ប៉ូលិស​ខេត្ត​មណ្ឌលគិរី​ដោះ​លែង​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​បន្ទាប់​ពី​សន្យា​ឈប់​ដើរ​ប្រមូល​ស្នាម​មេដៃ

អាជ្ញាធរ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​អស់​រយៈពេល​ពីរ​ម៉ោង ក្នុង​បទ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ ក៏ប៉ុន្តែ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​សកម្មជន​នោះ​ធ្វើ​លិខិត​សន្យា​បញ្ឈប់​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​មណ្ឌលគិរី ហៅ​ការ​ឃាត់​ខ្លួន​សកម្មជន​ក្នុង​រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ ថា​ជា​ចេតនា​បំភិត​បំភ័យ​គំរាម​កំហែង​ស្មារតី​ពលរដ្ឋ ទាក់ទិន​បញ្ហា​នយោបាយ។

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេម៉ង់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​ឃាត់​ខ្លួន​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​មេម៉ង់ គឺ​អ្នកស្រី ឆក លីសា ខណៈ​សកម្មជន​រូប​នេះ​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​ញត្តិ​ថ្វាយ​ជូន​ព្រះមហាក្សត្រ សុំ​ព្រះរាជ​អន្តរាគមន៍ឲ្យ​តុលាការ​ដោះ​លែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​មន្ត្រី​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​រង​ការ​ចោទ​ប្រកាន់ និង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​ទី​១ គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី លោក ឃុំ កាន បញ្ជាក់​ថា នេះ​ជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ក្នុង​ការ​សម្ដែង​ឆន្ទៈ​ដោយ​ស្ម័គ្រ​ចិត្ត។ លោក​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អំពើ​រំលោភ​ច្បាប់៖ «សោកស្ដាយ​ដែល​អាជ្ញាធរ​ធ្វើ​ខុស​នីតិវិធី។ អ៊ីចឹង​បាន​ន័យ​ថា​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច»

ជុំវិញ​ការ​ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នេះ នាយ​នគរបាល​ប៉ុស្តិ៍​មេម៉ង់ លោក នឿន ខាន់ បដិសេធ​មិន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី ទេ។ លោក​ជំរុញ​ឲ្យ​សួរ​រឿង​នេះ​ទៅ​ស្នងការ​ប៉ូលិស​ខេត្ត៖ «បង​ឯង​ចង់​ដឹង​សួរ​ទៅ​លោក​ស្នងការ។ ខ្ញុំ​រាយការណ៍​ទៅ​ស្នងការ​អស់​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក តូច យន់ ដើម្បី​បញ្ជាក់​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ដោយសារ​ទូរស័ព្ទ​លោក​គ្មាន​អ្នក​ទទួល​ការ​ហៅ​ចូល។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​មេម៉ង់ អ្នកស្រី ឆក លីសា ត្រូវ​បាន​ប៉ូលិស​ដោះ​លែង​មក​វិញ​ពីរ​ម៉ោង​ក្រោយ​ការ​ចាប់​ខ្លួន បន្ទាប់​ពី​ប៉ូលិស​តម្រូវ​ឲ្យ​អ្នកស្រី​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា ឈប់​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាជន​ត​ទៅ​ទៀត។ អ្នកស្រី​បញ្ជាក់​ថា ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ គឺ​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​ប៉ូលិស​ចាត់​ទុក​ការ​ដើរ​ផ្ដិត​មេដៃ​នេះ ថា​ជា​ទង្វើ​ខុស​ច្បាប់«គេ​យក​អស់​ហើយ គេ​ឆែក​ឯកសារ​ក្នុង​កាតាប​ខ្ញុំ​ទៀត។ គេ​ថត​រូប​ខ្ញុំ និង​អត្តសញ្ញាណប័ណ្ណ ហើយ​ខ្ញុំ​ធ្វើ​កិច្ចសន្យា ហើយ​គេ​ថត​ទុក​របស់​គេ​ទៀត»

កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ប៉ូលិស​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ក៏​បាន​កោះ​ហៅ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ៤​នាក់ ឲ្យ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់​ពី​ពួក​គេ​ដឹក​នាំ​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​លើក​បដា​បង្ហោះ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ការ​លើក​បដា​ទាមទារ និង​ការ​ដើរ​ប្រមូល​ស្នាម​មេដៃ គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​សកម្មជន​បក្ស​នយោបាយ​ដែល​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​បុគ្គល​សាធារណៈ ឬ​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ណា​ឡើយ។ លោក​ចាត់​ទុក​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សមត្ថកិច្ច​នៃ​គណបក្ស​កាន់​អំណាច ថា​ជា​ការ​រើសអើង​នយោបាយ៖ «អា​ហ្នឹង​ហើយ​វា​ជា​សញ្ញាណ​មួយ​ដែល​យើង​អាច​កត់​សម្គាល់​ឃើញ​ថា ការ​រើសអើង​នយោបាយ​កើន​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី»

កាល​ពី​ខែ​ឧសភា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​គាំទ្រ​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​បាន ២៦៦​ស្នាម​មេដៃ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា រហូត​បច្ចុប្បន្ន ការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​បាន ៨៨​នាក់​នៅ​ស្រុក​កោះញែក។ នេះ​មិន​ទាន់​រាប់​បញ្ចូល​បញ្ជី​ឈ្មោះ និង​ស្នាម​មេដៃ​អ្នក​គាំទ្រ​ញត្តិ​នៅ​បណ្ដា​ស្រុក​ផ្សេង​ទៀត ដែល​មិន​ទាន់​ផ្ញើ​មក​ដល់​ស្នាក់ការ​គណបក្ស​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។