លទ្ធផល​ធ្វើ​កោសល្យវិច័យ លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ជាង ១៧​ម៉ឺន​នាក់ នឹង​ចេញ​ឆាប់ៗ​នេះ​

ភ្នំពេញ:
​ការស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ លើ​ស្នាម​មេដៃ ប្រជាពលរដ្ឋ​ប្រមាណ ជាង ១៧​ម៉ឺន ស្នាម​មេដៃ ដែល​គណបក្ស​សង្គ្រោះ​ជាតិ យក​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍ គឺ​នឹង​បានដឹង​លទ្ធផល ជា​ជំហាន​ថា តើ​ស្នាម​មេដៃ​ទាំងនោះ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ ប៉ុន្មាន​ភាគរយ​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១៧ ម៉ឺន​ស្នាម​មេដៃ លើ​ញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ព្រះរាជអន្តរាគមន៍ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន បានអោយដឹងថា ទាក់ទង​ការស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ លើ​ស្នាម​មេដៃ ប្រជាពលរដ្ឋ​ប្រមាណ ជាង ១៧ ម៉ឺន ស្នាម​មេដៃ លើ​ញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ព្រះរាជអន្តរាគមន៍ គឺ​កិច្ចការ​ជំហាន​ដំបូង កំពុងតែធ្វើការ​ផ្ទៀងផ្ទាត់ ចំនួន​ឲ្យ​ស្របគ្នា ឬ​មិនទាន់​ស្របទៅនឹង​ឯកសារ ដែល​គេ​បញ្ជូនមក ពីព្រោះ​ចំនួន​វា​ច្រើន ដោយ​ប្រើពេល មួយថ្ងៃ​ពីរ​ទៀត​បាន​ហើយ​។​
 
​លោក​បាន​បញ្ជាក់ថា "​ចំពោះ​លទ្ធផល​នៃ ការស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ គឺ​ប្រហែលជា​ពីរ​ទៅ​បី​ថ្ងៃ​ទៀត ទើបបាន​ដឹង ពីព្រោះ​ការធ្វើ​កោសល្យវិច័យ​នេះ ទាមទារ​ឲ្យ​មានការ​ធ្វើ ឲ្យ​ហ្មត់ចត់​បន្តិច​"​។​

​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ លើ​ញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សមាសភាព​ដូចតទៅៈ​
១.​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រធាន​។ ២.​លោក​ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​បាល អនុប្រធាន​។ ៣.​នាយ​ឧ​ត្ត​ម​សេនីយ៍ ផាង ពៅ ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម អនុប្រធាន​។ ៤.​នាយ​ឧ​ត្ត​ម​ស​នី​យ៍ កង សុខន អគ្គស្នងការ​ង​នគរបាលជាតិ អនុប្រធាន​។ ៥.​នាយ​ឧ​ត្ត​ម​ស​នី​យ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង នគរបាលជាតិ សមាជិក​។ ៦.​ឧ​ត្ត​ម​សេនីយ៍​ទោ មួង សុធា ប្រធាន​នាយកដ្ឋាន នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ សមាជិក​។ ៧.​ស្នងការ​នគរបាល​រាជធានី ខេត្ត ជា​សមាជិក​។​

​គណៈកម្មការ​នេះ មាន​ភារកិច្ច ធ្វើ​កោសល្យវិច័យ​ស្នាម​ម​ដៃ នៅលើ​ញ្ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ស្រាវជ្រាវ​ផ្ទាល់ ពី​ប្រជាពលរដ្ឋ ដែល​បាន​ផ្តិតមេដៃ ចាត់វិធានការ​ជំនាញ​ផ្សេងៗ តាម​នីតិវិធី ដើម្បី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ ដើម្បី​ពិនិត្យ​សម្រេច​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ការប្រគល់ ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍ ពី​ព្រះមហាក្សត្រ គឺ​មានការ​បែកធ្លាយ នូវ​វីដេអូ​ឃ្លី​ប និង​ព័ត៌មាន​មួយចំនួន​ថា ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​មក​នោះ គឺជា​ការប្រមូល​មួយ ដែល​មិនបាន​បញ្ជាក់​ពី​ទិន្នន័យ និង​អត្តសញ្ញាណ ម្ចាស់​មេដៃ ឲ្យ​បានច្បាស់លាស់​នោះឡើយ​៕N​/S