បាក់ស្រុតដីនៅក្បែររបងស្តាតអូឡាំពិក​ ក្រោយភ្លៀងមួយមេធំ​

យ៉ាងតិចរថយន្តបីគ្រឿងរងការខូចខាតដោយសារបាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិក នៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយមានភ្លៀងមួយមេធំនៅរសៀលថ្ងៃពុធនេះ។

បាក់ស្រុតដីនៅក្បែររបងស្តាតអូឡាំពិក​ ក្រោយភ្លៀងមួយមេធំ​

ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានចាប់ផ្តើមតាំងពីម៉ោងប្រមាណ១២និង៤០នាទី បានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ អ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបភាពបាក់ដីនៅជាប់របងស្តាតអូឡាំពិក ដោយក្នុងនោះមានរថយន្តបីគ្រឿងបានធ្លាក់ចូល ពេលស្រុតដី។ ចំណែកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រថយន្តបីគ្រឿងរងការខូចខាត បន្ទាប់ពីដើមឈើធំមួយដើមបានបាក់សង្កត់លើ ពេលមានភ្លៀងធ្លាក់។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក  មាន ចាន់យ៉ាដា មានប្រសាសន៍ថាលោកបានទទួលព័ត៌មានថាមានបាក់ស្រុតដីនិងបាក់ដើមឈើមួយចំនួន។ ទោះជាយ៉ាងណា លោកថាមិនទាន់អាចជម្រាបពីទិន្នន័យនៃការខូចខាតឲ្យពិតប្រាកដនោះទេ។លោកបញ្ជាក់ថាមន្ទីរសាធារណការរាជធានីភ្នំពេញប្រមូលទិន្នន័យនិងត្រួតពិនិត្យ។

អ្នកនាំពាក្យក្រសួងសាធារណការ លោក វ៉ា ស៊ឹមសូរិយា មានប្រសាសន៍ថាលោកមិនទាន់ទទួលរបាយការណ៍ជាក់លាក់ពីការបាក់ដីស្រុតនោះទេ ដោយបង្វែរសំណួរនេះទៅសាលារាជធានីភ្នំពេញនិងមន្ទីរសាធារណការក្រុងវិញ។

គួរបញ្ជាក់ថានៅជុំវិញស្តាតអូឡាំពេកផ្នែកខាងកើត មានសំណង់មួយចំនួនកំពុងតែស្ថាបនា៕

បាក់ស្រុតដីនៅក្បែររបងស្តាតអូឡាំពិក​ ក្រោយភ្លៀងមួយមេធំ​រថយន្តរងការខូចខាត ដោយសារបាក់ដើមឈើសង្កត់លើ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(រូបថតដោយម៉ៅ មង្គលរង្សី)

ប្រភពៈ VOD