ឈាម​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​ចាក់​អង្រែ​ក្រោម តាម​ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌមានជ័យ ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ ឡោក ខេ​ង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ ព្រមទាំង​សមាជិក​សមាជិកា​ដែល​ស្ម័គ្រចិត្ត​ជាង​១០០​នាក់ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ មាន​ប្រសាសន៍​ថា ការ​បរិច្ចាគ​ឈាម​របស់​បងប្អូន​នៅ​ពេល​នេះ គឺជា​ការ​រួមចំណែក​ក៏​ដូច​ជា​ការ​ចែករំលែក​នូវ​សន្តាន​ចិត្ត​ដ៏​ធំធេង​បំផុត ក្នុង​ការ​ចូលរួម​បំពេញ​នូវ​កង្វះខាត​ឈាម​នា​ពេល​បច្ចុប្បន្ន ដែល​អ្នកជំងឺ​យ៉ាងច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវការ​ចាំបាច់​ក្នុង​ការ​ព្យាបាល និង​សង្គ្រោះ​អាយុជីវិត​របស់​ពួក​គាត់ ។

លោក​ជំទាវ ឡោក ខេ​ង មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន​ប្រឈម​យ៉ាង​ខ្លាំង​នឹង​កង្វះខាត​ឈាម​ទៅ​តាម​ប្រភេទ​នៃ​ឈាម​នីមួយ​ៗ ដោយ​ក្នុង​ថ្ងៃ​ៗ​កម្ពុជា​ត្រូវការ​ឈាម​មិន​ក្រោម​ពី​២០០​ប្លោក​ជា​អតិបរមា ។ ដោយឡែក​សម្រាប់​តែ​រាជធានី​ភ្នំពេញ គឺ​ត្រូវការ​ឈាម​ចំនួន​១៦០​ប្លោក​ដើម្បី​យក​មក​សង្គ្រោះ​អាយុជីវិត​ជន​រង​គ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ផ្សេង​ៗ ហើយ​បណ្តាល​ឱ្យ​បាត់បង់​ឈាម​ដូច​ជា គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ណាមួយ ឬ​ជំងឺលើសឈាម ឈាមស​ស៊ី​ឈាមក្រហម និង​ជំងឺ​រុំ​ា​រៃ​៉​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​អាច​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​ឈាម ឬ​ត្រូវការ​ផ្លាស់​ប្តូរ​ឈាម​ជាដើម ។

ក្រុម​គ្រូពេទ្យ​បាន​ថ្លែង​ទៅ​កាន់​បងប្អូន​ដែល​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ថា  ការ​បរិច្ចាគ​ឈាម​នេះ​គឺ​មិន​មាន​ប៉ះពាល់​អ្វី​ដល់​សុខភាព​របស់​បងប្អូន​ទេ ព្រោះ​មុន​ពេល​គ្រូពេទ្យ​ធ្វើការ​បូម​ឈាម​របស់​បងប្អូន គឺ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​មើល​យ៉ាង​ច្បាស់លាស់​ពី​សុខភាព​របស់​បងប្អូន​ថា​តើ​អាច​ធ្វើការ​បូម​បាន​ឬ​មិន​បាន ។ ដូច្នេះ​ហើយ ក្រោយ​ពេល​បរិច្ចាគ​ឈាម​ហើយ​នោះ សូម​បងប្អូន​ហូប​ទឹក​ឱ្យ​បាន​ច្រើន បន្ថែម​ចំណីអាហារ​បន្តិចបន្តួច និង​សម្រាក​ក្នុង​រយៈពេល​គួរសម​នោះ សុខភាព​នឹង​វិល​ត្រឡប់​មក​រក​សភាព​ដើម​វិញ មិន​មាន​អ្វី​ខុស​ប្រក្រតី​នោះ​ទេ ៕