បុគ្គលិក​ក្រុមហ៊ុន​ប្រេង​LHR​ម្នាក់​ រអិល​ជើង​ធ្លាក់​ពីលើ​ស៊ីទែន​ប្រេង​ស្លាប់​

បុគ្គលិក​ក្រុមហ៊ុន​ប្រេង​LHR​ម្នាក់​ រអិល​ជើង​ធ្លាក់​ពីលើ​ស៊ីទែន​ប្រេង​ស្លាប់​



ព្រះសីហនុ​ ៖ ​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​LHR ម្នាក់​ បាន​រអិល​ជើង​ធ្លាក់​ពីលើ​ស៊ីទែន​ប្រេង​បោក​ក្បាល​ស្លាប់​ ពេល​កំពុង​បំពេញការងារ។

ហេតុការណ៍​នេះ ​បាន​កើត​មានឡើង​នៅ​វេលា​ម៉ោង​៩​​ព្រឹក ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ឃ្លាំង​ស្តុក​ប្រេង LHR ស្ថិតនៅ​ក្រុម​៦ ​ភូមិ​១ ​ឃុំ​កំពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ​ឈ្មោះ ផ សោភ័ណ ភេទ​ប្រុស អាយុ​២២ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុន​ប្រេង​LHR​ ទទួលបន្ទុក​កិប​ស៊ីល​ស៊ីទែន​ប្រេង ​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅក្នុង​ក្រុមហ៊ុន ​និង​មា​ន​ស្រុកកំណើត​ភូមិ​បុសស្បូវ ឃុំ​បុសស្បូវ ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ករណី​គ្រោះថ្នាក់​រហូតដល់​ស្លាប់​នេះ ​បាន​កើតឡើង​ ដោយសារតែ​ការ​ធ្វេសប្រហែស​ក្នុង​ពេល​បំពេញការងារ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនរងគ្រោះ​បាន​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ​ ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​ ក្រោយ​ពេល​បញ្ជូន​មកដល់​មណ្ឌល​សុខភាព​ស្រុក​ស្ទឹងហាវ​។​

បច្ចុប្បន្ន​ សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​។​ ភ្លាមៗ​នេះ ​គេ​មិនទាន់​ដឹង​ថា ​ករណី​ខាង​លើ​នេះ​ ភាគី​ក្រុមហ៊ុន​ដោះស្រាយ​ជាមួយ​ក្រុម​គ្រួ​សារ​ជនរងគ្រោះ​ ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕​